ដោយ វុត្ថា
ភ្នំពេញៈ អ្នកជំនាញបានអះអាងថា ទីផ្សារការិយាល័យជួល នៅក្នុងទីក្រុងភ្នំពេញ បានធ្លាក់ចុះតម្លៃចាប់ពី១០ ទៅ១៥ភាគរយ ចាប់តាំងពីដើមឆ្នាំ២០២០ រហូតមដល់ពេលនេះ ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ និងការស្នើសុំបញ្ចុះតម្លៃពីអតិថិជនព្រមទាំងមានការបញ្ចុះតម្លៃដោយម្ចាស់អគារ។
លោកស្រីអាន សុធីតា នាយិការប្រចាំប្រទេសនៃក្រុមហ៊ុនអន្តរជាតិ CBRE Cambodia បានប្រាប់គេហទំព័រ propertyarea.asia កាលពីថ្ងៃម្សិលមិញនេះឱ្យដឹងថា ក្នុងស្ថានភាពនៃវិបត្តិនៃជំងឺកូវីដ១៩ បានធ្វើឲ្យទីផ្សារជួលការិយាល័យ មានការធ្លាក់ចុះនៃតម្លៃជួល ដោយសារតែមានអតិថិជនទាមទាឱ្យមានការបញ្ចុះតម្លៃ និងម្ចាស់អគារមួយចំនួនទៀត បានបញ្ចុះតម្លៃដោយខ្លួនឯង ដើម្បីរក្សាអតិថិជន និងចាប់យកអតិថិជនថ្មីៗបន្ថែម។
លោកស្រីបន្តថា ម្ចាស់អគារមួយចំនួន បានបញ្ចុះតម្លៃ ប្រមាណ១០ ទៅ២០ភាគរយ និង៣០ភាគរយ ហើយអ្នកខ្លះក៏មិនយកតម្លៃថ្លៃ ជួលរយៈពេល២ទៅ៣ខែ អាស្រ័យលើម្ចាស់អគារ។ តែបើយើងមើលទីផ្សាររួម អតិថិជនបានពន្យាពេលក្នុងការជួលការិយាល័យថ្មី ហើយមួយចំនួនទៀតស្វែងរកការិយាល័យថ្មី តែជាបណ្តោះអាសន្ន។
លោកស្រីបន្ថែមថា “បើយើងមើលការដាក់ជួលការិយាល័យថ្មី នៅក្នុងទីផ្សារវិញ គឺត្រូវបានម្ចាស់អគារបានបញ្ចុះតម្លៃ ពី១០ទៅ១៥ភាគរយ ដើម្បីទាក់ទាញអតិថិជនថ្មីឱ្យទទួលការិយាល័យនៅក្នុងអគារបស់ពួកគាត់” ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុអន្តរជាតិ CBRE Cambodia បានបង្ហាញថា ក្នុងត្រីមាសទី១ នៃឆ្នាំ២០២០ មិនមានអគារការិយាល័យថ្មី ត្រូវបានសម្ពោធដំណើការសាងសង់ និងបញ្ចប់នោះទេ ។ នៅក្នុងកំឡុងនៃវិបត្តិជំងឺកូវីដ១៩នេះ ត្រូវបានព្យាករណ៍ថា អគារការិយាល័យប្រមាណ៨៩,០០០ម៉ែត្រការ ដែលភាគច្រើនជាប្រភេទB ហើយស្ថិតនៅខាងក្រៅតំបន់ពាណិជ្ជកម្ម (CBD)។
ក្រុមហ៊ុន CBRE Cambodia យល់ឃើញថា ក្នុងស្ថានភាពនៃវិបត្តនៃជំងឺកូវីដ១៩ ដែលគ្មានភាពប្រាកដប្រជា នឹងធ្វើឲ្យទីផ្សារការិយាល័យជួលបន្តធ្លាក់ចុះ ដោយសារគម្រោងមួយចំនួនត្រូវបានផ្អាក ។ តែយ៉ាងណាក៏ដោយ គេឃើញមានគម្រោងអគារការិយាល័យមួយបានដាក់ចូល ទៅក្នុងទីផ្សារ គឺអគារ Central Capital Tower ស្ថិតនៅក្នុងតំបន់ទួលគោក បើទៅបីអគារនេះ មិនទាន់បានបញ្ចប់ការសាងសង់យ៉ាងណាក្តី។
ជារួមវិបត្តិនៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាកល បាននឹងកំពុងជះឥទ្ធិផលអាក្រក់លើវិស័យសេដ្ឋកិច្ចសកល ជាពិសេសវិស័យសំខាន់ៗ របស់កម្ពុជាដែលជាសសរស្តម្ភក្នុងជំរុញសេដ្ឋកិច្ច នៅក្នុងប្រទេសឱ្យមានសន្ទុះរីកចំរើន រួមមាន វិស័យទេសចរណ៍ អចលនទ្រព្យ និងសំណង់ ឧស្សាហកម្ម វាយនភណ្ឌកាត់ដេរ និង ការដឹកជញ្ជូនជាដើម៕