ដោយយិន លាងគង់ ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia
ក្រុងបាវិត៖ នៅពេលនិយាយពីការអភិវឌ្ឍវិស័យអចលនទ្រព្យ កត្តាសំខាន់ដំបូងដែលអ្នកវិនិយោគឆ្លាតវៃផ្តោតការយកចិត្តទុកដាក់ គឺពួកគេសិក្សាពីទីតាំង ហេដ្ឋារចនាសម្ព័ន្ឋ និងកត្តាប្រជាសាស្រ្ត ដែលចំណុចសំខាន់ទាំងបីនេះ ជាកំលាំងចលករសំខាន់ ធ្វើឲ្យវិស័យអចលនទ្រព្យនៅតែរស់រវើក។
ក្រុងបាវិត មិនខុសពីក្រុងព្រះសីហនុ និងក្រុងប៉ោយប៉ែតនោះទេ ដែលមូលដ្ឋានទាំងបី ពិតជារងរលកតូចមួយបានបក់បោកក្នុងរយៈពេលខ្លី ដោយសារការបិទហ្គេមអនឡាញរបស់រដ្ឋាភិបាលយ៉ាងតក់ក្រហល់ ប៉ុន្តែតើការបិទហ្គេមអនឡាញ ពិតជាសម្លាប់សេដ្ឋកិច្ចនិងធ្វើឲ្យវិស័យសំណង់ និងអចលនទ្រព្យស្លោកស្រពោនឬ??។
មុនឆ្លើយសំណួរនេះ គឺយើងពិនិត្យលើកត្តាសំខាន់ៗដែលបានលើកឡើងខាងលើជាមុនសិន។
កត្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក
ហេដ្ឋារចនាសម្ព័ន្ឋជាសរសៃឈាមសេដ្ឋកិច្ច ប្រៀបដូចជាសរសៃឈាមនៅក្នុងរាងកាយរបស់យើង ដែលបានដើរតួដូចជាទុយោមួយ សម្រាប់ចែកចាយឈាមទៅចិញ្ចឹមផ្នែកនៃសារពាង្គកាយដទៃទៀត។ ដូចគ្នានឹងក្រុងបាវិត ការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ការតភ្ជាប់ផ្លូវល្បឿនលឿនពីប្រទេសវៀតណាម មកកាន់ច្រកទ្វារអន្តរជាតិបាវិតបាននិងកំពុងពន្លឿន។
ចំណែកក្នុងក្របខ័ណ្ឌផ្ទៃក្នុងកម្ពុជា ប្រមុខរដ្ឋាភិបាលកម្ពុជា បានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនស្ពាន ថ្នល់របស់ចិនកាលពីពេលថ្មីៗនេះ ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុននេះសិក្សា និងឈានទៅបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ក្រុងបាវិតនាពេលឆាប់ៗនេះ ខណៈផ្លួវនេះត្រូវបានសិក្សា ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) រួចហើយ ដែលគ្រោងចំណាយទឹកប្រាក់ ៣៨០០លានដុល្លារអាមេរិក។
ជាមួយនឹងលក្ខខ័ណ្ឌអំណោយផល នៃហេដ្ឋារចនាសម្ព័ន្ឋទាំងនេះ ក្រុងបាវិតក៏មានកំពង់ផែទឹកជ្រៅនៅប្រទេសវៀតណាម “ជាខ្នងបង្អែក” ដើម្បីសម្រួលការដឹកជញ្ជូនផលិតផលវាយណភ័ណ្ឌ កង់ និងសម្ភារៈធ្វើដំណើរដទៃទៀតទៅកាន់ទីផ្សារអន្តរជាតិ។
លើសពីនេះផ្លូវជាតិលេខ១ និងផ្លូវល្បឿនលឿន (នាពេលអនាគត) បាននិងកំពុងដើរតួនាទីតភ្ជាប់ មិនត្រឹមក្របខ័ណ្ឌទ្វេរភាគ (កម្ពុជា វៀតណាម) ប៉ុណ្ណោះទេ ប៉ុន្តែវាតភ្ជាប់ជាមួយថ្នាក់តំបន់ តាមរយៈគោលនយោបាយត្បូង ត្បូងរបស់អាស៊ាន និងគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវរបស់មហាយក្សចិនផងដែរ។
បច្ចុប្បន្នរដ្ឋាភិបាលបាន និងកំពុងពង្រីកផ្លូវជាតិលេខ៥ ដោយអូសខ្សែជីពចរ សេដ្ឋកិច្ចនេះ ចេញពីភាគពាយ័ព្យប្រទេស មកកាន់រាជធានីភ្នំពេញ តាមរយៈផ្លូវក្រវ៉ាត់ក្រុងទី៣ ដើម្បីតភ្ជាប់ជាមួយផ្លូវជាតិលេខ១ នាពេលបច្ចុប្បន្ន និងតភ្ជាប់ជាមួយផ្លូវល្បឿនលឿននាពេលអនាគតផងដែរ។
នេះជាហេដ្ឋារចនាសម្ព័ន្ឋដ៏សំខាន់ ដែលជាការគិតគូប្រកបដោយចក្ខុវិស័យយ៉ាងវែងឆ្ងាយរបស់រដ្ឋាភិបាល ពិសេសប្រទេសជាមិត្ត ព្រោះជប៉ុនមិនមែនជួយសាងសង់ស្ពានអ្នកលឿង (ត្យឹបាសា) ត្រឹមក្របខ័ណ្ឌមិត្តភាពនោះទេ ប៉ុន្តែក៏ក្នុងក្របខ័ណ្ឌពង្រីកការអភិវឌ្ឍនៅក្នុងតំបន់ និងភូមិសាស្រ្តនយោបាយរបស់ខ្លួនផងដែរ។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក
ព្រះអាទិត្យមិនលិចនៅក្រុងបាវិតនោះទេ ព្រោះហេដ្ឋារចនាសម្ព័ន្ឋផ្លូវគោក និងផ្លូវទឹកត្រូវបានគូសវាសរួចជាស្រេច ពិសេសអ្នកវិនិយោគជាតិ និងអន្តរជាតិបាននិងកំពុងពង្រីកខ្លួនកាន់តែច្រើនមកកាន់តំបន់នេះ។ ក្របខ័ណ្ឌផ្ទៃក្នុងកម្ពុជា គឺកម្ពុជាមានកំពង់ផែស្វយ័ត្នភ្នំពេញ ដែលជួយសម្រួលការដឹកជញ្ជូន ទៅកាន់កំពង់ផែវៀតណាម ប៉ុន្តែក្របខ័ណ្ឌតំបន់ គឺម្ចាស់រោងចក្រ សហគ្រាសនានាបាន និងកំពុងសម្លឹងមើលអត្ថប្រយោជន៍នៃភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ច ដែលមានភាពអំណោយផលលើការដឹកជញ្ជូនចេញពីតំបន់សេដ្ឋកិច្ចពិសេសបាវិត ទៅកាន់កំពង់ផែទឹកជ្រៅរបស់វៀតណាម ដែលមានចម្ងាយជិត និងតម្លៃដឹកជញ្ជូនប្រកួតប្រជែង។
កត្តានេះហើយ បានជាក្រុងបាវិត បាននិងកំពុងរីកដុះដាលនូវតំបន់សេដ្ឋកិច្ចពិសេស ការកសាងក្រុងរណប ការសាងសង់អាគារពាណិជ្ជកម្ម សណ្ឋាគារ កាស៊ីណូ និងការពង្រីកមូលដ្ឋានផលិតកម្ម ពីប្រទេសជិតខាងមកកាន់តំបន់នេះ។
ជាក់ស្តែងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត នឹងបង្ហាញខ្លួននៅលើផ្ទៃដីទំហំ ១,២៧០,២០០ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ចក្រម្ទេស និងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ខណៈក្រុងមួយនេះ មានសក្តានុពលសេដ្ឋកិច្ចខ្ពស់។
តំបន់សេដ្ឋកិច្ចពិសេសនេះត្រូវបានអនុម័ត តាមរយៈកិច្ចប្រជុំអន្តរក្រសួង កាលពីថ្ងៃទី ២៩ ខែសីហាកន្លងមកនេះ។
លើសពីនេះ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខេត្តស្វាយរៀង សហការជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សិក្សា និងដាក់ផែនការលើការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងការអភិវឌ្ឍក្រុងបាវិត ដើម្បីធ្វើឲ្យទីក្រុងនេះ មានការអភិវឌ្ឍប្រកបដោយចីរភាព។
យោងតាមកិច្ចប្រជុំនៃរវាងរដ្ឋាភិបាលកម្ពុជា និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីកន្លងមកថ្មីៗនេះ ភាគីទាំងពីរក៏បានពិភាក្សាផ្តោត សំខាន់ទៅលើការងាររៀបចំសិក្សាអំពីគំរោង និងប្លង់គោលដើម្បីអភិវឌ្ឍន៍ជាជំហានៗ នៅក្នុងក្រុងបាវិតមានដូចជា វិស័យគមនាគមន៍ វិស័យទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹក អាងចម្រោះទឹកកខ្វក់ (អាងប្រព្រឹត្តិកម្ម) ការកែច្នៃសំរាម កាកសំណល់រឹងរាវជាដើម។
កត្តាគោលនយោបាយ
រដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០១៥ បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដោយដាក់ក្រុងបាវិត ក្រុងប៉ោយប៉ែត និងក្រុងព្រះសីហនុ ជាតំបន់ឧស្សាហកម្មពិសេស ហើយតាមរយៈគោលនយោបាយនេះ រដ្ឋាភិបាលបានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋជាច្រើន ដើម្បីឆ្លើយតបនឹងគោលនយោបាយនេះ ទាំងហេដ្ឋារចនាសម្ព័ន្ឋរឹង រាវ និងគោលនយោបាយលើកទឹកចិត្តដទៃទៀត។
តាមរយៈគោលនយោបាយសំខាន់ៗនេះហើយ បានជាក្រុងបាវិតបាន និងកំពុងទាក់ទាញការវិនិយោគ កាន់តែច្រើនឡើងពីអ្នកវិនិយោគអន្តរជាតិ ពិសេសរោងចក្រផលិតកង់ល្បីៗនៅជុំវិញពិភពលោក បានជ្រើសរើសក្រុងបាវិតជាមូលដ្ឋានផលិតកម្មរបស់់ពួកគេ។
បច្ចុប្បន្នក្រុងបាវិត មានតំបន់សេដ្ឋកិច្ចពិសេសចំនួនជាង១០កន្លែង និងកម្មករ និយោជិតបំរើការងាររាប់ម៉ឺននាក់។
ដោយមើលឃើញសក្តានុពលបែបនេះហើយ ទើបក្រុងបាវិតបានទទួលគំរោងវិនិយោគយ៉ាងច្រើន ទាំងអ្នកវិនិយោគជាតិ និងអន្តរជាតិ ពិសេសអ្នកវិនិយោគលើវិស័យឧស្សាហកម្ម សំណង់ និងអចលនទ្រព្យ។
គោលនយោបាយអភិវឌ្ឍន៍
ជាមួយនឹងការដាក់ចេញនូវគោលនយោបាយ ប្រកបដោយភាពប្រាកដប្រជា និងចក្ខុវិស័យច្បាស់លាស់ រដ្ឋាភិបាលកម្ពុជាក៏បាន និងកំពុងពង្រីកការធ្វើពិពិធកម្មការវិនិយោគ ដោយពង្រីកសក្តានុពលនៅតាមព្រំដែន ជាជាងពង្រីកការវិនិយោគតែក្នុងរាជធានីភ្នំពេញ ដែលជាការបង្កើនល្បាយនៃការអភិវឌ្ឍ និងបង្ខិតទីក្រុងនិងជនបទកាន់តែខិតជិតគ្នា។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីធ្លាប់បានមានប្រសាសន៍ជារឿយៗថា សម្តេចនឹងប្រែក្លាយតំបន់ព្រំដែន ដែលធ្លាប់ជាតំបន់វាយប្រយុទ្ឋគ្នា ទៅជាតំបន់ព្រំដែនសន្តិភាព សហប្រតិបត្តិការ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ហេតុដូច្នេះហើយបានជារដ្ឋាភិបាលកម្ពុជា បាននិងសហការជាមួយអាជ្ញាធរខេត្តនៅជាប់ព្រំដែន បានចាប់ផ្តើមរៀបចំតំបន់សេដ្ឋកិច្ចពិសេស នៅតាមជាយដែន នៃខេត្តមានសក្តានុពលសេដ្ឋកិច្ច ជាគោលដៅវិនិយោគបរទេស ជាពិសេសក្រុងបាវិត ខេត្តស្វាយរៀង ស្របតាមស្មារតី និងលទ្ធផលនៃវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន ក្រោមអធិបតីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលកន្លងទៅ។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៩កន្លងមកនេះ បានពិភ្សាអំពីស្ថានភាពជាក់ស្តែងនៃសកម្មភាពវិនិយោគ និងពាណិជ្ជកម្មនៅខេត្តស្វាយរៀង សម្រាប់ជាមូលដ្ឋាន ក្នុងការរៀបចំដាក់ចេញនូវយន្តការ ពិសេសសម្រាប់ទាក់ទាញការវិនិយោគឲ្យកាន់តែច្រើន តាមរយៈជាអាទិ៍ ការរៀបចំតំបន់សេដ្ឋកិច្ចពិសេសនៅតាមជាយដែន។
កិច្ចប្រជុំពិភាក្សានេះ បានផ្តោតទៅលើបញ្ហាមួយចំនួន ដូចជា ការរៀបចំឲ្យមានតំបន់សេដ្ឋកិច្ចពិសេស តាមតំបន់ព្រំដែនបន្ថែមទៀត។ ការតភ្ជាប់បណ្តាញ និងផ្គត់ផ្គង់អគ្គិសនី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ។ ការកំណត់នូវវិស័យឧស្សាហកម្មដែលត្រូវទាក់ទាញ និងការរៀបចំឡើងវិញនូវការលើកទឹកចិត្តដល់ការវិនិយោគ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ឲ្យដឹងកាលពីខែតុលាកន្លងមកថ្មីៗនេះថា បន្ទាប់ពីបានរៀបចំវេទិការួមគ្នាដែលបង្ហាញពីកាលានុវត្តភាព និងវិស័យដែលមានសក្ដានុពល ក្នុងការវិនិយោគនៅកម្ពុជា និងក្រុងហ័រលៀន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ផ្នែកឧស្សាហកម្មកាលពីពេលថ្មីៗនេះ។ ជាលទ្ធផលគណៈប្រតិភូនៃធុជនមកពីកោះតៃវ៉ាន់ បានបង្ហាញពីគម្រោងនៃការចូលមកវិនិយោគនៅកម្ពុជានៅឆ្នាំបន្ទាប់នេះ។
លោកឧកញ៉ាបន្តថា “តៃវ៉ាន់និងកម្ពុជា ធ្លាប់មានកិច្ចទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នារួចមកហើយ ដែលភាគច្រើនគឺវិនិយោគទៅលើវិស័យរោងចក្រកាត់ដេរ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រុងបាវិត ខេត្តស្វាយរៀង”។
ច្រកទ្វារព្រំដែនដ៏មមាញឹក
ក្រឡេកមើលភូមិសាស្រ្តនយោបាយ និងសក្តានុពលសេដ្ឋកិច្ច រវាងក្រុងបាវិត និងក្រុងប៉ោយប៉ែត ពិសេសក្រុងព្រះសីហនុ យើងឃើញមានភាពខុសគ្នា និងមានសក្តានុពលដោយឡែកពីគ្នា។
ក្រុងប៉ោយប៉ែត មានតំបន់សេដ្ឋកិច្ចពិសេសដូចគ្នា មានទីតាំងភូមិសាស្រ្តនៅជិតព្រំដែនដូចគ្នា ប៉ុន្តែចម្ងាយនៃទីក្រុងបាងកក ដែលមាមមនុស្សរស់នៅកកកុញគឺរាប់រយគីឡូម៉ែត្រ មុនមកដល់ក្រុងប៉ោយប៉ែត។
ក្រុងព្រះសីហនុ មានភាពពិសេសដាច់ដោយឡែកផងដែរ ដោយសារមានហេដ្ឋារចនាសម្ព័ន្ឋផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។
ប៉ុន្តែក្រុងបាវិត និងទីក្រុងហូជីម៉ិញ ដែលមានប្រជាជនរស់នៅជិត១០លាននាក់ និងមានចម្ងាយជិតមិនដល់១០០គីឡូម៉ែត្រ ក្នុងការពង្រីកសមាហរណកម្មនិងធ្វើពិពិធកម្ម នៃការអភិវឌ្ឍ និងមានចម្ងាយជាង១០០គីឡូម៉ែត្រប៉ុណ្ណោះ មកកាន់រាជធានីភ្នំពេញ។
ហេដ្ឋារចនាសម្ព័ន្ឋដ៏សំខាន់មួយទៀត គឺប្រទេសវៀតណាមកកំពុងវិនិយោគផ្លូវល្បឿនលឿន តភ្ជាប់ពីវៀតណាម មកកាន់កម្ពុជា និងពង្រីកការដឹកជញ្ជូនតាមរយៈកំពង់ផែទឹកជ្រៅផងដែរ។
ហេតុនេះបើយើងវិភាគលើក្រុងទាំងបី ក្រុងបាវិតមានកត្តាសំខាន់ៗចំនួនបី ដែលជំរុញសក្តានុពលនៃការអភិវឌ្ឍ និងល្បឿននៃការរីកចម្រើនកាន់តែលឿន ដោយសារទីក្រុងនេះ មានប្រជាជនរស់នៅច្រើន (បូកជាមួយនឹងកម្មករ និយោជិត) ជាទីក្រុងស្ថិតនៅកៀកនឹងទីក្រុង ដែលមានការអភិវឌ្ឍយ៉ាងលឿន១ មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ទីតាំងអំណោយផលដល់ការរស់នៅ និងមានមូលដ្ឋានផលិតកម្ម ព្រមទាំងភាពអំណោយផលនៃទីតាំងភូមិសាស្រ្តកម្រិតតំបន់ ពិតជាមិនអាចមើលរំលងបាននោះទេ។
ជាមួយនឹងច្រកទ្វារអន្តរជាតិកម្រិតទ្វេរភាគី កម្រិតតំបន់ ច្រកទ្វារព្រំដែននេះនឹងមិនអាចបិទទ្វារបានឡើយ ទោះស្ថិតក្នុងកាលៈទេសៈបែបណាក្តី ប៉ុន្តែវាជាច្រកទ្វារដែលបង្ហូរមនុស្ស ទំនិញ និងសាច់ប្រាក់ដ៏ច្រើនមហិមានាពេលបច្ចុប្បន្ននិងអនាគត។
ហេតុនេះការបិទហ្គេមអនឡាញ មិនរងផលប៉ះពាល់ដល់ការអភិវឌ្ឍនៅទីក្រុងនេះនោះទេ វាហាក់គ្រាន់តែជាស្រមោលបក្សីហើរកាត់មាត់បង្អួច ហើយបាំងពន្លឺមួយរយៈខ្លី បន្ទាប់មកសែងសូរិយា នឹងរះចែងចាំងមកកាន់ទីក្រុងនេះ ជាថ្មីនាពេលអនាគតឆាប់ៗនេះ៕