អាគារ​ការិយាល័យ​កម្ពស់​ជាង១០០ម៉ែត្រ​ចំនួន ២បន្ថែមទៀត នឹង​ជួយ​លើក​សោភ័ណភាព​រាជធានី​ភ្នំពេញ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ អាគារ​ដ៏​ទំនើប និង​ខ្ពស់​ស្កឹមស្កៃ​មាន​កម្ពស់​ជាង ១០០ម៉ែត្រ​ចំនួន២ ដែល​បម្រើ​មុខងារ​ជា​អាគារ​ការិយាល័យ គ្រោង​នឹង​បញ្ចប់​ការសាងសង់​ក្នុងពេលឆាប់ៗខាងមុខនេះ នឹងចូលរួម​ក្នុងការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ព្រមទាំង​លើក​សោភ័ណភាព​រាជធានី​ភ្នំពេញ​ឱ្យ​កាន់​តែមាន​ភាព​ទាក់ទាញ។

អាគារ​ពាណិជ្ជកម្ម និង​ការិយាល័យ​ដ៏​ទំនើប ដែល​បាន​ចូលរួម​រួម​អភិវឌ្ឍន៍​វិស័យ​សំណង់ និង​អចល​ទ្រព្យ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន២ខាងលើនេះ រួមមាន​អាគារ Sathapana Tower ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម គ្រោង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅក្នុង​ឆ្នាំ២០២០នេះ និង​អាគារ Global Tech Exchange ដែល​ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន​បឹងកក់។

- Video Advertisement -

ទី១ ៖ អាគារ Sathapana Tower ត្រូវបាន​សាងសង់ឡើង ដើម្បី​បម្រើ​មុខងារ​ជាទី​ស្នាក់ការ​កណ្តាល​រប​ស់​ធនាគារ​ស្ថាបនា រួម​នឹង​ការដាក់​បម្រើ​ដល់​វិស័យ​ការិយាល័យ​ផ្សេងទៀត (Office Spaces) មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ជិត​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ភូមិ១៤ សង្កាត់​ផ្សារ​ថ្មី៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ អាគារ​មួយ​នេះ​មាន​កម្ពស់២២ជាន់ ស្មើនឹង១០៤ម៉ែត្រ និង​មាន​ផ្ទៃក្រឡា​សរុប​ចំនួន៣៣១៣៥ម៉ែត្រក្រឡា អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន Maruhan Cambodia Corporation លើ​ទុនវិនិយោគ​ប្រមាណ៥២,៧លាន​ដុល្លារ ។

ទី២៖ គម្រោង Global Tech Exchange ដែលមាន៣អាគារ​ជាប់​គ្នា សាងសង់ឡើង ដើម្បី​បម្រើ​មុខងារ​ក្នុង​វិស័យ​ការិយាល័យ (Office Spaces) ស្ថិតនៅក្នុង​តំបន់​កំពុងអភិវឌ្ឍន៍​បឹងកក់ (PPCC) មាន​កម្ពស់២៩ជាន់ ស្មើនឹង​ជាង១០០ម៉ែត្រ អភិវឌ្ឍន៍​ឡើង​ដោយ​ក្រុមហ៊ុន Kingsland Global Ltd ដែល​បច្ចុប្បន្ននេះ​កំពុង​សម្រុក​ការសាងសង់ ហើយ​គ្រោង​បញ្ចប់​ទាំងស្រុង នៅក្នុង​ឆ្នាំ២០២១ខាងមុខនេះ។ ជាមួយនឹង​ការបម្រើ​នៅក្នុង​វិស័យ​ការិយាល័យ គម្រោង​អាគារ​ដ៏​មហិមារ​មួយ​នេះ ក៏​នឹង​អនុញ្ញាតឱ្យ​មានការ​បម្រើ​លើ​សេវាកម្ម​ផ្នែក​ភោជនីយដ្ឋាន កន្លែង​ហាត់ប្រាណ ធនាគារ គ្លីនិក រួមជាមួយ​នឹង​ផ្សារ​ទំនើប​សហគមន៍​ផងដែរ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Coldwell Banker Cambodia លោក Ken Lo បាន​មានប្រសាសន៍​កាលពីពេល​កន្លងទៅថ្មីៗនេះ​ថា បើ​ពិនិត្យមើល​ជាក់ស្តែង បច្ចុប្បន្ននេះ កម្ពុជា​នៅ​មិនទាន់មាន​អគារ​ពាណិជ្ជកម្ម កម្រិត​ខ្ពស់​ច្រើន​ដូច​ទីផ្សារ​អន្តរជាតិ ដូច​នៅ​ប្រទេស​គេ​នោះទេ។

លោក Ken Lo បាន​មានប្រសាសន៍​ទៀតថា “ ក្រុមហ៊ុន​លំដាប់​អន្តរជាតិ តែងតែ​ជួល​ការិយាល័យ​ធ្វើការ​នៅក្នុង​អគារ​ពាណិជ្ជកម្ម ព្រោះ​មាន​ស្តង់ដារ និង​មានកេរ្តិឈ្មោះ​ល្អ និង​មាន​ភាពជឿជាក់​ដល់​អតិ​ថិ​ជន ដោយ​ពួកគេ​មិន​ទៅ​ជួល​ផ្ទះល្វែង​ធ្វើ​ការិយាល័យ​នោះទេ ហើយ​នៅក្នុង​រយៈពេល៣ទៅ៥ ឆ្នាំ​ខាងមុខ​ទៀត អគារ​ពាណិជ្ជកម្ម នឹង​កាន់​តែមាន​សន្ទុះ​រីក​ឡើង​កាន់តែច្រើន នៅក្នុង​ទីក្រុង​ភ្នំពេញ ព្រោះ​វា​មាន​ភាពងាយស្រួល​ក្នុងការ​ទំនាក់ទំនង និង​ផ្តល់នូវ​សេវាកម្ម​ល្អ​ដល់​អតិថិជន” ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here