សម្តេចតេជោ ៖ អាជីវកម្មអចលនទ្រព្យដំណើរការធម្មតានៅក្នុងប្រទេសកម្ពុជា

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរនៅលើបណ្តាញសង្គម Facebook ផ្លូវការនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០នេះថា ទោះបីជាបញ្ហាជំងឺ Covid-19 បានបង្កនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាក៏ពិតមែន ប៉ុន្តែឃើញថាបងប្អូនប្រជាពលរដ្ឋអាជីវករក្នុងប្រទេសកម្ពុជានៅតែបន្តខិតខំប្រឹងប្រែងក្នុងមុខរបររបស់របស់ខ្លួនជាធម្មតា។

សម្តេចតេជោបន្តថា ក្នុងនោះអាជីវកម្មលក់ផ្ទះទិញផ្ទះនៅតែបន្តដដែល គ្រាន់តែមិនដាច់ខ្លាំងដូចកាលពីមុន ហើយបច្ចុប្បន្ននេះ លំនៅដ្ឋានបែប Shop house កំពុងតែពេញនិយមសំរាប់ការធ្វើអាជីវកម្មមានពេលបច្ចុប្បន្នផងដែរ។

លោកឧកញ៉ា ចេង ខេង ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានថ្លែងតាមវីដេអូ Conference ក្នុងកម្មវិធីមួយរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជានៅថ្ងៃទី២៥ ខែមិថុនានេះថា ចលនាទិញលក់អចលនទ្រព្យនៅតែមានសកម្មភាពធម្មតា អំឡុងពេលវិបត្តិនៃជំងឺ Covid-19 នេះ។

លោកឧកញ៉ាបានថ្លែងថា “ទីផ្សារអចលនទ្រព្យនៅដំណើរការធម្មតា ព្រោះបុគ្គលិករបស់ក្រុមហ៊ុន ខ្ញុំឆ្លើយតបបានជាមួយនឹងគោលដៅរបស់ក្រុមហ៊ុន ដែលបានដាក់ចេញ ហើយចំណូលរបស់គាត់នៅតែទទួលបានធម្មតា” ។ លោកបន្តថា “បញ្ហាសំខាន់គឺសមត្ថភាពរបស់បុគ្គលិក ព្រោះបើសិនជាទីផ្សារដំណើរធម្មតា តែចំណូលយើងធ្លាក់ចុះ បញ្ហាគឺមកយើង។ ដូច្នេះយើងត្រូវមានវិជ្ជាជីវក្នុងវិស័យអចលនទ្រព្យ និងព្យាយាមបន្ថែមដើម្បីទទួលបានជោគជ័យក្នុងវិស័យនេះ” ។

លោក សន សៀប អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បាននិយាយថា លោកសង្កេតឃើញថា អំឡុងពេលកូវីដនេះ អ្នកទិញមានចំនួនជាងមុនពេលកូវីដទៀត។ លោកថា “នេះសម្រាប់តែអ្វីដែលខ្ញុំបានឃើញ” ។ លោកបានថ្លែងថា “នៅក្នុងគ្រាលំបាកនេះ គឺយើងអាចមានឱកាសច្រើន។ ចំនួនសកម្មភាពជារួមរបស់ភ្នាក់ងារអចលនទ្រព្យមានថមផយចុះ ដូច្នេះនេះជាឱកាសសម្រាបភ្នាក់ងារពិតប្រាកដ ក្នុងការបញ្ចេញស្នាដៃចាប់យកអតិថិជន” ។

លោកបានបន្តថា “អំឡុងពេលនេះ អ្នកទិញដែលចុះទៅមើលដីធ្លី គឺអ្នកទិញពិតប្រាកដ ហើយយើង (ភ្នាក់ងារ) ចំណេញពេលជាងមុនទៀត។ បើគាត់មិនទិញទេ គាត់មិនចុះទៅទេអំឡុងពេលនេះ” ។លោកបានឱ្យដឹងទៀតថា សកម្មភាពរបស់ទិញឃើញមានច្រើនបច្ចុប្បន្ន ព្រោះអ្នកទិញអំឡុងពេលនេះ មានភាពច្បាស់ លាស់ជាងពេលមុនកូវីដនេះទៅទៀត។

ទុនវិនិយោគក្នុងវិស័យសំណង់នៅទូទាំងប្រទេស មានទំហំទឹកប្រាក់សរុបជាង៣ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៤ខែដំបូងដើមឆ្នាំ២០២០នេះ បានកើនឡើងជាង ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតលើសំណើសុំសាងសង់ សរុបទូទាំងប្រទេសមានចំនួន១ ៦៤៧ គម្រោងក្នុងរយៈពេល៤ខែ ដើមឆ្នាំ ២០២០ កើនឡើង ២២៣គម្រោង ខណៈទំហំតម្លៃវិនិយោគសរុបប្រមាណ៣០៤៩លានដុល្លារអាមេរិក បានកើនឡើង ២០,៥ ភាគរយ ធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ២០១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here