អ្នកជំនាញ​៖ ទេសចរ​ជា​ទូត​ពាណិជ្ជកម្ម​ និង​សន្តិភាព​ ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ប្រទេស​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ទេសចរណ៍​ ជា​វិស័យ​មួយ​ដ៏​សំខាន់​សម្រាប់​ពង្រឹ​ក និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ ខណៈ​ដែល​គ្រប់​បណ្តា​ប្រទេស​នានា​ នៅ​លើ​សាកលលោក​ បាន​និង​កំពុង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ លើកស្ទួយ​វិស័យ​មួយ​នេះ​ ឱ្យ​មាន​ភាព​រស់រវើក​។

- Video Advertisement -

ស្ទើរតែ​គ្រប់​បណ្តា​អ្នកទេសចរ​នានា​ ដែល​ធ្វើដំណើរ​កម្សាន្ត​ឆ្លង​ប្រទេស​ ឆ្លង​តំបន់​ គឺ​សុទ្ធតែ​មាន​គោល​បំណង់​សំខាន់​របស់​ខ្លួន​ បន្ថែម​ពីលើ​ដំណើរ​កម្សាន្ត​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ ស្វែងយល់​ពីក​ត្តា​ភូមិសាស្ត្រ​ និង​សេដ្ឋកិច្ច​ ការសិក្សា​ពី​ស្ថានភាព​អាជីវកម្ម​ ក៏ដូចជា​ស្វែងយល់​ពី​ឱកាស​វិនិយោគ​នានា​ផង​ដែរ​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​-កម្ពុជា​ លោក​ ធួន​ ស៊ី​ណាន​ បាន​មានប្រសាសន៍​កាល​ចុង​សប្ដាហ៍​មុន​ថា​ មិនមែន​សម្រាប់​តែ​ប្រទេស​កម្ពុជា​នោះ​ទេ​ ដែល​ផ្តោត​យ៉ាង​សំខាន់​ និង​យកចិត្ត​ទុកដាក់​ខ្ពស់​ ទៅលើ​ការ​ពង្រឹង​សក្ដានុពល​ នៃ​វិស័យ​ទេសចរណ៍​ ពោល​គឺ​គ្រប់​បណ្តា​ប្រទេស​នានា​ នៅ​លើ​សាកលលោក​ គឺ​សុទ្ធតែ​ចាត់ទុក​វិស័យ​មួយ​នេះ​ ជា​វិស័យ​អាទិភាព​ក្នុង​ការ​ពង្រឹង​កំណើន​សេដ្ឋកិច្ច​ជាតិ​។

លោក​បន្ត​ថា​ “អ្នកទេសចរ​គឺជា​អ្នក​ដែល​មាន​លុយ​ ដូច្នេះ​រាល់​ដំណើរ​កម្សាន្ត​របស់​ពួ​គគេ​ គឺ​សុទ្ធតែ​មាន​គោលបំណង​ និង​គោលដៅ​សំខាន់​ ដែល​អាច​ទាក់ទង​ទៅ​នឹង​មុខ​ជំនួញ​ ឬការងារ​របស់​ពួកគេ​ ដែល​វា​មិន​ត្រឹមតែ​ជា​ដំណើរ​កម្សាន្ត​ សប្បាយ​ភ្នែក​តែមួយមុខ​នោះ​ទេ​”។

លោក​បាន​បន្ត​ទៀត​ថា​ “គេ​ចង់​ដឹងពី​ភាព​រីកចម្រើន​របស់​ប្រទេស​ ឬតំបន់​ដែលគេ​ទៅ​ ដើម្បី​ចង់​រក​ឱកាស​ពី​ការ​វិនិយោគ​ ក្នុង​គោលបំណង​ទទួល​បាន​នូវ​ផលប្រយោជន៍​ខ្ពស់​ មិនថា​ជា​ការសិក្សា​ពីទី​ផ្សារ​ ដើម្បី​យក​ផលិតផល​របស់​ខ្លួន​ចែកចាយ​ទី​លើ​ទីផ្សារ​គោលដៅ​ ឬទៅ​ទិញ​ផលិតផល​មក​ធ្វើការ​ចែកចាយ​បន្ត​ នៅក្នុង​ទីផ្សារ​នៃ​ប្រទេស​របស់​ខ្លួន​”។

ភ្ញៀវ​ទេសចរ​ ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ទូត​ពាណិជ្ជកម្ម​ និង​សន្តិភាព​ ដែល​មាន​សារសំខាន់​បំផុត​ នៅក្នុង​ការ​ជួយ​ពង្រឹង​ និង​ពង្រីក​កំណើន​សេដ្ឋកិច្ច​ជាតិ​យ៉ាង​សំខាន់​ សម្រាប់​ប្រទេស​នី​មួយ​ៗ នៅ​លើ​សាកលលោក​ ហើយ​ថែមទាំង​អាស្រ័យផល​ដល់​បណ្តា​វិ​ស័យ​ផ្សេង​ៗជាច្រើន​ទៀត​។

ប្រធាន​សមាគម​ PATA​ រូប​នេះ​បាន​លើកឡើង​ថា​ “បើ​ទេសចរ​មិន​រីកចម្រើន​ មិន​មាន​កំណើន​កើនឡើង​ តើ​ខេត្តសៀមរាប​ចាំបាច់​ មាន​កំណើន​សណ្ឋាគារ​ដូចសព្វថ្ងៃ​នេះ​ទេ​? តើ​ប្រទេស​ថៃ​ចាប់​សាងសង់​ សណ្ឋាគារ​កម្រិត​អន្តរជាតិ​រាប់ពាន់​អគារ​ រាប់​សែន​បន្ទាប់​ធ្វើអ្វី​? តើ​នៅ​ក្រុង​សៃហ្គន​ប្រទេស​វៀតណាម​ ចាំបាច់​កសាង​អគារ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​រាប់​សិប​កន្លែង​ ដែល​បង្ហាញ​ពី​ភាព​រីកចម្រើន​ និង​អភិវឌ្ឍន៍​នោះ​ធ្វើអ្វី​ ? ជាច​ម្លើយ​ គឺ​សុទ្ធ​តែ​បណ្តាល់​មក​ពី​ទេសចរ​ទាំងអស់​”។

លោក​បាន​បញ្ជាក់​ថា​ គ្រាន់តែ​ភាព​រីកចម្រើន​ នៃ​វិស័យ​បដិសណ្ឋារ​កិច្ច​ ដើម្បី​បំពេញ​តម្រូវការ​ភ្ញៀវ​ទេសចរ​តែមួយមុខ​ គឺ​បាន​បង្ហាញ​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​រួចជាស្រេច​ ហើយ​នៅ​មាន​វិ​ស័យ​ផ្សេង​ៗជាច្រើន​ទៀត​ ដែល​ទទួល​បានផល​ពី​វិស័យ​ទេសចរណ៍​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ វិស័យ​កសិកម្ម​ វិស័យ​ពាណិជ្ជកម្ម​ ជាពិសេស​អាច​ជួយ​រឹ​តបណ្តឹង​ចំណងមិត្តភាព​ និង​វិស័យ​ការទូត​លើ​ផ្នែក​នយោបាយ​របស់​ប្រទេស​ផង​ដែរ​។

យោង​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​ នៅ​ថ្ងៃទី១​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ បាន​បញ្ជាក់​ថា​ ក្នុងរយៈពេល១១ខែ​ ឆ្នាំ​ ២០១៩នេះ​ គ្រឹះស្ថាន​អង្គរបាន​លក់​បណ្ណ​ចូល​ទស្សនា​តំបន់​អង្គរបាន​ចំនួន១​,៩៩៧​,២៦៧នាក់​ ធ្លាក់ចុះ១៤.០៣ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨​ ដោយ​ទទួល​បាន​ចំណូល៨៩​,៥៥៥​,៤៧៤​ ដុល្លារ​ អាមេរិក​ ធ្លាក់ចុះ​ ​១៤.៣២​ ភាគរយ​។

ប៉ុន្តែ​បើ​គិតតែ​ក្នុងរយៈពេល១ខែវិច្ឆិកា​ ឆ្នាំ២០១៩​ គ្រឹះស្ថាន​អង្គរបាន​លក់​បណ្ណ​ជូន​ភ្ញៀវ​ចំនួន១៩៣.២៦០​ នាក់​ ធ្លាក់ចុះ​ ១៧.១០ភាគរយ​ បើ​ធៀប​នឹង​ខែ​ដូចគ្នា​ឆ្នាំ២០១៨​ ដោយ​ទទួល​បាន​ចំណូល៨​,៨៥៤​,១៩០​ ដុល្លារ​អាមេរិក​ ធ្លាក់ចុះ១៦.៤៧ភាគរយ​៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here