ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្ថិតនៅក្នុងស្ថានភាពដែលកំពុងតែមានការប្រកួតប្រជែងខ្លាំងនៅលើទីផ្សារអចលនទ្រព្យកម្ពុជា ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់អន្តរជាតិធំៗចំនួន២ គឺក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia និងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ LSCG Real Estate Co,.Ltd បានធ្វើការចុះអនុស្សារណៈយោគយល់គ្នា ដើម្បីពង្រីកទីផ្សារ និងពង្រឹងឧត្តមភាពនៅក្នុងវិស័យមួយនេះ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ LSCG Real Estate Co., Ltd លោក លី សុខឆាយ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែមានសន្ទុះលើការអភិវឌ្ឍយ៉ាងខ្លាំង ដែលធ្វើក្រុមហ៊ុនពាក់ព័ន្ធនៅក្នុងវិស័យមួយនេះកើតមានយ៉ាងច្រើន និងចូលមកប្រកួតប្រជែងនៅក្នុងទីផ្សាររួម។
លោកបានមានប្រសាសន៍បញ្ជាក់ថា “នៅក្នុងចំណោមក្រុមហ៊ុនទាំងអស់ដែលកំពុងតែមានប្រតិបត្តិការនៅក្នុងទីផ្សារអចលនទ្រព្យមួយនេះគឺមានច្រើនប្រភេទ មានទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនលំដាប់អន្តរជាតិ ជាក់ស្ដែងដូចជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ដែលខ្ញុំទើបតែបានព្រមព្រៀងចុះអនុស្សារណៈយោគយល់គ្នាក្នុងនាមជាក្រុមហ៊ុនសហការជាដៃគូ”។ លោកបានបន្តទៀតថា “គោលដៅកិច្ចចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំង២នេះ គែដោយសារតែយើងបានសម្លឹងឃើញពីវិសាលភាព និងផលប្រយោជន៍ជាច្រើនដែលអាចទទួលបានពីកិច្ចការធ្វើរួមគ្នាលើផ្ដល់ជូននូវសេវាកម្ម ទិញ-លក់ ជួល និងប្រឹក្សាទៅដល់អតិថិជនប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេស ពង្រីកឧត្តមភាពរបស់ក្រុមហ៊ុនទាំង២ឱ្យកាន់តែខ្លាំងនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា”។
នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ផងដែរថា “មុនពេលធ្វើការសម្រេចចុះកិច្ចព្រមព្រៀងជាដៃគូ គឺពួកយើងបានធ្វើការសិក្សាពីប្រវត្តិក្រុមហ៊ុនទៅវិញទៅមក និងបានស្គាល់ច្បាស់ពីលទ្ធភាព ឧត្តមភាពរបស់ក្រុមហ៊ុន”។ លោកស្រីបានបន្តទៀតថា “យើងបើកទូលាយក្នុងការចាប់យកដៃគូសហការជាមួយគ្នា ព្រោះជាធម្មតាក្នុងនាមជាអ្នករកស៊ីនៅក្នុងវិស័យអចលនទ្រព្យដូចគ្នា មិនថាក្រុមហ៊ិនបរទេស ឬក្នុងស្រុកនោះទេ ត្រូវតែសហការគ្នា ដើម្បីជំរុញទីផ្សារឱ្យទៅមុខ ក៏ដូចជាជំរុញឱ្យមានការវិនិយោគនៅក្នុងប្រទេសឱ្យបានកាន់តែច្រើន” ។