ដោយ: លាងហួរ
ប្រទេសថៃ: រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនប្រទេសថៃ លោកSaksayam Chidchob បាននិយាយកាលពីថ្ងៃអាទិត្យថា មន្ត្រីមកពីក្រសួងមួយចំនួនរបស់ប្រទេសថៃ នឹងធ្វើទស្សនកិច្ចនៅក្រុងវៀងចន្ទន៍ នៅដំណាច់ខែសីហានេះដើម្បីពិភាក្សាអំពីការពង្រីកផ្លូវដែកចិន-ឡាវ។
កិច្ចពិភាក្សាដែលគ្រោងនឹងរៀបចំឡើង ចាប់ពីថ្ងៃទី៣០ខែសីហាដល់ថ្ងៃទី១ខែកញ្ញា នឹងផ្តោតជាសំខាន់លើការសាងសង់ផ្លូវដែក ភ្ជាប់ទីក្រុងវៀងចន្ទន៍ជាមួយទីក្រុងNong Khaiក្នុងប្រទេសថៃ។
ការពង្រីកផ្លូវរថភ្លើងប្រទេសទាំងបីរបស់ថៃ ក៏មានការចូលរួមពីក្រសួងហិរញ្ញវត្ថុ បរទេស កសិកម្ម និងពាណិជ្ជកម្មផងដែរ។
លោកSaksayam បាននិយាយថា ផ្លូវដែករដ្ឋថៃ (SRT) នឹងពន្លឿនការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន Nong Khai-Bangkok និងការអភិវឌ្ឍន៍ស្ថានីយ៍ Nong Khaiជាមជ្ឈមណ្ឌលពាណិជ្ជកម្ម។
លោកបានបន្តថា SRT ក៏នឹងស្នើគម្រោងផ្លូវរថភ្លើង ពីរផ្លូវពីNong KhaiទៅKhon Kaenដល់គណៈរដ្ឋមន្ត្រីផងដែរ។
ជាមួយគ្នានេះ នាយកដ្ឋានផ្លូវជាតិថៃ ក៏នឹងពន្លឿនការស្នើសុំថវិកាសម្រាប់សិក្សាការសាងសង់ស្ពានថ្មី ឆ្លងកាត់ទន្លេមេគង្គផងដែរ៕