ដោយៈ សុផារី
ភ្នំពេញៈ ដើម្បីដណ្តើមចំណែកទីផ្សារក្នុងការលក់បុរី អ្នកអភិវឌ្ឍន៍បានប្រើប្រាស់នូវយុទ្ធសាស្រ្តទីផ្សារជាច្រើន មានទាំងការបញ្ជុះតម្លៃ ការផ្តល់ជូនពិសេស ការបន្ថែមអត្ថប្រយោជន៍នានា។
នាពេលថ្មីៗនេះ គេសង្គេតឃើញមាននិន្នាការថ្មីមួយបាន និងកំពុងត្រូវបានប្រើប្រាស់ ដើម្បីទាក់ទាញអតិថិជន ឱ្យមកទិញលំនៅឋានបុរីពីសំណាក់អ្នកអភិវឌ្ឍន៍ នោះគឺ “ទិញផ្ទះ ឈ្នះឡាន”។
អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ CBRE Cambodia បានមានប្រសាសន៍ថា “យើងបានមើលឃើញអ្នកអភិវឌ្ឍន៍ កំពុងផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសជាច្រើន បន្ថែមដោយជម្រើសបង់ប្រាក់ និងកញ្ចក់ប្រូម៉ូហ្សិនពិសេសយ៉ាងច្រើនសន្ធឹកសន្ធាប់”។
អ្នកជំនាញរូបនេះលើកឡើងថា ក្នុងនោះ ឃើញមាននិន្នាការថ្មីមួយ កំពុងកើនឡើងនៅក្នុងទីផ្សារលំនៅឋាន ប្រភេទបុរី “ទិញផ្ទះ ឈ្នះឡាន”។
អ្នកនាងមានប្រសាសន៍ថា “ជាឧទាហរណ៍ និន្នាការនៃការទិញផ្ទះ ឈ្នះឡាន បានក្លាយទៅជារឿងធម្មតាមែនទែន ជាពិសេសភ្ជាប់ជាមួយនឹងជម្រើសនៃការបង់ប្រាក់”។
ការផ្តល់ជូនពិសេសនេះ កើតឡើងស្របពេលការរីកចម្រើននៃឧស្សាហកម្មយានយន្ត កំពុងកើនឡើងខ្ពស់នៅក្នុងប្រទេសកម្ពុជា ដោយក្រុមអ្នកអភិវឌ្ឍន៍ បានចាប់ដៃគូរសហការ ជាមួយក្រុមហ៊ុនយានយន្តទាំងនោះ ដើម្បីផ្តល់ជូនការចាប់រង្វាន់ពិសេស ជាកាតាលីករស្រូបទាញឱ្យអតិថិជន ជ្រើសរើសជម្រើសបុរីរបស់ខ្លួន។
អ្នកនាងកេសាបន្តថា “ជាពិសេស ស្របពេលវិស័យឧស្សាហកម្មយានយន្តបាន និងកំពុងបន្តពង្រីកខ្លួន នៅក្នុងប្រទេសកម្ពុជា ក្រុមអ្នកអភិវឌ្ឍន៍បុរីនានា បានសម្រេចចាប់ដៃគូរសហការ ជាមួយក្រុមហ៊ុនយានយន្តទាំងនោះ ជាអ្នកផ្គត់ផ្គង់ ដើម្បីបន្ថែមការទាក់ទាញអតិថិជនបន្ថែមទៀត”។
ជាមួយគ្នានេះដែរ របាយការណ៍ប្រចាំឆមាសទី២ ឆ្នាំ២០២២ ដែលបានបង្ហាញដោយក្រុមហ៊ុន អចលនទ្រព្យអន្តរជាតិមួយនេះបានឱ្យដឹងថា វិស័យឧស្សាហកម្មយានយន្ត នៅក្នុងប្រទេសកម្ពុជា បាននិងកំពុងរីកចម្រើនជាលំដាប់។
លោក Lawrence Lennon នាយកប្រតិបត្តិ CBRE Cambodia បានឱ្យដឹងថា ការរីកចម្រើននេះកើតមានឡើង ក្រោយមានវត្តមាននៃការចូលមកដល់ នៃក្រុមហ៊ុនលំដាប់ពិភពលោក RMA Cambodia ដែលបានដាក់ដំណើរការរោងចក្រដំឡើងរថយន្ត Ford នៅក្នុងខេត្តពោធិ៍សាត់ និងដំណើរហូរចូល នៃស្លាកយីហោរថយន្តចំនួន៤ផ្សេងទៀត មកកាន់ទីផ្សារកម្ពុជាបន្ថែមទៀត៕