ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ខុនដូប្រណីត និងមានតម្លៃខ្ពស់ទំនងជាចាប់ផ្តើមឆ្អែតបណ្តើរៗនៅក្នុងទីផ្សារហើយ ខណៈក្រុមហ៊ុនមួយចំនួនបានចាប់ផ្តើមសម្លឹងចាប់យកទីផ្សារថ្មី ដោយផ្តោតលើខុនដូមានតម្លៃមធ្យម។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានលើកឡើងកាលពីពេលថ្មីៗនេះថា នៅឆ្នាំនេះមានគំរោងខុនដូចំនួន៣ មានផ្ទះជាង២០០០យូនីត បានប្រកាសលក់គំរោងរបស់ពួកគេ ដោយផ្តោតលើប្រជាជនមានជីវភាពមធ្យម ដែលជាក្រុមប្រជាជនមានចំនួនច្រើន និងអាចមានលទ្ឋភាពទិញខុនដូទាំងនោះបាន។ អ្នកនាងបន្តថា ខុនដូដែលបានប្រកាសលក់ និងសាងសង់នៅដើមឆ្នាំនេះមានដូចជាគំរោង ARAKAWA, Urban Village, ជាដើម។
អ្នកនាងបន្តថា “ខ្ញុំគិតថាទីផ្សារខុនដូ ដែលផ្តោតលើប្រជាជនមានជីវភាពមធ្យម ពួកគេអាចទទួលបានជោគជ័យ ដោយសារប្រជាជនក្នុងស្រុកអាចមានលទ្ឋភាពទិញបាន ហើយនិន្នាការប្រជាជនក្នុងស្រុកទិញខុនដូក៏កើនឡើងផងដែរ។
ខុនដូតម្លៃមធ្យមសំដៅដល់ខុនដូ ដែលសាងសង់លក់ក្នុងតម្លៃចន្លោះពី ៣០,០០០ ទៅ៥០,០០០ដុល្លារអាមេរិកក្នុងមួយយូនីត។
លោក ទុយ ប៊ុន ភាគហ៊ុននិកទទួលបន្ទុកផ្នែកបច្ចេកទេស នៃក្រុមហ៊ុនលំនៅដ្ឋាន L កម្ពុជាភ្នំពេញ ដែលបានសាងសង់ខុនដូចំនួន៥គំរោង ដែលមានតម្លៃចន្លោះពី២៩០០០ដល់៥ម៉ឺនដុល្លារ ក្នុងមួយយូនីតបានថ្លែងថា ប្រជាជនក្នុងស្រុកកាន់តែច្រើនបានចាប់ផ្តើមចាប់អារម្មណ៍ទិញខុនដូច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែនៅឆ្នាំនេះមានប្រជាជនចិនកាន់តែច្រើនបានទិញខុនដូរបស់លោក ដោយពួកគេបានម៉ៅយក១០០យូនីតឬច្រើនជាងនេះដើម្បីលក់បន្ត។
លោកបន្តថា “ការសាងសង់ដោយផ្តោតតម្លៃចន្លោះពី៩០០ ទៅ១២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ជាគោលដៅត្រឹមត្រូវ ហើយខ្ញុំមិនបារម្ភពីខុនដូរបស់ខ្ញុំលក់មិនចេញនោះទេ។លោកបន្តថា “ហេតុផលដែលយើងសាងសង់ខុនដូតម្លៃមធ្យម ដោយសារប្រជា ជនមានជីវភាពមធ្យមមានចំនួនច្រើន និងទីតាំងគំរោងរបស់យើងមិនសមស្របសម្រាប់ខុនដូមានតម្លៃថ្លៃ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក គីម ហ៊ាង បានថ្លែងថា លោកគិតថាការសាងសង់ខុនដូតម្លៃមធ្យម នឹងទទួលបានជោគជ័យ ពិសេសតំបន់ស្ថិតក្នុងខ័ណ្ឌចំការមក និងខ័ណ្ឌដូនពេញ ទីតាំងដែលសំណង់នានាបានដុះដាលនិងស្ទើររកដីសាងសង់មិនបានរួចទៅហើយ។ លោកបន្តថា បើសាងសង់ខុនដូនៅតំបន់នេះកំពស់១៥ទៅ២៥ជាន់ ហើយលក់ក្នុងតម្លៃចន្លោះពី៨០០ទៅ១២០០ដុល្លារក្នុងមួយម៉ែត្រការ៉េនឹងទទួលបានជោគជ័យ ព្រោះប្រជាជនក្នុងស្រុកទោះបីជាចង់ទិញផ្ទះក្នុងតម្លៃចន្លោះពី៤០,០០០ទៅ៦០,០០០ដុល្លារ ក៏ទិញបានផ្ទះនៅជាន់ទី២ទៅទី៤ដែរ ហើយវាជាផ្ទះចាស់ និងមិនមានហេដ្ឋារចនាសម្ព័ន្ឋសមស្រប។
លោកបន្តថា “បើសិនជាមានអ្នកវិនិយោគសាងសង់ខុនដូ ក្នុងតម្លៃខាងលើនេះ ខ្ញុំជឿថានឹងមានការគាំទ្រពីប្រជាជនក្នុងស្រុក ព្រោះខុនដូមិនដូចផ្ទះល្វែងចាស់ៗទេ ដោយសារខុនដូមានជណ្តើរយន្ត មានសេវាកម្មសន្តិសុខ និងសេវាកម្មបំរើការរស់នៅប្រសើរជាងផ្ទះល្វែង។
លោកណារិទ្ឋ ហៅធូប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលបានទិញខុនដូតម្លៃមធ្យមមួយ នៅតំបន់បឹងត្របែកបានលើកឡើងថា ការពិតលោកមានផ្ទះផ្ទាល់ខ្លួនរួចទៅហើយ តែលោកបានទិញខុនដូមួយទៀត ដោយសារលោកចង់ផ្លាស់ប្តូរបរិយាកាសក្នុងការរស់នៅ និងទុកសម្រាប់កូនៗរបស់លោកនាពេលអនាគត។លោកបន្តថា លោកគិតថាការរស់នៅខុនដូនឹងមានភាពខុនគ្នាពីផ្ទះល្វែងជាប់ដី ដោយសារខុនដូមានកំពស់ខ្ពស់ និងមានសេវាកម្មដែលធ្វើឲ្យការស្នាក់នៅរបស់យើងមានភាពកក់ក្តៅ និងផាសុខភាព។
លោកបន្តថា “ខ្ញុំគិតថាប្រជាជននឹងជ្រើសរើស រស់នៅតាមខុនដូកាន់តែច្រើននាពេលអនាគត ព្រោះបច្ចុប្បន្នមិត្តភ័ក្តខ្ញុំមួយចំនួនក៏បានទិញខុនដូសម្រាប់រស់នៅដែរ ដោយសារវាជា Lifestyle ថ្មីមួយ”៕