អ្នកជំនាញ ប្រាប់ពីគុណសម្បត្តិ និងគុណវិបត្តិនៃការបង់រំលោះផ្ទះជាមួយធនាគារ និងជាមួយក្រុមហ៊ុនអភិវឌ្ឍន៍

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ បច្ចុប្បន្ននេះ ការទិញផ្ទះថ្មីសម្រាប់ស្នាក់នៅ ដោយវិធីសាស្ត្រនៃការបង់រំលោះត្រូវបានក្លាយជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជា ផ្តល់លទ្ធភាពសម្រាប់អតិថិជនដែលជាអ្នកទិញផងដែរ ដោយក្នុងនោះវិធីសាស្ត្រ នៃការបង់រំលោះត្រូវបានផ្តល់ការសម្រេចចិត្តទៅលើអ្នកទិញថា តើគួរបង់រំលោះផ្ទាល់ជាមួយក្រុមហ៊ុន ក្នុងរយៈពេលខ្លី ឬជាមួយធនាគារក្នុងរយៈពេលវែង ដែលវិធីសាស្ត្រទាំង២សុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិដូចគ្នា។

ជាការចែករំលែកនូវចំណេះដឹងសម្រាប់ពិចារណា ក្នុងការសម្រេចចិត្តទិញផ្ទះថ្មីដោយការបង់រំលោះស្រប ទៅនឹងប្រធានបទដែលបានលើកឡើងខាងលើនេះ អគ្គនាយ​កក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ដែលជាអ្នកអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានកម្រិតមធ្យមផងដែរនោះ បានមានប្រសាសន៍បញ្ជាក់ថា មិនថាការសម្រេចចិត្ត ជ្រើសយកជម្រើសមួយណានោះទេ ភាពវិជ្ជមាន និងការប្រឈមសុទ្ធតែមានដូចគ្នា ប៉ុន្តែអ្វីដែលសំខាន់គឺការត្រៀមខ្លួនរបស់អតិថិជន។

លោកឧកញ៉ាបន្តថា ភាគច្រើនអ្នកដែលទិញផ្ទះដោយការបង់រំលោះ គឺជាអ្នកដែលមានតម្រូវការស្នាក់នៅពិតប្រាកដ ច្រើនជាងអ្នកទិញសម្រាប់វិនិយោគ បន្តយកចំណេញ ដូច្នេះមុនពេលសម្រេចចិត្តជ្រើសរើស យកវិធីសាស្ត្របង់ជាមួយក្រុមហ៊ុន ឬជាមួយធនាគារ អ្នកទិញត្រូវតែប្រាកដក្នុងចិត្តច្បាស់ ពីលទ្ធភាពរបស់ខ្លួនពាក់ព័ន្ធទៅនឹងចរន្តសាច់ប្រាក់សម្រាប់បង់ជាប្រចាំខែ។

បន្ថែមពីនេះ ត្រូវស្គាល់ពីប្រវត្តិម្ចាស់គម្រោង ឬក្រុមហ៊ុនអភិវឌ្ឍន៍ឱ្យបានច្បាស់ជាមុន ជាពិសេសពាក់ព័ន្ធទៅនឹងច្បាប់អនុញ្ញាត ឯកសារគតិយុត្តិនៃសំណង់នានាឱ្យបានត្រឹមត្រូវ ជៀសវាងមានហានិភ័យខ្ពស់។

ចំពោះការទិញដោយការបង់រំលោះ ត្រូវបានគេធ្វើឡើង២ប្រភេទ គឺការបង់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដោយផ្ទាល់ និងការបង់ជាមួយធនាគារ ដែលជាដៃគូជាមួយម្ចាស់គម្រោ​ង ដោយវិធីសាស្ត្រទាំង២នេះ អតិថិជនសុទ្ធតែត្រូវចំណាយបន្ថែមទៅលើអត្រាការប្រាក់ដូចគ្នា។

លោកឧកញ៉ានួន រិទ្ធី បានមានប្រសាសន៍បញ្ជាក់ថា “ក្នុងចំណោមវិធីសាស្ត្រទាំង២នេះ ក្រោយពេលសិក្សាច្បាស់ពីលំហូរសាច់ប្រាក់របស់ខ្លួន ដែលអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់ជាជម្រើស អតិថិជនគួរតែចាប់យកការបង់រំលោះជាមួយធនាគារ ល្អជាងការបង់រំលោះជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ ដែលមានភាពមិនប្រាកដប្រជាច្រើន”។

មុនពេលផ្តល់ឥណទាន ធនាគារសុទ្ធតែបានសិក្សាលម្អិត ពីលទ្ធភាពអតិថិជន ហើយក៏មានគោលការណ៍ច្បាស់លាស់មុនពេលផ្តល់ ដែលតម្រូវមានឯកសារបញ្ជាក់ជាច្រើន ជៀងវាងហានិភ័យដែលកើតមានទៅលើអតិថិជនរបស់ខ្លួន ហើយអតិថិជនក៏មានភាពច្បាស់លាស់ និងជឿជាក់១០០ភាគរយ ដែលក្លាយជាម្ចាស់កម្មសិទ្ធិលំនៅដ្ឋាន។ ដោយឡែក ចំពោះការបង់រំលោះជាមួយក្រុមហ៊ុន ហាក់មិនសូវតម្រូវឱ្តមានឯកសារសាំញាំនោះទេ ពោលគឺរីករាយក្នុងការធ្វើប្រតិបត្តិការជាមួយអតិថិជន។

ប៉ុន្តែអ្វីដែលសំខាន់នោះ អតិថិជនដែលជាអ្នកបង់រំលោះ មិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិករលើលំនៅដ្ឋាននោះឡើយ ដោយមានត្រឹមតែកិច្ចសន្យាទទួលស្គាល់ពីការទិញ​-លក់រវាងបុគ្គលទ្វេភាគីតែប៉ុណ្ណោះ។

ទោះជាយ៉ាងណា លោកឧកញ៉ាបានបញ្ជាក់ថា សម្រាប់ការទិញលំនៅដ្ឋានដោយការបង់រំលោះ ឱកាសនៃការទទួលបានចំណេញពីការលក់បន្ត គឺមានតិចតួចបំផុត ផ្ទុយពីការទិញដោយប្រើសាច់ប្រាក់សុទ្ធ នៅពេលគម្រោងចាប់ផ្តើមបើកលក់នោះទេ ព្រោះការទិញដោយការបង់រំលោះ បានចំណាយលុយច្រើនលើសលប់ ទៅលើអត្រាការប្រាក់រួចទៅហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here