ដោយៈ រ៉ាណេត
សៀមរាបៈ រាជរដ្ឋាភិបាលបាន និងកំពុងសិក្សាពីគម្រោងអភិវឌ្ឍន៍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងក្រុងសៀមរាប ជាពិសេសផ្លូវមេតភ្ជាប់ពីទីប្រជុំជន ក្នុងខេត្តទៅកាន់តំបន់ជនបទ អោយមានភាពល្អប្រសើរស័ក្ដិសម ទៅនឹងតំបន់ទេសចរណ៍ប្រចាំប្រទេស ស្រដៀងគ្នាទៅនឹងខេត្តព្រះសីហនុ។
លោកទៀ សីហា អភិបាលខេត្តបានលើកឡើងនៅក្នុងកិច្ចប្រជុំ និងសិក្សាពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងក្រុង និងខេត្ត នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា សៀមរាប គឺជាខេត្តទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ហើយស្ថានភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើន ត្រូវធ្វើការជួសជុល និងកែលម្អឡើងវិញ ហើយគម្រោងខ្សែផ្លូវមេទាំង ៣៨ខ្សែនេះ ដែលបានសិក្សានេះគឺជាសរសៃឈាម និងជាបេះដូងរបស់ខេត្ត ដើម្បីកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងសោភ័ណភាពរបស់ខេត្ត។
នៅក្នុងគម្រោងស្ថាបនាផ្លូវមេទាំង ៣៨ខ្សែ ដែលមានប្រវែងសរុបប្រមាណ១០០គ.ម ក្នុងនោះមានផ្លូវពីរគន្លង មានប្រវែងប្រមាណ៤៤គ.ម និងផ្លូវបួនគន្លងមានប្រវែងប្រមាណ៥៤គ.ម លាតសន្ធឹងក្នុងសង្កាត់ទាំង១២ របស់ក្រុងសៀមរាប និងមួយផ្នែកនៃស្រុកបាគង ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងសៀមរាប។
លោកបានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកំពុងសិក្សាស្វែងរកប្រភពថវិកា ដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែនេះ ដើម្បីលើកកម្ពស់ខេត្តដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ប្រចាំកម្ពុជា និងជាតំបន់តភ្ជាប់ផ្លូវសេដ្ឋកិច្ចបាត់ដំបង-សៀមរាប។
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង សាធារណៈ ការ និងដឹកជញ្ជូន បានលើកឡើងថា គម្រោងដែលក្រសួងកំពុងជួសជុល កែលម្អឡើងវិញ និងគម្រោងផ្លូវវាងក្រុងសរុប៣៨ខ្សែ រួមមាន ផ្លូវខេត្តលេខ 2SR3 ប្រវែង ១៤,៩៥គ.ម បំបែកពីផ្លូវជាតិលេខ៦ ត្រង់គ.ម ៣០៨+៨៣០ (ចុងកៅស៊ូ) ដល់គ.ម ៣១៩+៦០០ (ទឹកវិល) ក្រាលកៅស៊ូ DBST និងផ្លូវខ្នារចាស់ (វិថីសម្តេច ជា ស៊ីម) ប្រវែង ៤,៦០គ.ម បន្តពីផ្លូវ ៧មករា ចាប់ពីផ្លូវលេខ 2SR3 ឆ្ពោះទៅកាន់ផ្លូវខេត្តលេខ 265F ប្រើប្រាស់ថវិកាឥណទាន ADB និងគម្រោងផ្លូវវាងខាងត្បូងក្រុងសៀមរាប ប្រើប្រាស់ឥណទានហិរញ្ញប្បទានសាធារណរដ្ឋកូរ៉េ EDCF មានប្រវែង៤៥គ.ម ចាប់ពីផ្លូវជាតិលេខ៦ ត្រង់ចំណុច គ.ម២៩១ ដល់គ.ម ៣៣០ កំពុងសិក្សាជ្រើសរើសគន្លងខ្សែផ្លូវ និងសិក្សាសមិទ្ធិលទ្ធភាពគម្រោង។ ព្រមជាមួយគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងសៀមរាបផងដែរ។
លោកបញ្ជាក់ថា គម្រោងសិក្សាផ្លូវទាំង ៣៨ខ្សែនេះ ជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាប កាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន និងចរាចរណ៍ទំនិញគ្រប់ប្រភេទ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងលើកកម្ពស់សោភណ្ឌភាពទីក្រុងសៀមរាប ឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជា។
គម្រោងផ្លូវនេះ នឹងចូលរួមជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច តាមរយៈតំបន់ទេសចរណ៍នានា ជាពិសេសតំបន់ភាគខាងត្បូង និងការធ្វើសមាហរណកម្មប្រជាពលរដ្ឋដែលនៅជាយក្រុងដាច់ស្រយាល មកកាន់តែជិតក្រុងតភ្ជាប់ទីប្រជុំជន ក្រុងសៀមរាប ដោយកាត់បន្ថយគម្លាតរវាងប្រជាពលរដ្ឋក្នុងក្រុង និងតំបន់ដាច់ស្រយាលនៅជាយក្រុង ក្នុងការទទួលបានសមិទ្ធផលប្រកបដោយបរិយាប័ន្ន៕