ដោយគង់ សូរិយា
ភ្នំពេញ ក្រុមហ៊ុនអចលនទ្រព្យយក្ស Prince Real Estate Group បានប្រកាស បន្ថែមទុនអោយបាន២០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១០ឆ្នាំខាងមុខ ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះបានបោះទុនវិនិយោគនៅកម្ពុជា លើគម្រោងអចលនទ្រព្យ ជាង៤ប៊ីលានដុល្លារអាមេរិករួចហើយ។
លោកលី មីន ថ្លែងនៅក្នុងសន្និសីទកាសែតមួយ បន្ទាប់ពីចុះហត្ថលេខា ជាមួយក្រុមហ៊ុនបី ក្នុងការបើកដំណើរការហាងនៅក្នុងPrince Plaza Internationalកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត នឹងឈរលំដាប់កំពូល ជាក្រុមហ៊ុនអន្តរជាតិវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយបានវិនិយោគនៅគម្រោងអចលនទ្រព្យធំៗជាច្រើន ជាក់ស្ដែងគម្រោងព្រីនស៍ផ្លាហ្សានៅបណ្ដោយផ្លូវ ព្រះនរោត្តម គម្រោងព្រីនស៍ផ្លាហ្សា អ៊ីនធើណេតសិនណលនៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី និងគម្រោងមួយចំនួនទៀតនៅក្នុងខេត្តព្រះសីហនុជាដើម។
លោកបន្តថា “ចាប់តាំងពីយើងបានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា យើងបានបោះទុនវិនិយោគសរុប ជាង៤ពាន់លានដុល្លារអាមេរិកមកហើយ ហើយយើងនឹងបន្ថែមទុនតាមតែអាចធ្វើបាន”។
លោកបន្តថា ក្រុមហ៊ុននៅតែមើលឃើញពីសក្ដានុពល វិនិយោគនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលកំណើនសេដ្ឋកិច្ចប្រទេសនេះ បានរក្សាលំនឹងមួយល្អប្រសើរ ជាពិសេសគឺរក្សាបាននូវស្ថេរភាពនយោបាយក្នុងស្រុក ។ ដោយមើលឃើញពីសក្ដានុពលទាំងនេះហើយ ក្រុមហ៊ុននឹងបន្ថែមទុនវិនិយោគឲ្យបាន២០ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត ដោយក្រុមហ៊ុនបានរៀបចំនូវគម្រោងរបស់ខ្លួនរួចស្រេចហើយ ក្នុងនោះខេត្តព្រះសីហនុ ភ្នំពេញ និងសៀមរាប គឺជាទីតាំងអាទិភាពរបស់ខ្លួន ក្នុងបណ្ដាក់ទុនវិនិយោគបន្ថែម ។
លោកលី មីនបានបន្ថែមថា រាល់ការវិនិយោគលើគម្រោងនានា នៅក្នុងប្រទេសកម្ពុជា របស់ព្រីនស៍រៀលអ៊ីស្ទេត ក៏ទទួលបានជោគជ័យផងដែរ ជាក់ស្ដែងព្រីនស៍ផ្លាហ្សាអ៊ីនធើណេតសិនណល ដែលបានសាងសង់ជាងកន្លះឆ្នាំមកហើយនោះ គឺមានក្រុមហ៊ុននិងហាងជាច្រើនបានចុះហត្ថលេខា ដើម្បីដាក់ទីតាំងនៅក្នុងមជ្ឈមណ្ឌលនោះ នៅពេលសាងសង់ហើយ ជាក់ស្ដែងក្រុមហ៊ុនដែលបានចុះហត្ថលេខាជាមួយបណ្ដាដៃគូ៥ ដើម្បីបើកដំណើរការហាងនៅក្នុងមជ្ឈមណ្ឌល ព្រីនស៍ផ្លាហ្សាអ៊ីនធើណេតសិនណល។
លោកបញ្ជាក់ថា គម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេតគ្រុប បានរីកដុះដាលនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ហើយទទួលបាននូវសមិទ្ធិផលគួរអោយកត់សម្គាល់ ។ ព្រីនស៍រៀលអ៊ីស្ទេត គ្រុប នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានទីតាំង នៅកណ្ដាលនៃខណ្ឌធំៗ ចំនួន៣នៅភ្នំពេញ ហើយក៏មានគម្រោងពង្រីកអោយបានគ្រប់ខណ្ឌទាំងអស់នៅក្នុងរាជធានីភ្នំពេញផងដែរ។
លោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍ថា វិស័យអចលនទ្រព្យនិងសំណង់នៅកម្ពុជា នឹងបន្តរីកចម្រើនរយៈពេល៥ទៅ១០ឆ្នាំទៀត ដោយសារកម្ពុជានៅមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចបន្តមានភាពរ៉ឹងមាំរយៈពេលវែងបន្តទៀត៕