ដោយវុត្ថា
ភ្នំពេញៈ វិស័យអចលទ្រព្យនឹងចាប់ផ្តើមមានសញ្ញាវិជ្ជមាន និងផ្តល់ក្តីសង្ឃឹមឡើងវិញដល់អ្នករកស៊ីក្នុងវិស័យនេះ បន្ទាប់ពីប្រមុខនៃរាជរដ្ឋាភិបាល បានប្រកាសបិទបញ្ចប់នៃព្រឹត្តិការណ៍៣ វិច្ឆិកា និងប្រកាសដាក់ឱ្យដំណើរនូវអាជីកម្មសាធារណៈ និងឯកជន។
ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២០កន្លងមកមកបាន ឱ្យដឹងថា ការបិទបញ្ចប់ព្រឹត្តិការណ៍៣ វិច្ឆិកា គឺជាសញ្ញាល្អសម្រាប់វិស័យអចលនទ្រព្យ ប៉ុន្តែមានតែសកម្មភាពទិញ -លក់តែនៅក្នុងស្រុកប៉ុណ្ណោះ ដោយនៅមិនទាន់ទទួលបានពីក្រៅប្រទេសនៅឡើយ។
លោកថ្លែងថា “នេះគឺជាឱកាសសម្រាប់ទីផ្សារនៃការទិញ-លក់នៅក្នុងស្រុក ហើយអ្នកវិនិយោគមួយចំនួន នៅក្នុងស្រុកយើងក៏គាត់កំពុងធ្វើសកម្មភាពឡើងវិញ នៅតាមតំបន់គោលដៅសំខាន់ៗ ដើម្បីចាប់យកឱកាសផលចំណេញនាពេលខាងមុខនេះ។លោកបន្ថែមថា “ទោះជាយ៉ាងណាសកម្មភាព និងទីផ្សារអលចនទ្រព្យនឹងមានសន្ទុះឡើងវិញ បន្ទាប់ពីត្រូវបានរកឃើញនូវវ៉ាក់សាំង ព្យាបាលជំងឺកូវីដ១៩ និងការវិលត្រឡបនៃជនបរទេសចូលមកស្រុកយើងវិញ ទើបធ្វើឱ្យវិស័យអចលនទ្រព្យ នៅក្នុងប្រទេសនេះពុះកញ្ជ្រោល’ ។
ចំណែកលោកស្រីតាំង ហួរនាយិកាក្រុមហ៊ុន Amatak Property Service បានអោយដឹងដែរថា មិនថាឡើយអ្នកដែលរកក្នុងវិស័យអចលនទ្រព្យ អ្នករកស៊ីមុខរបរផ្សេងៗទៀត ក៏មានអារម្មណ៍សប្បាយចិត្តដែរ បន្ទាប់ពីប្រមុខនៃរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣ វិច្ឆិកាកន្លងមកនេះ។
លោកស្រីបន្តថា “ការរកស៊ីរបស់យើង ហាក់មានស្ថានភាពស្ងប់ស្ងាត់ប្រមាណ២ អាទិត្យកន្លងមកនេះ ដោយសារប្រមុខនៃរាជរដ្ឋាភិបាល បានប្រកាសឱ្យមានការធ្វើចត្តាឡីសក័ មនុស្សជាច្រើននាក់ ប៉ុន្តែយើងពេលនេះល្អឡើងវិញហើយ” ។ លោកស្រីបន្តថា “យើងឆ្លងកាត់បទពិសោធន៍យ៉ាងច្រើន ក្នុងពេលមានវិបត្តិជំងឺកូវិដ១៩ ហើយគ្រាន់តែគេ (រាជរដ្ឋាភិបាល) ប្រកាសបិទភ្លាម មានភ្ញៀវទាក់ទងមកបណ្តើរហើយ។ អីចឹងទេ វាជាសញ្ញាវិជ្ជមាននៅក្នុងវិស័យអចលនទ្រព្យរបស់យើង” ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដល់អភិបាលរាជធានី-ខេត្តទាំងអស់ ពីការបិទបញ្ចប់ព្រឹត្តិការណ៍០៣ វិច្ឆិកា ដោយតម្រូវឲ្យក្រសួងអប់រំ យុវជន និងកីឡា បើកសាលាឡើងវិញនៅថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខ ព្រមទាំងបើកឲ្យដំណើរការពហុកីឡដ្ឋានជាតិអូឡាំពិក។
សម្តេចតេជោ ហ៊ុន សែនថ្លែងថា «លាហើយ ព្រឹត្តិការណ៍ ៣វិច្ឆិកា» ។ អ្វីៗបានត្រឡប់ទៅរកភាពធម្មតា មុនព្រឹត្តឹការណ៍ថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២០” ៕