ដោយៈ សុផារី
ភ្នំពេញៈ ចំនួនអាគារការិយាល័យ ដែលត្រូវបានចាក់បញ្ចូលទៅក្នុងទីផ្សារអចលនទ្រព្យ ក្នុងទីក្រុងភ្នំពេញបានធ្លាក់ចុះ ដោយមានត្រឹមតែគម្រោងមួយប៉ុណ្ណោះ ដែលបានបើកសម្ពោធឱ្យដំណើរការ។
ការបន្ថយល្បឿនការផ្គត់ផ្គង់ការិយាល័យ ត្រូវបានមើលឃើញថា ជាសញ្ញាល្អមួយ ដើម្បីជួយឱ្យទីផ្សារមួយនេះ ស្រូបយកការិយាល័យ ដែលទំនេរនៅសល់ដទៃទៀត។
អ្នកនាងជិន ដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៣ កក្កដាថា ក្នុងឆ្នាំ២០២២ទាំងមូល ទីផ្សារការិយាល័យរំពឹងទទួលបានការផ្គត់ផ្គង់សរុបចំនួន១០០.០០០ម៉ែត្រក្រឡា ប៉ុន្តែតាមរយៈការសិក្សាបានបង្ហាញថា ប្រមាណ៦០ភាគរយនៃការផ្គត់ផ្គង់ ដែលរំពឹងទុកនោះ ត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២៣។
គិតត្រឹមចុងឆ្នាំ២០២២ មានត្រឹមតែ៤០.០០០ម៉ែត្រក្រឡាតែប៉ុណ្ណោះ ដែលនឹងផ្គត់ផ្គង់ចូល ទៅក្នុងទីផ្សារការិយាល័យក្នុងក្រុងភ្នំពេញ។
អ្នកជំនាញរូបនេះឱ្យដឹងថា ការបន្ថយល្បឿនការផ្គត់ផ្គង់ការិយាល័យនេះជាសញ្ញាល្អមួយ ដើម្បីជួយឱ្យទីផ្សារមួយនេះ មានពេលគ្រប់គ្រាន់ ក្នុងការស្រូបយកការិយាល័យដែលទំនេរ ដោយអត្រាការិយាល័យ ដែលបានគ្រប់គ្រងរួច ក្នុងឆមាសទី២ឆ្នាំនេះ ប្រមាណ៦៧ភាគរយ ស្មើនឹងឆមាសទី១ ឆ្នាំ២០២២ដែរ។
អ្នកនាងដាលុច្សបន្តថា “រហូតមកដល់បច្ចុប្បន្ន ទីផ្សារមួយនេះបានភាពធន់ខ្ពស់ ដោយសារសញ្ញានៃការធ្លាក់ចុះនៃការផ្គត់ផ្គង់ មិនមានគម្រោងថ្មី ដែលជួយគាំទ្រឲ្យអត្រាគ្រប់គ្រងការិយាល័យមានស្ថិរភាព”។
ទោះជាយ៉ាងណាក្តី រាល់ការិយាល័យ ដែលត្រូវបានពន្យារពេល នឹងបន្តបញ្ចប់ការសាងសង់រហូតដល់ឆ្នាំ២០២៣ ដោយរំពឹងថា ការផ្គត់ផ្គង់សរុបនៃការិយាល័យ នឹងកើនឡើងដល់១លានម៉ែត្រក្រឡា។
អ្នកនាងបន្ថែមថា “នៅក្នុងឆ្នាំ២០២៣ យើងរំពឹងថា ការផ្គត់ផ្គង់សរុបនៃការិយាល័យ នឹងកើនឡើងដល់១លានម៉ែត្រក្រឡា ក្នុងក្រុងភ្នំពេញ ក្នុងនោះ៤០ភាគរយ នៃការផ្គត់ផ្គង់សរុបនោះនឹងចុះបញ្ជី”៕