ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ជាពលរដ្ឋកម្ពុជាក្នុងមូលដ្ឋានឃុំ សង្កាត់នៅមិនទាន់បានទាញប្រយោជន៍ពីវិស័យដីធ្លី សម្រាប់ជាចំណូលរបស់ខ្លួនបានច្រើន នៅឡើយទេ ។ អ្នកជំនាញនៃវិស័យអចលនទ្រព្យ និងដីធ្លីបានលើកឡើងថា ការអភិវឌ្ឍវិស័យដីធ្លីនៅក្នុងមូលដ្ឋាន នឹងនាំចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់បានកាន់តែច្រើន។
អ្នកស្រីGrace Rachny Fongអគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានឱ្យដឹងកាលពីពេលថ្មីៗនេះថា វិស័យដីធ្លីបានដើរតួនាទីសំខាន់ណាស់ ដើម្បីឱ្យឃុំសង្កាត់នីមួយៗ នៅទូទាំងប្រទេស មានចំណូលទៅដល់ប្រជាពលរដ្ឋបានច្រើន ហើយឃុំនីមួយៗនៅតាមបណ្ដាខេត្ត ក៏មានសក្ដានុពលដីធ្លីផ្សេងៗគ្នាផងដែរ ។
អ្នកស្រីបន្តថា សម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើង មុននឹងធ្វើការដាំដុះឬកែប្រែដីធ្លី នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវសិក្សាទៅលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាប្រព័ន្ធទឹក ហើយបើនៅបណ្ដាប្រទេសផ្សេងៗដែលរីកចម្រើន ការធ្វើកសិកម្មរបស់គេ គឺអាចធ្វើបានស្ទើរតែពេញមួយឆ្នាំទៅហើយ ពីព្រោះគេបានរៀបចំកន្លែងស្តុកទឹកបានត្រឹមត្រូវ ខុសពីក្នុងប្រទេសកម្ពុជាយើង តំបន់ខ្លះធ្វើបានតែកន្លះឆ្នាំ ហើយកន្លះឆ្នាំនោះស្ទើរតែមិនមានទឹកសម្រាប់ស្រោចស្រពបានគ្រប់គ្រាន់ផង។
អ្នកស្រីបន្ថែមថា អ្នកស្រីលើកទឹកចិត្តដល់ពលរដ្ឋ ដែលជាម្ចាស់ដីហើយត្រូវនឹងដំណាំកសិកម្ម និងបានហុចផលប្រយោជន៍ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិគួរបន្តរក្សាដីនោះ ដូចជា ដីនៅបាត់ដំបងសម្រាប់ដំណាំស្រូវ ខេត្តកំពតដែលត្រូវនឹងដំណាំម្រេច និងទុរេនគួរបន្តទុក ។ ហើយដីណាដែលគិតថា អាចទាញប្រយោជន៍ ពីការអភិវឌ្ឍអចលនទ្រព្យយើងអាចកែប្រែទៅការអភិវឌ្ឍអចលនទ្រព្យ ។
បើតាមលោកសន សៀបនាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យឃីរៀលអ៊ីស្ទេតបានលើកឡើងថា ដីធ្លីនៅកម្ពុជាមានសក្ដានុពលធំធេង និងទំនេរច្រើន។ យើងយកដីមួយចំនួនទៅអភិវឌ្ឍន៍ យើងក៏មិនភ័យព្រួយពីការបាត់បង់ដីសម្រាប់ធ្វើកសិកម្មនោះទេ ជាក់ស្ដែងតាមបណ្ដាដីកសិកម្មធំធេងនៅទំនេរនិងមិនទាន់បានអភិវឌ្ឍន៍នៅឡើយ ។
លោកបន្តថា ការអភិវឌ្ឍដីធ្លីមិនថា ទៅជាអភិវឌ្ឍន៍អ្វីនោះទេ ឱ្យតែទទួលបានប្រយោជន៍គួរលើកទឹកចិត្ត ព្រោះវានាំមកនូវចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបានច្រើន និងជួយជំរុញដល់សេដ្ឋកិច្ចកម្ពុជាយើងផងដែរ៕