សម្តេចតេជោស្នើជប៉ុនឱ្យជួយត្រួតពិនិត្យលើវិស័យសំណង់ទាំងអស់នៅទូទាំងប្រទេស

0

ដោយវុត្ថា

ភ្នំពេញៈ សម្តេចជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ប្រទេសជប៉ុន ឱ្យជួយត្រួតពិនិត្យលើសំណង់ទាំងឡាយនៅកម្ពុជា ដែលកំពុងសាងសង់ដើម្បីឲ្យវិស័យនេះមានការរឹងមាំមួយកម្រិតថែមទៀត  ខណៈបច្ចុប្បន្នវិស័យសំណង់នៅក្នុងប្រទេសបាននឹងកំពុងមានការរីកចំរើនខ្លាំងមួយនៅក្នុងតំបន់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា ប្រទេសជប៉ុនកាលាពីកន្លងមកនេះ  បានផ្តល់ជំនួយយ៉ាងច្រើនដល់ការតាក់តែងច្បាប់សំណង់ផងដែរ។

ជាមួយគ្នាសម្ដេចតេជោបានស្នើសុំឲ្យជប៉ុន បន្តជួយដល់កម្ពុជាធ្វើយ៉ាងណាពង្រឹងបទដ្ឋានគតិយុត្ត ក៏ដូចជាធ្វើការត្រួតពិនិត្យលើសំណង់ទាំងឡាយ ដែលកម្ពុជាបាននឹងកំពុងសាងសង់ដើម្បីឲ្យវិស័យនេះមានការរឹងមាំ។

លោកបណ្ឌិត វ៉ាន់ វ៉ាត់ អ្នកជំនាញផ្នែកនគរូបនីយកម្ម និងសំណង់ បានសម្តែងការស្វាគមន៍ចំពោះប្រមុខរាជរដ្ឋភិបាលកម្ពុជា ដែលបានស្នើដល់ប្រទេសជប៉ុន ដែលមានសេដ្ឋកិច្ច និងគរូបនីយកម្ម ជឿនលឿនឱ្យមកជួយលើការអភិវឌ្ឍន៍វិស័យសំណង់ និងការត្រួតពិនិត្យសំណង់នៅកម្ពុជា។

លោកបន្តថា “វាជាការល្អមួយ ដែលរដ្ឋាភិបាលបានស្នើសុំជប៉ុន ឱ្យជួយលើការត្រួតពិនិត្យសំណង់នៅកម្ពុជា ដោយសារការអភិវឌ្ឍន៍សំណង់របស់យើង នាពេលបច្ចុប្បន្ននេះ មានការខ្វះខាតច្រើន ទាំងធនធានមនុស្ស និងថវិកា”។

លោកបន្តថា “អញ្ចឹង! បើយើងបានជប៉ុន ដែលជាប្រទេសមួយមានប្រវត្តិអភិវឌ្ឍន៍នគរូបនីយកម្ម និងសំណង់ បានដើរមុនយើងរាប់សិបឆ្នាំ ហើយមានបទពិសោធន៍ច្រើនជាងយើង ហើយបានជួយយើងដើម្បីឱ្យកុំឲ្យយើងដើរផ្លូវវាង គេប្រាប់យើងឱ្យដើរផ្លូវត្រូវ និងចំណេញពេលវេលានោះជាការល្អណាស់”។

លោកបន្ថែមទៀតថា មិនតែប៉ុណ្ណោះ ជប៉ុននឹងអាចជួយយើងជាថវិកា ក្រៅពីនិតិវិធី បទដ្ឋានគតិយុត្ត និងធនធានផ្សេងៗ ដើម្បីឱ្យកម្ពុជាដែលជាសម្ព័ន្ធមិត្តកម្ពុជា-ជប៉ុនមានការគ្រប់គ្រងលើវិស័យសំណង់ កាន់តែមានគុណភាព។ មួយវិញទៀត និងមានសុវត្ថិភាពខ្ពស់។ ម្យ៉ាងទៀត ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញអ្នកជំនាញជប៉ុន ការស្នើឱ្យរដ្ឋាភិបាលជប៉ុនឱ្យមកជួយលើកិច្ចសំណង់នេះ ដែលជាចំណុច   ក្តៅដែលកំពុងធ្វើបច្ចុប្បន្ន នឹងធ្វើឱ្យកម្ពុជាកាន់តែមានទំនុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ និងវិនិយោគិនថែមទៀត។

លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីដើមខែមករា ឆ្នាំ ២០២០កន្លងមកនេះ  បានដាក់ចេញវិធានការមួយចំនួន ដើម្បីពង្រឹងគុណភាព និងសុវត្ថិភាពសំណង់។

វិធានការនោះរួមមាន ទី១- ហាមដាច់ខាតការសាងសង់សំណង់ ដែលគ្មានលិខិតអនុញ្ញាតសាងសង់ ជួសជុល ឬរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ ទី២- ហាមដាច់ខាត ការអនុវត្តការងារសាងសង់ជ្រុះរើ ដោយអ្នកសាងសង់ដែលគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្ម ផ្ដល់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទី៣- ហាមដាច់ខាតការដ្ឋានសំណង់ ដែលដំណើរការសាងសង់ឈ្នះរើដោយគ្មានវិស្វករប្រចាំការដ្ឋានជាអ្នកទទួលខុសត្រូវ និងទី៤ ហាមដាច់ខាតការស្នាក់នៅក្នុងអគារដែលកំពុងសាងសង់ ទោះបីជាលក្ខណៈបណ្តោះអាសន្នក៏ដោយ និងហាមដាច់ខាតអ្នកគ្មានភារកិច្ចចូលក្នុងការដ្ឋានសំណង់។ ហាមការប្រើប្រាស់សំណង់គ្រប់ប្រភេទ ដោយគ្មានវិញ្ញាបនបត្រប្រើប្រាស់សំណង់ ឬលិខិតបិទការដ្ឋានផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here