ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ក្នុងរយៈពេល៦ខែកន្លងមកហើយ ក្នុងឆ្នាំ២០២២នេះ វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា មានការប្រែប្រួលតិចតួច ជាពិសេសចរន្តនៃការទិញលក់ជួលអចលនទ្រព្យ។
ក្នុងរយៈពេល៦ខែទៅមុខទៀត ចរន្តនៃការទិញលក់ជួលអចលនទ្រព្យ ក្នុងប្រទេសកម្ពុជានឹងមានកំណើនឡើងបន្តទៀត។
លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Founder Appraisal បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី១៣ កក្កដាថា ក្នុងរយៈពេល៦ខែកន្លងមកនេះ វិស័យដីធ្លីក្នុងប្រទេសកម្ពុជាមិនមានការកើនឡើងតម្លៃប៉ុន្មាននោះទេ ប៉ុន្តែមានកំណើនទៅលើចរន្ត ដូចជាចរន្តនៃការទិញលក់ និងជួលអចលនទ្រព្យ ហើយចរន្តនេះ នឹងបន្តកើនឡើងបន្ថែមទៀតនៅក្នុងរយៈពេល៦ខែទៅមុខ ដោយរំពឹងថានឹងមានកំណើនការអភិវឌ្ឍ វិនិយោគកាន់តែច្រើនជាពិសេសពីប្រភពខាងក្រៅ ។
លោកឧកញ៉ាបន្តថា “អ្នកមានលទ្ធភាព ក្នុងការបណ្ដាក់ទុនវិនិយោគលើដីធ្លី គួរតែឆក់ឱកាសនេះ ដើម្បីរកប្រាក់ចំណេញនៅពេលអនាគតឬអាចនិយាយថាបង្កើតធនាគារដី ដោយប្រមូលទិញយកដីទាំងនោះ សម្រាប់ផ្ដល់ជូនអ្នកអភិវឌ្ឍន៍នៅពេលស្ថានភាពបានប្រសើរឡើង”។
លោកឧកញ៉ានួន រិទ្ឋីបានបន្តទៀតថា តាមពិតទៅវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាពេលនេះ វាមិនអាក្រក់ណាស់ណាទេ បើធៀបនឹងឆ្នា២០១៩ ហើយមកដល់ពេលនេះដែរ វិស័យនេះនឹងនៅតែបន្តឈានទៅមុខបន្តបន្ទាប់ ដោយយើងរំពឹងថាឆ្នាំ២០២៣វិស័យនេះ នឹងប្រសើរឡើងខ្លាំងតែម្ដង ។
លោកបន្ថែមថា បច្ចុប្បន្ននេះ ដីធ្លីមួយចំនួននៅតែមានការបញ្ជាទិញពីសំណាក់វិនិយោគិនបរទេស ដើម្បីត្រៀមអភិវឌ្ឍន៍និងអភិវឌ្ឍន៍ភ្លាមៗ។ ទីតាំងណាដែលមានហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ ភ្លើងទឹក គ្រប់គ្រាន់នៅតែមានការបញ្ជាទិញដើម្បី អភិវឌ្ឍន៍ជារោងចក្រ ឧស្សាហកម្មផ្សេងៗ ។
ជាមួយគ្នានេះ លោកព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century 21 Zillion Holding បានមានប្រសាសន៍ថា ចាប់តាំងពីដើមឆ្នាំ ២០២២មកវិស័យដីធ្លី ហាក់មានសញ្ញាវិជ្ជមានឡើងវិញ ហើយរំពឹងថានៅចុងឆ្នាំ២០២២នេះ និងដើមឆ្នាំ២០២៣ខាងមុខ វិស័យដីធ្លីនិងចលនទ្រព្យនឹងមានភាពល្អប្រសើរខ្លាំងបន្ថែមទៀត។
លោកបន្តថា “បច្ចុប្បន្ននេះ បណ្ដាខេត្តជាច្រើន នៃប្រទេសកម្ពុជាមានសក្ដានុពលល្អប្រសើរ ដោយមានសកម្មភាពទិញលក់កាន់តែច្រើន និងមានការវិនិយោគពីសំណាក់វិនិយោគិន ក្នុងស្រុកក្នុងនោះដែរវិស័យកសិកម្មក៏ជាវិស័យមួយ ដែលជួយជំរុញឱ្យវិស័យដីធ្លីមានសន្ទុះជាងមុនដែរ”៕