បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ស្នើ​ប្រទេស​ឡាវ វាយតម្លៃ​ពី​ផលប៉ះពាល់​ឱ្យបាន​លម្អិត​លើ​គម្រោង​វា​រី​អគ្គិសនី​ហ្លួងព្រះបាង

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ បណ្តា​ប្រទេស​ដែល​ស្ថិត​នៅជាប់​ដង​ទន្លេមេគង្គ រួមមាន​ប្រទេស​កម្ពុជា ថៃ និង​ប្រទេស​វៀតណាម បានស្នើ​ឱ្យ​ភាគី​នៃ​ប្រទេស​ឡាវ បានធ្វើការ​វាយតម្លៃ​ផលប៉ះពាល់​ឆ្លងដែន​ឱ្យបាន​ហ្មត់ចត់ លើ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ហ្លួងព្រះបាង មាន​កម្លាំង១៤៦០មេ​ហ្គា​វ៉ា​ត់។

នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​នៅ​ដើម​សប្ដាហ៍​នេះ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដែល​ផ្ញើលិខិត​ទៅ​រដ្ឋាភិបាល​ឡាវ​បាន​បញ្ជាក់ថា ការវាយតំ​លៃ​ផលប៉ះពាល់​បរិស្ថាន​ឆ្លងដែន​បន្ថែមទៀត គួរតែ​ត្រូវបាន​ធ្វើឡើង​ដោយ​ពិចារណា​លើ​ផែនការ និង​វិធានការ​កាត់បន្ថយ​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ទៅលើ​បរិស្ថាន គុណភាព​ទឹក លំហូរ​ទឹក ផល​នេសាទ ដំណាំ​កសិកម្ម និង​ជីវភាព​របស់​ប្រជាពលរដ្ឋ នៅតាម​ដង​ទន្លេ​នៅ​ផ្នែក​ខាងក្រោម​ជាដើម។

រដ្ឋមន្ត្រី​ធនធានទឹក​របស់​ប្រទេស​ថៃ បាន​លើកឡើងថា ភាគី​ឡាវ និង​អ្នក​អភិវឌ្ឍន៍​គម្រោង គួរតែ​កំណត់​វិធានការ​កាត់បន្ថយ​ផលប៉ះពាល់​ឆ្លងដែន ទាក់ទង​នឹង​សេដ្ឋកិច្ចសង្គម​ការរស់នៅ និង​បរិស្ថាន។

ដូចគ្នានេះ​ផងដែរ គណៈកម្មាធិការ​ជាតិ​នៃ​ទន្លេមេគង្គ របស់​ប្រទេស​វៀតណាម បាន​លើកសំណើ​ថា ផលប៉ះពាល់​ជា​បន្តបន្ទាប់ នៃ​គម្រោង​វា​រី​អគ្គិសនី​ហ្លួងព្រះបាង និង​គម្រោង​វា​រី​អគ្គិសនី​មេគង្គ​ទាំងអស់ គួរតែ​ត្រូវបាន​វាយតម្លៃ​ឲ្យ​បាន​ទូលំទូលាយ។ ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន សម្រាប់​គម្រោង​វា​រី​អគ្គិសនី​ហ្លួងព្រះបាង បានធ្វើ​ឡើង​ចំពេល​មាន​បញ្ហា​ប្រឈមធំៗ សម្រាប់​កិច្ចសហប្រតិបត្តិការ​មេគង្គ ជាពិសេស​អ្វីដែល​គួរកត់សម្គាល់​ឱ្យថ្មីៗនេះ គឺ​កម្រិត​ទឹកទន្លេ​មេគង្គ​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង។

ទំនប់​វា​រី​អគ្គិសនី​ហ្លួងព្រះបាង គ្រោង​សាងសង់​នៅ​ចម្ងាយ​ប្រហែល២៥គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​ហ្លួងព្រះបាង​ប្រទេស​ឡាវ ដោយ​ទំនប់​នេះ​មាន​ប្រវែង២៧៥ម៉ែត្រ កម្ពស់៨០ម៉ែត្រ និង​ទទឹង​មុខកាត់៩៧ម៉ែត្រ ក្រោម​ការផ្ដល់​សិទ្ធិ​ទៅ​ក្រុមហ៊ុន​វៀតណាម​មួយ​ឱ្យ​សាងសង់​តាំងពី​ឆ្នាំ២០០៧ ប៉ុន្តែ​រដ្ឋាភិបាល​ឡាវ​ទើបតែ​ជូនដំណឹង ទៅ​គណៈកម្មការ​ទន្លេមេគង្គ (MRC) អំពី​គម្រោង​សាងសង់​ទំនប់ វា​រី​អគ្គិសនី​កម្លាំង១៤៦០មេ​ហ្កា​វ៉ា​ត់​មួយ​នេះ កាលពី​ខែតុលា ឆ្នាំ២០១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here