ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ មហាវិថីតេជោ ឬហៅថាផ្លូវ៦០ម៉ែត្រ កាន់តែបង្ហាញសក្ដានុពល ក្នុងការទាក់ទាញការវិនិយោគ លើការសាងសង់អាគារខុនដូខ្ពស់និង កំពុងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយនៅរាជធានីភ្នំពេញ។
អ្នកជំនាញបាន និងកំពុងសង្កេតឃើញថាតំបន់នេះ បានក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្ដានុពល មានអគារខ្ពស់ៗ អគារខុនដូ ផ្សារទំនើបៗនិងលំនៅឋានតម្លៃខ្ពស់ៗ កាន់តែច្រើនបន្ថែមទៀត និងមានវត្តមានផ្សារទំនើបកាន់តែច្រើនដូចជា ផ្សារទំនើបAEON Mall3 Chip Mong Retails Mall ផ្សារទំនើបបុរីប៉េងហួត និងផ្សារបែបសហគមន៍ ដែលនឹងត្រៀមសាងសង់នាពេលខាងមុខ។
ទោះបីជាតំបន់តាមបណ្ដោយផ្លូវ៦០ម៉ែត្រ មានការអភិវឌ្ឍខ្ពស់បែបនេះក្ដី តែតម្លៃដីធ្លីនៅតំបន់នេះ មិនទាន់មានហក់ឡើងបន្ថែមទៀតនោះទេ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។
លោកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodia បានឱ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ផ្លូវ៦០ម៉ែត្រយើងបានមើលឃើញថា មានការអភិវឌ្ឍលើវិស័យលំនៅឋាន អគារពាណិជ្ជកម្ម ខុនដូ និងផ្សារទំនើបច្រើន ហើយនៅពេលអនាគត តំបន់នេះនឹងកាន់តែមានការរីកចម្រើនបន្ថែមទៀតផងដែរ ។
លោកស្រីបន្តថា កត្តាដែលធ្វើឱ្យតំបន់នេះកាន់តែទាក់ទាញ ដោយសារតែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ របស់រាជរដ្ឋាភិបាលនៅជុំវិញតំបន់នោះ កាន់តែច្រើនកាន់តែស្អាត និងធ្វើឱ្យការធ្វើដំណើរពីភ្នំពេញ ទៅកាន់តំបន់នោះលឿនរហ័ស ។ ក្រៅពីនោះ មានព្រលានយន្តហោះអន្តរជាតិតេ មានផ្លូវក្រវ៉ាត់ក្រុង មានផ្សារទំនើបធំជាងគេ អ៊ីអនម៉ល ជាដើម ។
បើតាមលោកស្រីអាន សុធីតាបានបង្ហើបថា ក្នុងរយៈពេលពីរបីឆ្នាំកន្លងមកតំបន់ផ្លូវ៦០ម៉ែត្រ មិនមានការឡើងថ្លៃនោះទេ ហើយវានឹងរក្សាតម្លៃថេររយៈពេលពីរបីឆ្នាំបន្តទៀត ដោយរំពឹងថានឹងហក់ឡើងនៅក្រោយពីរបីឆ្នាំបន្ទាប់ ។
បើតាមប្រភពក្រៅផ្លូវការមួយបានបង្ហាញថា នៅតំបន់ផ្លូវ៦០ម៉ែត្រក៏មានគម្រោងធំមួយ ដែលមានទឹកប្រាក់រហូតដល់ជិត១០០០លានដុល្លារដោយផ្តោតទៅលើខុនដូ ផ្សារទំនើបនិងតំបន់ពាណិជ្ជកម្ម។ ដូច្នេះ តំបន់ផ្លូវ៦០ម៉ែត្រនេះ នឹងកាន់តែមានសន្ទុះនៃការអភិវឌ្ឍបន្ថែមទៀត នៅពេលអនាគតខាងមុខនេះ ។
លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance ក៏បានលើកឡើងថាការ ផ្លូវ៦០ម៉ែត្រជាតំបន់មួយ ដែលនៅទូលាយ ដូច្នេះវានឹងទទួលបានការវិនិយោគបន្ថែមទៀត ទៅលើគម្រោងអគារខ្ពស់ៗ ផ្សារទំនើប និងផ្ទះទំនើបៗជាដើម។
តំបន់ផ្លូវ៦០ម៉ែត្រ ត្រូវបានអភិវឌ្ឍន៍ជាក្រុមរណបមានឈ្មោះING CITY ដែលមានទំហំដូរហូតដក់ប្រមាណ២០០០ហិកតា។ ផែនការអភិវឌ្ឍន៍ទីក្រុងរណបដ៏ធំ នៅភាគខាងត្បូងរាជធានីភ្នំពេញនេះ មានព៌តមានលំអិតជាច្រើនដែលគេហទំព័រPropertyarea.asiaបានផ្សាយជាច្រើនដងរួចមកហើយ៕