ដោយ វុត្ថា
ខេត្តសៀមរាបៈ គណៈប្រតិភូនៃខេត្តយូណាន បានស្នើដល់រដ្ឋបាលខេត្តសៀមរាបជួយសម្របសម្រួលអោយមានការផ្គត់ផ្គង់ទឹក ភ្លើង បណ្តាញលូបង្ហូរទឹកខ្វក់ និងប្រពន្ធទូរគមនាគមន៍ ដើម្បីឱ្យដំណើរការសាងសង់អាកាសយានដ្ឋានសៀមអង្គរថ្មី ប្រព្រឹត្តទៅដោយរលូន។
លោក Zhang Huohua អភិបាលរងខេត្តយូណាន នៃសាធារណៈរដ្ឋ ប្រជាមានិតចិន នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាបនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៩ នេះបានឱ្យដឹងថា កិច្ចជំនួបពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សា អំពីគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ការពង្រឹង និងពង្រីកចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ និងការប្រគល់រថយន្តបោសសំអាតក្រុង ជូនរដ្ឋបាលខេត្តសៀមរាប។
លោកបន្តថា “ក្រៅពីគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប អង្គរ ជាគម្រោងដែលធំជាងគេ ខេត្តយូណាន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តសៀមរាប យើងមានគម្រោងជាច្រើងទៀត ដែលគម្រោងទាំងនេះបាននឹងកំពុងដំណើរការផងដែរ”។
លោកបន្ថែមថា ម្យ៉ាងវិញទៀតប្រតិភូខេត្តយូណាន ក៏បានស្នើរដ្ឋបាលខេត្តសម្របសម្រួល ដល់ការនាំចូលសម្ភារៈផ្សេងៗ និងការផ្ទេរទីតាំងពីអាកាសយានដ្ឋានចាស់ មកអាកាសយានដ្ឋានថ្មីផងដែរ”។
លោកលី សំរិទ្ធ អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថា សំណើរបស់គណៈប្រតិភូមមួយចំនួន គឺស្ថិតក្នុងសមត្ថកិច្ចរបស់ថ្នាក់ជាតិ និងខ្លះទៀតជាសមត្ថកិច្ចរបស់ថ្នាក់ក្រោមជាតិ (ថ្នាក់ខេត្ត) តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការតម្រង់ទិស ការងារសាងសង់អាកាសយានដ្ឋានអន្តជាតិសៀមរាប អង្គរ ដែលគណៈកម្មការនេះបាន និងកំពុងសិក្សាលើគម្រោងនេះយ៉ាងសកម្ម។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏បានបង្កើតអនុគណៈកម្មការថ្នាក់ខេត្តមួយផងដែរ ដើម្បីសហការធ្វើកិច្ចការនេះ។
លោកបន្តថា “នេះជាគម្រោងមួយដែលប្រជាពលរដ្ឋកម្ពុជាបានដឹង ហើយពួកគាត់ក៏បានអបអរសាទរយ៉ាងខ្លាំង ដែលគម្រោងនេះ នឹងជួយជម្រុញដល់ការលើកកម្ពស់សេដ្ឋកិច្ចសង្គម ដើម្បីអភិវឌ្ឍន៍ខេត្ត ក៏ដូចជាទូទាំងព្រះរាជានាចក្រកម្ពុជា”។
លោក Zhang Huohua បានបន្តឲ្យដឹងទៀតថា គម្រោងនេះក៏ជាគម្រោងមួយដ៏មានសារសំខាន់ សម្រាប់ប្រជានជនខេត្តយូណានផងដែរ ហើយនឹងខិតខំគៀងគរវិនិយោគិន និងក្រុមហ៊ុន សហគ្រាស ទាំងធំទាំងតូច ដើម្បីមកធ្វើការវិនិយោគនៅខេត្តសៀមរាបនេះ៕