ប្រតិភូ​ខេត្ត​យូ​ណា​នត្រៀម​ពន្លឿន​ការសាងសង់​អាកាសយាន​ដ្ឋាន​ថ្មី​ខេត្តសៀមរាប​ប្រព្រឹត្តទៅ​ដោយ​រលូន​

0

ដោយ ​វុត្ថា​

ខេត្ត​សៀម​រា​បៈ​ គណៈប្រតិភូ​នៃ​ខេត្ត​យូ​ណាន​ បាន​ស្នើ​ដល់​រដ្ឋបាល​ខេត្តសៀមរាប​ជួយ​សម្របសម្រួល​អោយ​មានការ​ផ្គត់ផ្គង់​ទឹក​ ភ្លើង​ បណ្តាញ​លូ​បង្ហូរទឹក​ខ្វក់​ និង​ប្រពន្ធ​ទូរគមនាគមន៍​ ដើម្បី​ឱ្យ​ដំណើរការ​សាងសង់​អាកាសយាន​ដ្ឋាន​សៀម​អង្គរ​ថ្មី​ ប្រព្រឹត្តទៅ​ដោយ​រលូន​។

លោក​ Zhang​ Huohua​ អភិបាលរងខេត្ត​យូ​ណាន​ នៃ​សាធារណៈ​រដ្ឋ​ ប្រជាមានិត​ចិន​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ លី​ សំរិទ្ធ​ អភិបាលរងខេត្ត​សៀមរាប​នៅ​ថ្ងៃទី៣​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ កិច្ច​ជំនួប​ពិភាក្សា​នេះ​ រៀបចំឡើង​ក្នុង​គោលបំណង​ពិភាក្សា​ អំពី​គម្រោង​សាងសង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​ អង្គរ​ ការ​ពង្រឹង​ និង​ពង្រីក​ចំណង​សម្ព័ន្ធ​មេត្រីភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ខេត្ត​ទាំងពីរ​ និង​ការ​ប្រគល់​រថយន្ត​បោសសំអាត​ក្រុង​ ជូន​រដ្ឋបាល​ខេត្តសៀមរាប​។

លោក​បន្ត​ថា​ “ក្រៅពី​គម្រោង​សាងសង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ សៀមរាប​ អង្គរ​ ជា​គម្រោង​ដែល​ធំជាង​គេ​ ខេត្ត​យូ​ណាន​ តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប​ យើង​មាន​គម្រោង​ជា​ច្រើ​ងទៀត​ ដែល​គម្រោង​ទាំងនេះ​បាន​នឹង​កំពុង​ដំណើរការ​ផង​ដែរ​”។

លោក​បន្ថែម​ថា​ ម្យ៉ាងវិញទៀត​ប្រតិភូ​ខេត្ត​យូ​ណាន​ ក៏បាន​ស្នើរ​ដ្ឋ​បាល​ខេត្ត​សម្របសម្រួល​ ដល់​ការនាំចូល​សម្ភារៈ​ផ្សេង​ៗ និង​ការផ្ទេរ​ទីតាំង​ពី​អាកាសយាន​ដ្ឋាន​ចាស់​ មក​អាកាសយាន​ដ្ឋាន​ថ្មី​ផង​ដែរ​”។

លោក​លី​ សំរិទ្ធ​ អភិបាលរងខេត្ត​សៀមរាប​បាន​មានប្រសាសន៍​ថា​ សំណើ​របស់​គណៈ​ប្រតិ​ភូម​មួយចំនួន​ គឺ​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ថ្នាក់​ជាតិ​ និង​ខ្លះទៀត​ជា​សមត្ថកិច្ច​របស់​ថ្នាក់ក្រោម​ជាតិ ​(ថ្នាក់​ខេត្ត​) តែ​ទោះជាយ៉ាងណា​ រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​តម្រង់​ទិស​ ការងារ​សាងសង់​អាកាសយាន​ដ្ឋាន​អន្តជាតិ​សៀមរាប​ អង្គរ​ ដែល​គណៈកម្មការ​នេះ​បាន​ និង​កំពុង​សិក្សា​លើ​គម្រោង​នេះ​យ៉ាងសកម្ម​។ ទន្ទឹម​នឹង​នេះ​ រដ្ឋបាល​ខេត្ត​ក៏បាន​បង្កើត​អនុគណៈ​កម្មការ​ថ្នាក់​ខេត្ត​មួយ​ផង​ដែរ​ ដើម្បី​សហការ​ធ្វើ​កិច្ចការ​នេះ​។

លោក​បន្ត​ថា​ “នេះ​ជា​គម្រោង​មួយ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​បានដឹង​ ហើយ​ពួកគាត់​ក៏បាន​អបអរសាទរ​យ៉ាង​ខ្លាំង​ ដែល​គម្រោង​នេះ​ នឹង​ជួយ​ជម្រុ​ញដល់​ការ​លើកកម្ពស់​សេដ្ឋកិច្ច​សង្គម​ ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ ក៏ដូចជា​ទូទាំង​ព្រះរាជា​នាច​ក្រ​កម្ពុជា​”។

លោក​ Zhang​ Huohua ​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​ គម្រោង​នេះ​ក៏​ជា​គម្រោង​មួយ​ដ៏​មាន​សារសំខាន់​ សម្រាប់​ប្រជា​នជន​ខេត្ត​យូ​ណាន​ផង​ដែរ​ ហើយនឹង​ខិតខំ​គៀង​គរ​វិនិយោគិន​ និង​ក្រុមហ៊ុន​ សហគ្រាស​ ទាំង​ធំ​ទាំង​តូច​ ដើម្បី​មក​ធ្វើការ​វិនិយោគ​នៅ​ខេត្តសៀមរាប​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here