សួនរុក្ខជាតិអង្គរទំហំ​ជាង​១៥ហិចតា​នឹង​ដាក់ឱ្យដំណើរការ ដើម្បី​ទាក់ទាញ​ទេសចរ​​បន្ថែម​ទៀត​

0

ដោយ៖ សុផារី

 

សៀមរាប៖ សួនរុក្ខជាតិអង្គរ មាន​ទំហំផ្ទៃដីប្រមាណជិត១៥ហិកតា សម្ភោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃខាងមុខឆាប់ៗនេះ ដើម្បីបង្កើនកិច្ចអភិវឌ្ឍន៍ក្នុងតំបន់រមណីយដ្ឋានអង្គរ និងទាក់ទាញភ្ញៀវទេសចរផង។​

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទូទៅនៅសួនរុក្ខជាតិអង្គរ មុនពេលសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃខាងមុខឆាប់ៗនេះ។

ដើម្បីបង្កើនកិច្ចអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានអង្គរ និងទាក់ទាញភ្ញៀវទេសចរផង អាជ្ញាធរជាតិអប្សរាបានបង្កើតសួនរុក្ខជាតិអង្គរ ក្រោមទំហំផ្ទៃដីប្រមាណជិត១៥ហិកតា ដោយមានរៀបចំជាសួនសំខាន់ៗជាច្រើន ក្នុងនោះអាជ្ញាធរជាតិអប្សរាបានដាំកូនឈើ និងប្រភេទរុក្ខជាតិផ្សេងៗរាប់ម៉ឺនដើម មានប្រភេទរុក្ខជាតិសរុបជាង៥០០ប្រភេទផ្សេងៗគ្នា​។

នៅទីនោះក៏មាន សួនសត្វ និងសួនរុក្ខជាតិសំខាន់ៗចំនួន៥សួន បានបង្កើតឡើងក្នុងរចនាបទបែបខ្មែរ រួមមាន សួនឱសថនិងគ្រឿងទេស សួនផ្កាស្មៅ និងផ្កាចម្រុះ សួនអម្បូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើ និងសត្វព្រៃអង្គរជាដើម ដោយសួនទាំងនោះមានភាពទាក់ទាញខុសប្លែកពីគ្នា ជាពិសេសមានដើមឈើ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទ បម្រើផលប្រយោជន៍ខុសប្លែកពីគ្នា សម្រាប់មនុស្សជំនាន់ក្រោយ បានស្គាល់ និងការងារសិក្សាស្រាវជ្រាវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here