អ្នកជំនាញជាតិ អន្តរជាតិៈ កម្ពុជានៅតែស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគបរទេសក្រោយវិបត្តិកូវីដ

0

ដោយៈជេស៊ីកា

ភ្នំពេញៈ អ្នកជំនាញជាតិ អន្តរជាតិបានលើកឡើងថា កម្ពុជានៅតែជាប្រទេសមានភាពទាក់ទាញការវិនិយោគពីបរទេស និងមានភាពទាក់ទាញជាងបណ្តាប្រទេសក្នុងតំបន់ ដោយសារលក្ខខ័ណ្ឌជាច្រើន។

អគ្គនាយិកាក្រុមហ៊ុន ProPNex Cambodia អ្នកស្រីអាន សុធីតា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២២ មិថុនាកន្លងមកថា បន្ទាប់ពីរយៈពេល៤ខែដើមឆ្នាំនេះ វិស័យអចលនទ្រព្យកម្ពុជាបានចាប់ផ្តើមមានភាពប្រសើរឡើងវិញបណ្តើរៗ ទាក់ទងនឹងដីធ្លី ទីផ្សារជួល និងការលក់ខុនដូ ហើយបណ្តាខេត្តមានសក្តានុពល មួយចំនួនមានសកម្មភាពទិញ លក់ដីធ្លីឡើងវិញ។

អ្នកស្រីបន្តថា “សម្រាប់ខ្ញុំសុខភាពក្នុងវិស័យនេះ មានភាពល្អប្រសើរហើយ ពិសេសកម្ពុជានៅតែមានភាពទាក់ទាញ ការវិនិយោគពីបរទេស ដោ​យសារផលចំណេញ ពីការវិនិយោគនៅមានអត្រាចន្លោះ៥ ទៅ៦ភាគរយ ក្នុងមួយឆ្នាំ”។ អ្នកស្រីបន្តថា “ផលចំណេញពីការវិនិយោគពីបរទេសនៅកម្ពុជា នៅតែខ្ពស់ជាងប្រទេសក្នុងតំបន់ ដែលមានអត្រាចំណេញចន្លោះត្រឹម២ទៅ៤ភាគរយក្នុងមួយឆ្នាំប៉ុណ្ណោះ”។

អ្នកស្រីអាន សុធីតា បានបន្តថា ទោះជាបច្ចុប្បន្នលំហូរ FDI (លំហូរទុនវិនិយោគពីបរទេស) ថមថយក្តី ប៉ុន្តែនាពេលខាងមុខទីផ្សារកម្ពុជា នឹងទាក់ទាញការវិនិយោគពីបរទេសឡើងវិញច្រើន។

ជាមួយគ្នានេះ លោក Tom OSullivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh ដែលបានសិក្សាច្រើនលើទីផ្សារនេះបានលើកឡើង​ស្រដៀងគ្នាថា កម្ពុជាមានភាពទាក់ទាញច្រើន សម្រាប់ការវិនិយោគពីបរទេ​ស ហើយជនបរទេសនៅតែសម្លឹងមើលកម្ពុជា ក្នុងក្រសែភ្នែករបស់ពួកគេ។

លោកបន្តថា “វិនិយោគិនបរទេសនឹងចូលមកកម្ពុជាច្រើន ព្រោះទីផ្សា​រនេះនៅតែមានភាពរ៉ឹងមាំ បើទោះបីជារងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដក្តី”។​ លោកបន្តថា “បើធៀបឧស្សាហកម្មអចលនទ្រព្យកម្ពុជា អូស្រ្តាលី កម្ពុជាមានភាពប្រសើរជាង ព្រោះអ្នកវិនិយោគមកកម្ពុជា ដើម្បីរកផលចំណេញ ប៉ុន្តែអ្នកទិញអចលនទ្រព្យនៅអូស្រ្តាលី ភាគច្រើនទិញលំនៅដ្ឋានសម្រាប់ការស្នាក់នៅរៀនសូត្រសម្រាប់កូនៗរបស់ពួកគេ”។

លើសពីនេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ក្រោ​យវិបត្តិនេះ អ្នកប្រមូលទិញអចលនទ្រព្យបានច្រើន នឹងមានឱកាសទទួល​បានផលចំណេញច្រើន ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមគឺខ្វះទុន សម្រាប់ទិញទុកសម្រាប់ប្រជាពលរដ្ឋមួយចំនួន។

លោកបន្តថា “អ្នកទិញអចលនទ្រព្យ ព្រោះតែពួកគេមើលឃើញផលចំនេញ ដោយសារកម្ពុជានៅតែជាប្រទេស ទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ”។

លោកបន្តថា “តម្លៃអចលនទ្រព្យនៅកម្ពុជា ទាំងដីធ្លី ទាំងការជួល នៅមានកម្រិតទាបធៀបនឹងប្រទេសក្នុងតំបន់ ហេតុនេះទើបកម្ពុជានៅតែបន្តទាក់ទាញការវិនិយោគច្រើន ពីបរទេសនាពេលអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here