ផ្លូវជាតិ​លេខ៣​ កំពុង​ទាក់ទាញ​ការ​វិនិយោគ​លំនៅ​ដ្ឋាន​កាន់តែ​ច្រើន

0

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ស្រប​ពេល​ដែល​រដ្ឋាភិបាល​កំពុងតែ​សម្រុក​ស្ថាបនា​ផ្លូវជាតិ​លេខ៣ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ និង​គ្រោង​បញ្ចប់​នៅ​ត្រឹម​ឆ្នាំ២០២១​ បច្ចុប្បន្ន​មាន​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ បាន​នាំគ្នា​សម្រុក​ទៅ​ធ្វើការ​វិនិយោគ​ជាបន្តបន្ទាប់​ ដែល​កាន់តែ​ជំរុញ​ឱ្យ​តំបន់​មួយ​នេះ​កាន់តែ​មាន​សក្ដានុពល​។

សម្រាប់​ផ្លូវជាតិ​លេខ៣​ រាប់​ចាប់​គិត​ពី​ចម្ងាយ​ប្រមាណ៣គីឡូម៉ែត្រ​ពី​រង្វង់​មូល​ចោមចៅ​ ក្រៅពី​គម្រោង​ដី​ឡូ​តិ៍​ដែល​ស្ថិត​អម​សងខាង​ផ្លូវ​ គេ​ឃើញ​មាន​គម្រោង​អភិវឌ្ឍ​លើ​វិស័យ​សំណង់​ជាច្រើន​ ដូចជា​គម្រោង​ឃ្លាំង​ រោងចក្រ​ ផែស្ងួត​ ជាពិសេស​គម្រោង​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​តែម្ដង​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Show​ Up​ Real​ Estate​ Co​,.Ltd​ លោក​ អ៊ិ​ន ណាង​ ដែល​ទទួ​កបាន​សិទ្ធិ​លក់​ផ្តាប់​មុខ​លើ​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​បែប​ប្រណីត​ដែល​មាន​ទីតាំងនៅ​ជាប់​ផ្លូវជាតិ​លេខ៣​ ក្នុង​ខេត្តកណ្តាល​បាន​មាន​ប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ថា​ បើ​ប្រៀបធៀប​គម្រោង​អភិវឌ្ឍ​ក្នុង​វិស័យ​សំណង់​ ជាពិសេស​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​តែម្ដង​ តំបន់​ផ្លូវជាតិ​លេខ៣គឺ​មាន​តម្រូវការ​ច្រើន​។

លោក​បាន​បន្ត​ទៀត​ថា​ “ហេតុផល​ដែល​ជំរុញ​ឱ្យ​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចាប់អារម្មណ៍​ និង​ងាក​ទៅ​វិនិយោគ​នៅ​តំបន់​នេះ​ក៏​ព្រោះតែ​គេស​ម្លឹង​ឃើញច្បាស់​ពី​សក្តា​នុ​ពល​នៅពេល​បច្ចុប្បន្ន​ ក៏ដូចជា​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​ផង​ដែរ​”។

លោក​បន្ត​ថា​ “ក្រៅពី​មាន​ភាព​អំណោយផល​លើ​វិស័យ​ហេ​ដ្ឋាន​សម្ព័ន្ធ​ដែល​រាជរដ្ឋាភិបាល​កំពុងតែ​ជំរុញ​ល្បឿន​ក្នុង​ការស្ថាបនា​ ដើម្បី​ផ្តល់​ងាយស្រួល​ដល់​ការ​ធ្វើដំណើរ​ និង​ដឹកជញ្ជូន​នោះ​ តំបន់​ផ្លូវជាតិ​លេខ៣ក៏​មាន​គម្រោង​រោងចក្រ​ និង​វិស័យ​ឃ្លាំង​ជាច្រើន​ដែល​ត្រូវ​បាន​រើចេញ​ពី​តរាជធានី​ភ្នំពេញ​ទៅ​តាំងនៅ​តំបន់​ទាំងនេះ​។ ហេតុផល​ទាំងអស់​នេះ​ហើយ​ បាន​ជំរុញ​ឱ្យ​តម្រូវការ​ដីធ្លី​នៅ​តំបន់​នេះ​មាន​កំណើន​ឡើង​ និង​ធ្វើ​ឱ្យ​តម្លៃ​ដី​ឡើងថ្លៃ​ជាបន្តបន្ទាប់​”។

លោក​បញ្ជាក់​ថា​ “ចំពោះ​លំនៅ​ដ្ឋាន​ដែល​សាង​សង់​ថ្មី​ៗ ដែល​ស្ថិត​ចុះពី​ផ្លូវជាតិ​ប្រមាណ​ ១គីឡូម៉ែត្រ​ អាច​លក់​បាន​ក្នុង​តម្លៃ​ចាប់ពី៥ម៉ឺន​ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ល្វែង​ ដោយ​ឡែ​ងសម្រាប់​លំនៅ​ដ្ឋាន​ដែល​ស្ថិតនៅ​ជាប់​ផ្លូវជាតិ​ គឺ​មានតម្លៃ​ចាប់ពី​១៥ម៉ឺន​​ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ល្វែង​”។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Century21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បាន​ទទួលស្គាល់​នៅ​កំណើន​នៃ​តម្រូវការ​ប្រើ​ប្រាស​ន៍​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣​ ដោយ​លោក​បាន​មានប្រសាសន៍​ថា​ “ផ្លូវជាតិ​លេខ៣​ កំពុងតែ​មាន​សក្តា​នុ​ពល​លើ​វិស័យ​សំណង់​ ការអភិវឌ្ឍន៍​គម្រោង​លំនៅឋាន​ រោងចក្រ​ និង​អគារ​ពាណិជ្ជកម្ម​ជាច្រើន​”។

លោក​បន្ត​ថា​ “នៅ​តាម​បណ្តោយ​ផ្លូវជាតិ​នេះ​ រាប់​ពី​គីឡូម៉ែត្រ​ទី១០ទៅ២០​ គីឡូ​ ម៉ែត្រ​ចេញពី​រង្វង់​មូល​ចោមចៅ​ មាន​គម្រោង​សាងសង់​លំនៅ​ឋាន​ធំៗ​ចំនួន៤ទៅ៥​ គម្រោង​ជាច្រើន​បា​នឹង​កំពុង​វិនិយោគ​ដោយ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ដែល​អ្នក​វិនិយោគ​ ក៏ដូចជា​អ្នក​អភិវឌ្ឍ​បាន​ទិញ​តាំងពី​តម្លៃ​ដី​ធូ​ថ្លៃ​ កាលពី​ផ្លូវ​គេ​មិនទាន់​បាន​ធ្វើ​ការ​ជុស​ជួល​”។

លោក​បន្ថែម​ថា​ “ស្រប​ពេល​ដែល​ផ្លូវជាតិ​លេខ៣​ បាន​ និង​កំពុង​ស្ថាបនា​ឡើងវិញ​ គម្រោង​រោងចក្រ​ គម្រោង​សំណង់​ឃ្លាំង​ និង​គម្រោង​ផែស្ងួត​ជាច្រើន​ ដែល​ទៅ​តាំងនៅ​តំបន់​នេះ​ វា​នឹង​ជំរុញ​ឱ្យ​មានការ​សាងសង់​លំនៅឋាន​ទៅ​ដោយ​ស្វ័យប្រវត្តិ​ ដោយសារតែ​តំបន់​មាន​សេ​ដ្ខ​កិច្ច​ មាន​កំណើនប្រជាជន​រស់នៅ​ច្រើន​ គឺ​មាន​តម្រូវការ​ស្នាក់នៅ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here