ដោយ៖ ប៊ី
ភ្នំពេញ៖ អ្នកជំនាញជាច្រើន នៅតែមានសុទិដ្ឋិនិយមចំពោះវិស័យខុនដូ ដោយអះអាងថា ការវិនិយោគលើខុនដូនាពេលបច្ចុប្បន្ននឹងហុចផលប្រយោជន៍នាពេលអនាគត។
លោក Alan Neos នាយកប្រតិបត្តិក្រុមហ៊ុន CSA បានថ្លែងប្រាប់ថា បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ អ្នកភិវឌ្ឍន៍អចលនទ្រព្យនឹងបង្កើនតម្លៃ ដូច្នេះពេលនេះគឺជាឱកាសល្អ ដែលបច្ចុប្បន្នតម្លៃខុនដូល្អសម្រាប់ការវិនិយោគ លក្ខខណ្ឌបង់ប្រាក់ងាយស្រួល និងឱកាសក្លាយម្ចាស់ខុនដូយូនីត ជាមួយនឹងការបញ្ចុះតម្លៃ។
លោក បានថ្លែងថា “បន្ទាប់វិបត្តិនេះ ខ្ញុំគិតថា តម្លៃខុនដូនឹងមានការកើនឡើងខ្លាំង ព្រោះវាគឺជានិន្នាការទីផ្សារ ហើយអំឡុងពេលវិបត្តិនេះ វាគឺជាឱកាសដើម្បីទិញខុនដូសម្រាប់ផលចំណេញនាពេលអនាគត។
លោក បានថ្លែងបន្តថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា តម្លៃខុនដូនឹងកើនឡើង។ យោងតាមរបាយការណ៍ក្រុមហ៊ុន CBRE តម្រូវការខុនដូនៅតែខ្ពស់ ហើយការផ្គត់ផ្គង់នៅតែមានការឆ្លើយតបជាមួយនឹងតម្រូវការបច្ចុប្បន្ន”។ លោក “ថាហើយមួយវិញទៀត បន្ទាប់ពីវិបត្តិនេះ ជនជាតិបរទេសជាច្រើននឹងហូរចូលទីផ្សារកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ ព្រោះកម្ពុជាគឺទីផ្សារមួយ ដែលកំពុងរីកចម្រើនខ្លាំង ដូច្នេះយើងឃើញអ្នកវិនិយោគជាច្រើនមកពីចិន ជប៉ុន តៃវ៉ាន់ សឹង្ហបុរី និងសហរដ្ឋអាមេរិក និងជាច្រើនប្រទេសទៀតដើម្បីវិនិយោគនៅកម្ពុជា”។
លោក បានបន្តទៀតថា “អ្វីដែលខ្ញុំមើលឃើញ គឺថា ប្រជាជនវ័យក្មេងចាប់ផ្តើមទទួលយកការរស់នៅបែបស៊ីវីល័យ ដូចជារស់នៅខុនដូ ហើយក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខ ចំនួនប្រជាជនកម្ពុជាកើនឡើងច្រើននៅក្នុងទីក្រុងភ្នំពេញ ដូច្នេះតម្រូវការខុនដូក៏នឹងកើនឡើងផងដែរ”។
លោកខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ ERA Cambodia បានថ្លែងប្រាប់ថា អ្នកដែលមានហិរញ្ញវត្ថុល្អនៅពេលនេះ នឹងទទួលបានផលត្រឡប់មកវិញខ្ពស់ បើធៀបនឹងរយៈពេលកាលពីរយៈពេលមុន ដោយសារមូលហេតុទី១ គឺតម្លៃខុនដូ មិនទាន់មានការកើនឡើងទេ ដូច្នេះតម្លៃស្ថិតនៅសភាពនៅទ្រឹង ហើយអនាគតតម្លៃខុនដូនឹងកើនឡើង។
លោកបានថ្លែងបន្តថា “បច្ចុប្បន្ន យើងសង្កតឃើញមានមិនត្រឹមតែ យុវជននោះទេ ប៉ុន្តែប្រជាជនវ័យចំណាស់ ក៏បាននិងកំពុងចាប់ផ្តើមផា្លស់ប្តូរការរស់នៅនៅខុនដូ ព្រោះខុនដូមានសុវត្តិ ឯកជនភាព និងភាពស៊ីវីល័យ” ។ លោកបានថ្លែងថា “លក្ខខណ្ឌក្នុងការបង់ប្រាក់នាពេលបច្ចុប្បន្ន មានភាពបត់បែនច្រើន ហើយអ្នកអភិវឌ្ឍន៍បច្ចុប្បន្នកំពុងបំពេញចិត្តអ្នកវិនិយោគ ដូច្នេះការលក្ខខណ្ឌ ក្នុងការបង់ប្រាក់មានភាពងាយស្រួលជាងមុន” ។
លោក បានថ្លែងថា ការវិនិយោគអចលនទ្រព្យ ពិសេសខុនដូ គឺសំខាន់ ទី១ ផ្តោតលើតម្លៃ ទី២ ទីតាំង ទី៣លក្ខខណ្ឌក្នុងការបង់ប្រាក់។
លោកខន គង្គាបានឱ្យដឹងថា ដូច្នេះស្ថិតក្នុងលក្ខខណ្ឌនេះ តម្លៃល្អ ទីតាំងល្អ ហើយលក្ខខណ្ឌក្នុងការបង់ប្រាក់ល្អទៀត ជាមួយការបញ្ចុះតម្លៃផ្សេងៗ វាជាល្អដ៏បំផុតសម្រាប់វិនិយោគក្នុងវិស័យខុនដូ៕
ការផ្គត់ផ្គង់ខុនដូសរុបនៅទូទាំងរាជធានីភ្នំពេញ មានការកើនឡើង ៣,៩៧%ក្នុងរយៈពេលត្រីមាសទី៣ ខណៈការកើនឡើងនេះមានការចូលរួមតែមួយពីការបចញ្ចប់ដំណាក់កាលទី១របស់គម្រោងUrban Village ហើយបានបង្កើនការផ្គត់ផ្គង់ខុនដូតម្លៃសមរម្យ ១៥.៦៧%។ នេះបើយោងតាមការបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia ។
អំឡុងត្រីមាសទី៣នេះ មិនមានគម្រោងថ្មីណាមួយ ត្រូវបានដាក់ឱ្យដំណើរការទេ ប៉ុន្តែមានគម្រោង៣ បានដាក់ចេញការអភិវឌ្ឍនូវដំណាក់កាលថ្មីៗ ទៅក្នុងទីផ្សារផ្គត់ផ្គង់ ដែលបង្ហាញថា អ្នកអភិវឌ្ឍន៍ដែលស្គាល់ពីទីផ្សារក្រុងភ្នំពេញ នៅតែមានសុទិដ្ឋិនិយមចំពោះវិស័យនេះ។
របាយការណ៍បានឱ្យដឹងថា គេរំពឹងថានៅត្រីមាសទី៤ឆ្នាំនេះ នឹងឃើញការបញ្ចប់គម្រោងចំនួន៤បន្ថែមទៀត ដែលនឹងចូលរួមចំណែកក្នុងទីផ្សារ ប្រមាណ២,៦០០យូនីត ។ ទោះយ៉ាងណា ការពន្យាពេលនៃការសាងសង់ នៅតែបន្តកើតមាននៅក្នុងវិស័យនេះ ដោយបច្ចុប្បន្នមានគម្រោងចំនួន៦ ពន្យាពេលបញ្ចប់គម្រោងទៅឆ្នាំ២០២១ ។
តម្លៃលក់ជាមធ្យមនៅគ្រប់ផ្នែក បានបន្តប្រឈមនឹងសម្ពាធធ្លាក់ចុះ នៅក្នុងត្រីមាសទី។ ខុនដូតម្លៃមធ្យមធ្លាក់ចុះ១,៣៩% ខុនដូតម្លៃសមរម្យធ្លាក់ចុះ១,១៧% និងខុនដូប្រណីត ធ្លាក់ចុះ ១,០២% ។
អ្នកអភិវឌ្ឍន៍នៅតែសកម្ម ក្នុងការផ្តល់ការបញ្ចុះតម្លៃ និងការផ្សព្វផ្សាយពីខុនដូយូនីតនៅក្នុងគម្រោងរបស់ពួកគេ ដើម្បីរក្សាល្បឿនលក់។
អ្នកអភិវឌ្ឍន៍ជាច្រើន បានផ្តោតលើការផ្តោតលើអ្នកទិញក្នុងស្រុក ហើយវាគឺជានិន្នាការនេះដែលបានកាត់បន្ថយតម្លៃ ខណៈអ្នកអភិវឌ្ឍន៍ប្រកួតប្រជែង សម្រាប់ការលក់៕