ដោយៈ គង់ សូរិយា
ភ្នំពេញៈ ស្របពេលនឹងមានកំណើនទេសចរកម្ពុជា -ម៉ាឡេស៊ី ភាគីម៉ាឡេស៊ី នឹងការហោះហើរត្រង់ថ្មី បន្ថែមរវាងរាជធានីភ្នំពេញ និងទីក្រុង Penangនាពេលខាងមុខ។
ព័ត៌មានដ៏ល្អនេះ ត្រូវបានលើកឡើងកាលពីដើមសប្តាហ៍នេះ ក្នុងជំនួបរវាងលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលបានជួបពិភាក្សាការងារ និងទទួលទានអាហារពេលល្ងាច ជាមួយលោក Shaharuddin Bin Onn ឯកអគ្គរដ្ឋទូត ម៉ាឡេស៊ីប្រចាំកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនៈ សម្រាប់ការឆ្លើយតប នឹងការជំរុញកំណើនទេសចរកម្ពុជា-ម៉ាឡេស៊ីបន្ថែមទៀត។
ភាគីទាំងពីរនឹងជម្រុញ ការទាក់ទាញភ្ញៀវទេសចរណ៍ទៅវិញ ទៅមក តាមរយៈការរៀបចំព្រឹត្តិការណ៍ពិព័រណ៌ថ្មីៗ និងទាក់ទាញនៅប្រទេសទាំងពីរ ការធ្វើពិពិធកម្មព្រឹត្តិការណ៍ទេសចរណ៍ មករដូវកាលបៃតង (Green Season) ដ៏ស្រស់ស្អាតរបស់កម្ពុជា ព្រមទាំងការស្វាគមន៍ការហោះហើរត្រង់ថ្មីដំបូងរវាងរាជធានីភ្នំពេញ និងទីក្រុងPenang ដ៏ធំ និងមានព្រលានយន្តហោះដ៏មមាញឹកទី២ របស់ប្រទេសម៉ាឡេស៊ី រួមទាំងការជួយផ្សព្វផ្សាយឱ្យទូលំទូលាយ ពីយុទ្ធនាការរដូវកាលបៃតងរបស់កម្ពុជា (Green Season) ដល់ប្រជាជនម៉ាឡេស៊ី ការថតវីដេអូឃ្លីបជំរុញទេសចរណ៍រវាង លោករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរ និងកាលានុវត្តវិនិយោគរបស់កម្ពុជាដល់ប្រជាជន និងធុរជនម៉ាឡេស៊ី។
លោកឯកអគ្គរដ្ឋទូត បានកត់សំគាល់ថាកិច្ចសហការដ៏ល្អ និងប្រកបដោយផ្លែផ្កាដល់ប្រទេស និងប្រជាជនទាំងពីរ គឺកើតចេញពីការដឹកនាំប្រកបដោយភាពឈ្លាសវៃ គតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបាននាំកម្ពុជាអភិវឌ្ឍលើគ្រប់វិស័យ និងជួយពូនជ្រំថែបំប៉ន ពង្រឹងពង្រីកចំណងមិត្តភាពការទូតកម្ពុជា និងម៉ាឡេស៊ីកាន់តែជិតស្និទ្ធ និងវិវឌ្ឍនជាលំដាប់ ជាពិសេសលើការផ្លាស់ប្តូរប្រជាជន ទេសចរដែលកាន់តែសកម្ម ក្នុងអាណត្តិរបស់ឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ៕