រដ្ឋាភិបាល​កំពុង​សិក្សា​គម្រោង​ស្ថាបនា​ផ្លូវ​មេ​ចំនួន៣៨ខ្សែ​មាន​ប្រវែង​ជិត១០០គីឡូម៉ែត្រ នៅ​ក្រុង​សៀមរាប

0

ដោយៈ រ៉ា​ណេ​ត

សៀមរាបៈ រាជរដ្ឋាភិបាល​បាន  និង​កំពុង​សិក្សា​ពី​គម្រោង​អភិវឌ្ឍន៍  និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ទូទាំង​ក្រុង​សៀមរាប ជាពិសេស​ផ្លូវ​មេ​ត​ភ្ជាប់​ពី​ទីប្រជុំជន ក្នុង​ខេត្ត​ទៅកាន់​តំបន់​ជនបទ អោយមាន​ភាពល្អប្រសើរ​ស័ក្ដិសម ទៅនឹង​តំបន់​ទេសចរណ៍​ប្រចាំ​ប្រទេស ស្រដៀង​គ្នា​ទៅនឹង​ខេត្ត​ព្រះសីហនុ។

- Video Advertisement -

លោក​ទៀ សីហា អភិបាលខេត្ត​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ  និង​សិក្សា​ពី​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ក្រុង និង​ខេត្ត នៅ​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា សៀមរាប គឺជា​ខេត្ត​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ ហើយ​ស្ថានភាព​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជាច្រើន ត្រូវធ្វើ​ការជួសជុល និង​កែលម្អ​ឡើងវិញ ហើយ​គម្រោង​ខ្សែ​ផ្លូវ​មេ​ទាំង ៣៨ខ្សែ​នេះ ដែល​បាន​សិក្សា​នេះ​គឺជា​សរសៃឈាម និង​ជា​បេះដូង​របស់​ខេត្ត ដើម្បី​កំណើនសេដ្ឋកិច្ច ទេសចរណ៍ និង​សោភ័ណភាព​របស់​ខេត្ត។

នៅក្នុង​គម្រោង​ស្ថាបនា​ផ្លូវ​មេ​ទាំង ៣៨ខ្សែ ដែលមាន​ប្រវែង​សរុប​ប្រមាណ១០០គ.ម ក្នុងនោះ​មាន​ផ្លូវ​ពីរ​គន្លង មាន​ប្រវែង​ប្រមាណ៤៤គ.ម និង​ផ្លូវ​បួន​គន្លង​មាន​ប្រវែង​ប្រមាណ៥៤គ.ម លាតសន្ធឹង​ក្នុង​សង្កាត់​ទាំង១២ របស់​ក្រុង​សៀមរាប និង​មួយផ្នែក​នៃ​ស្រុក​បាគង ដែល​ស្ថិតក្នុង​គម្រោង​អភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ក្នុង​ក្រុង​សៀមរាប។

លោក​បានបញ្ជាក់​ផងដែរ​ថា រាជរដ្ឋាភិបាល​កំពុង​សិក្សា​ស្វែងរក​ប្រភព​ថវិកា ដើម្បី​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែ​នេះ ដើម្បី​លើកកម្ពស់​ខេត្ត​ដែលជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​ប្រចាំ​កម្ពុជា និង​ជា​តំបន់​ត​ភ្ជាប់​ផ្លូវ​សេដ្ឋកិច្ច​បាត់ដំបង-សៀមរាប។

លោក​ទេសរដ្ឋមន្ដ្រី ស៊ុន  ចាន់ថុល រដ្ឋមន្ត្រី ក្រសួង សាធារណៈ ការ  និង​ដឹកជញ្ជូន  បាន​លើកឡើងថា គម្រោង​ដែល​ក្រសួង​កំពុង​ជួសជុល កែលម្អ​ឡើងវិញ និង​គម្រោង​ផ្លូវ​វាង​ក្រុង​សរុប៣៨ខ្សែ រួមមាន ផ្លូវ​ខេត្ត​លេខ 2SR3 ប្រវែង ១៤,៩៥គ.ម បំបែក​ពី​ផ្លូវជាតិ​លេខ៦ ត្រ​ង់គ.ម ៣០៨+៨៣០ (ចុង​កៅស៊ូ) ដល់គ.ម ៣១៩+៦០០ (ទឹក​វិល) ក្រាល​កៅស៊ូ DBST និង​ផ្លូវ​ខ្នារ​ចាស់ (វិថី​សម្តេច ជា ស៊ីម) ប្រវែង ៤,៦០គ.ម បន្ត​ពី​ផ្លូវ ៧មករា ចាប់ពី​ផ្លូវ​លេខ 2SR3 ឆ្ពោះទៅកាន់​ផ្លូវ​ខេត្ត​លេខ 265F ប្រើប្រាស់​ថវិកា​ឥណទាន ADB និង​គម្រោង​ផ្លូវ​វាង​ខាងត្បូង​ក្រុង​សៀមរាប ប្រើប្រាស់​ឥណទាន​ហិរញ្ញប្បទាន​សាធារណរដ្ឋ​កូរ៉េ EDCF មាន​ប្រវែង៤៥គ.ម ចាប់ពី​ផ្លូវជាតិ​លេខ៦ ត្រង់ចំណុច គ.ម២៩១ ដល់គ.ម ៣៣០ កំពុង​សិក្សា​ជ្រើសរើស​គន្លង​ខ្សែ​ផ្លូវ និង​សិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង។ ព្រមជាមួយ​គម្រោង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ក្នុង​ក្រុង​សៀមរាប​ផងដែរ។

លោក​បញ្ជាក់ថា គម្រោង​សិក្សា​ផ្លូវ​ទាំង ៣៨ខ្សែ​នេះ ជា​បណ្តុំ​បណ្ដាញ​ផ្លូវ​មេ​យ៉ាង​ប្រទាក់ក្រឡា​ក្នុង​ក្រុង​សៀមរាប នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប កាត់បន្ថយ​ពេលវេលា​ក្នុងការ​ដឹកជញ្ជូន និង​ចរាចរណ៍​ទំនិញ​គ្រប់​ប្រភេទ កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ទីក្រុង​សៀមរាប ឱ្យ​សាក​សមជា​ទីក្រុង​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។

គម្រោង​ផ្លូវ​នេះ នឹងចូលរួម​ជំរុញ និង​លើកកម្ពស់​កំណើនសេដ្ឋកិច្ច តាមរយៈ​តំបន់​ទេសចរណ៍​នានា ជាពិសេស​តំបន់​ភាគខាងត្បូង និង​ការធ្វើសមាហរណកម្ម​ប្រជាពលរដ្ឋ​ដែល​នៅ​ជាយក្រុង​ដាច់ស្រយាល មកកាន់​តែ​ជិត​ក្រុង​ត​ភ្ជាប់​ទីប្រជុំជន ក្រុង​សៀមរាប ដោយ​កាត់បន្ថយ​គម្លាត​រវាង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង និង​តំបន់​ដាច់ស្រយាល​នៅ​ជាយក្រុង ក្នុងការ​ទទួលបាន​ស​មិទ្ធ​ផល​ប្រកបដោយ​បរិ​យា​ប័ន្ន៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here