ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្របពេលដែលរដ្ឋាភិបាលកំពុងតែសម្រុកស្ថាបនាផ្លូវជាតិលេខ៣ឱ្យកាន់តែមានភាពល្អប្រសើរ និងគ្រោងបញ្ចប់នៅត្រឹមឆ្នាំ២០២១ បច្ចុប្បន្នមានបណ្តាក្រុមហ៊ុនអភិវឌ្ឍវិស័យលំនៅដ្ឋានកម្រិតមធ្យម បាននាំគ្នាសម្រុកទៅធ្វើការវិនិយោគជាបន្តបន្ទាប់ ដែលកាន់តែជំរុញឱ្យតំបន់មួយនេះកាន់តែមានសក្ដានុពល។
សម្រាប់ផ្លូវជាតិលេខ៣ រាប់ចាប់គិតពីចម្ងាយប្រមាណ៣គីឡូម៉ែត្រពីរង្វង់មូលចោមចៅ ក្រៅពីគម្រោងដីឡូតិ៍ដែលស្ថិតអមសងខាងផ្លូវ គេឃើញមានគម្រោងអភិវឌ្ឍលើវិស័យសំណង់ជាច្រើន ដូចជាគម្រោងឃ្លាំង រោងចក្រ ផែស្ងួត ជាពិសេសគម្រោងអភិវឌ្ឍវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមតែម្ដង។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Show Up Real Estate Co,.Ltd លោក អ៊ិន ណាង ដែលទទួកបានសិទ្ធិលក់ផ្តាប់មុខលើគម្រោងអភិវឌ្ឍលំនៅដ្ឋានបែបប្រណីតដែលមានទីតាំងនៅជាប់ផ្លូវជាតិលេខ៣ ក្នុងខេត្តកណ្តាលបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះថា បើប្រៀបធៀបគម្រោងអភិវឌ្ឍក្នុងវិស័យសំណង់ ជាពិសេសវិស័យលំនៅដ្ឋានកម្រិតមធ្យមតែម្ដង តំបន់ផ្លូវជាតិលេខ៣គឺមានតម្រូវការច្រើន។
លោកបានបន្តទៀតថា “ហេតុផលដែលជំរុញឱ្យបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ចាប់អារម្មណ៍ និងងាកទៅវិនិយោគនៅតំបន់នេះក៏ព្រោះតែគេសម្លឹងឃើញច្បាស់ពីសក្តានុពលនៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគតដ៏ខ្លីខាងមុខនេះផងដែរ”។
លោកបន្តថា “ក្រៅពីមានភាពអំណោយផលលើវិស័យហេដ្ឋានសម្ព័ន្ធដែលរាជរដ្ឋាភិបាលកំពុងតែជំរុញល្បឿនក្នុងការស្ថាបនា ដើម្បីផ្តល់ងាយស្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូននោះ តំបន់ផ្លូវជាតិលេខ៣ក៏មានគម្រោងរោងចក្រ និងវិស័យឃ្លាំងជាច្រើនដែលត្រូវបានរើចេញពីតរាជធានីភ្នំពេញទៅតាំងនៅតំបន់ទាំងនេះ។ ហេតុផលទាំងអស់នេះហើយ បានជំរុញឱ្យតម្រូវការដីធ្លីនៅតំបន់នេះមានកំណើនឡើង និងធ្វើឱ្យតម្លៃដីឡើងថ្លៃជាបន្តបន្ទាប់”។
លោកបញ្ជាក់ថា “ចំពោះលំនៅដ្ឋានដែលសាងសង់ថ្មីៗ ដែលស្ថិតចុះពីផ្លូវជាតិប្រមាណ ១គីឡូម៉ែត្រ អាចលក់បានក្នុងតម្លៃចាប់ពី៥ម៉ឺនដុល្លារឡើងទៅក្នុងមួយល្វែង ដោយឡែងសម្រាប់លំនៅដ្ឋានដែលស្ថិតនៅជាប់ផ្លូវជាតិ គឺមានតម្លៃចាប់ពី១៥ម៉ឺនដុល្លារឡើងទៅក្នុងមួយល្វែង”។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បានទទួលស្គាល់នៅកំណើននៃតម្រូវការប្រើប្រាសន៍ដីនៅតាមបណ្តោយផ្លូវជាតិលេខ៣ ដោយលោកបានមានប្រសាសន៍ថា “ផ្លូវជាតិលេខ៣ កំពុងតែមានសក្តានុពលលើវិស័យសំណង់ ការអភិវឌ្ឍន៍គម្រោងលំនៅឋាន រោងចក្រ និងអគារពាណិជ្ជកម្មជាច្រើន”។
លោកបន្តថា “នៅតាមបណ្តោយផ្លូវជាតិនេះ រាប់ពីគីឡូម៉ែត្រទី១០ទៅ២០ គីឡូ ម៉ែត្រចេញពីរង្វង់មូលចោមចៅ មានគម្រោងសាងសង់លំនៅឋានធំៗចំនួន៤ទៅ៥ គម្រោងជាច្រើនបានឹងកំពុងវិនិយោគដោយអ្នកវិនិយោគក្នុងស្រុក ដែលអ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍបានទិញតាំងពីតម្លៃដីធូថ្លៃ កាលពីផ្លូវគេមិនទាន់បានធ្វើការជុសជួល”។
លោកបន្ថែមថា “ស្របពេលដែលផ្លូវជាតិលេខ៣ បាន និងកំពុងស្ថាបនាឡើងវិញ គម្រោងរោងចក្រ គម្រោងសំណង់ឃ្លាំង និងគម្រោងផែស្ងួតជាច្រើន ដែលទៅតាំងនៅតំបន់នេះ វានឹងជំរុញឱ្យមានការសាងសង់លំនៅឋានទៅដោយស្វ័យប្រវត្តិ ដោយសារតែតំបន់មានសេដ្ខកិច្ច មានកំណើនប្រជាជនរស់នៅច្រើន គឺមានតម្រូវការស្នាក់នៅ”៕