ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងវិស័យអចលនទ្រព្យ ត្រូវបានបែងចែកចេញជាផ្នែកផ្សេងៗជាច្រើន ដែលក្នុងនោះអ្នកវិនិយោគបានសំឡឹងឃើញ ពីឱកាសដែលអាចទទួលបានផលចំណេញផ្សេងៗគ្នា មិនថាផ្នែកសំណង់ ដីធ្លី ការអភិវឌ្ឍន៍លំនៅដ្ឋាន ក៏ដូចជាការសាងសង់អគារសម្រាប់ជួល។
បើនិយាយពីឱកាសចំណេញ ដែលអាចទទួលបានពីការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ត្រូវបានអ្នកប្រតិបត្តិនៅក្នុងវិស័យនេះអះអាងផ្សេងៗពីគ្នា ដោយការលើកយកហេតុផលមកបញ្ជាក់ផងដែរ។
ដោយឡែកសម្រាប់លោក ម៉ាន់ ច័ន្ទឌីអគ្គនាយកក្រុមហ៊ុន PREMIUM Group ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនួញ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងច្រើនផ្នែកនៅក្នុងវិស័យអចលនទ្រព្យបានអះអាងថា សម្រាប់ទស្សនៈរបស់លោក ផលចំណេញពីការវិនិយោគ នៅក្នុងវិស័យអចលនទ្រព្យដែលអាចទទួលបានចមណេញច្រើន គឺការទិញលក់ដី។
លោកបន្តថា “នៅក្នុងវិស័យអចលនទ្រព្យ ខ្ញុំបានវិនិយោគទៅក្នុងផ្នែកជាច្រើន ដូចជាការវិនិយោគទៅលើការអភិវឌ្ឍន៍ បណ្តុំលំនៅដ្ឋានកម្រិតសមរម្យ ការវិនិយោគទៅលើការនាំចូលគ្រឿងសំណង់ ការវិនិយោគទៅលើការផ្តល់កម្ចី សម្រាប់ទិញលំនៅដ្ឋាន ក៏ដូចជាការវិនិយោគទៅលើផ្នែកដីធ្លី ទាំងដីសម្រាប់ជួល និងដីសម្រាប់លក់ចេញយកចំណេញ” ។ លោកបានបញ្ជាក់ថា “តាមការកត់សម្គាល់ និងជាទស្សនទានរបស់ខ្ញុំ ឱកាសនៃការទទួលបានផលចំណេញច្រើនជាងគេ នៅក្នុងចំណោមមុខជំនួញខាងលើ គឺការវិនិយោគទៅលើដីធ្លី(ទិញ-លក់) ដែលក្នុងរយៈពេលដ៏ខ្លី យើងអាចទទួលបានប្រាក់ចំណេញច្រើនស្ទើរតែ ១X ២ ឬ ១X៣ ក៏មានដែរ អាស្រ័យទៅតាមទីតាំង និងតម្រូវការជាក់ស្ដែងរបស់ទីផ្សារ” ។
នៅពេលសំណួរសួរថា បើវិនិយោគទៅលើដីធ្លី អាចទទួលបានចំណេញច្រើនជាងគេ តើហេតុអ្វីលោកត្រូវធ្វើការវិនិយោគទៅលើផ្នែកដទៃទៀត?
លោក ម៉ាន់ ច័ន្ទឌី បញ្ជាក់ថា “ថ្វីត្បិតការវិនិយោគទៅលើដីធ្លី អាចទទួលបានប្រាក់ចំណេញច្រើន ប៉ុន្តែយើងក៏ត្រូវការផ្នែកដទៃទៀត មកធ្វើការរួមផ្សំផងដែរ។ លោកបន្តថា “ខ្ញុំទិញ-លក់ដី បើចំណេញច្រើនខ្ញុំនឹងលក់ចេញភ្លាមៗ បើចំណេញតិច ឬអាចវិនិយោគទៅផ្នែកដទៃទៀត ដែលអាចទទួលចំណេញច្រើនជាង ដូចជាការសង់ផ្ទះលក់ជាដើម ខ្ញុំក៏ត្រូវពិចារណា” ។
លោកបានបន្តពន្យល់ថា “បើត្រូវសាងសង់ផ្ទះលក់ លោកក៏មានក្រុមហ៊ុនសាងសង់ បើត្រូវការគ្រឿងសំណង់ លោកក៏មានក្រុមហ៊ុនផ្គត់ផ្គង់ ហើយបើត្រូវការស្ថាប័នហិរញ្ញវត្ថុសម្រាប់ជួយជ្រោមជ្រែង ដល់ការផ្តល់លក្ខខណ្ឌបង់រំលស់លោកក៏មាន ដូច្នេះ អ្វីៗទាំងអស់នេះ ជាបណ្តុំនៃមុខជំនួញពាក់ព័ន្ធរបស់ តែប៉ុណ្ណោះ។
លោកបន្ថែមថា “ប៉ុន្តែបើសួរថា មួយណាចំណេញជាង ខ្ញុំនៅតែអះអាងថាការទិញ-លក់ដីគឺមានឱកាសចំណេញច្រើន និងក្លាយជាអ្នកមានលឿនជាងគេ” ៕