ដោយៈ សុផារី
ភ្នំពេញៈ ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ល្បី លំដាប់ពិភពលោក H&M នៅថ្ងៃទី១៤ ខែសីហា បានចុះអនុស្សារណៈនៃការយោគយល់ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដើម្បីបើកសាខាថ្មីបន្ថែមមួយទៀត នៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដោយគ្រោងនឹងបើកដំណើរការ នៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ។
ក្រុមហ៊ុន H&M មាន រោងចក្រ ផលិតសម្លៀកបំពាក់ នៅប្រទេសកម្ពុជា ចាប់តាំងពីទសវត្សរ៍ ឆ្នាំ១៩៩។
វត្តមាននៃសាខាថ្មីទី២ របស់ក្រុមហ៊ុន H&M ដែលជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ល្បីល្បាញ របស់ប្រទេសស៊ុយអែតនេះ កើតមានឡើងក្រោយការបើកដំណើរការ សាខាដំបូងរបស់ខ្លួននៅក្នុងឆ្នាំ២០២២ ដែលមានទីតាំងនៅក្នុងផ្សារទំនើបអ៊ីអន១។
លោក Philippe Lassaux នាយកក្រុមហ៊ុន H&M បានឱ្យដឹងថា សាខាថ្មីរបស់ក្រុមហ៊ុន H&M មានទំហំធំរហូតដល់ទៅ២.១០០ម៉ែត្រការ៉េ និងមានរហូត២ជាន់ ជាមួយនឹងការរចនាយ៉ាងទាក់ទាញ ដែលគ្រោងនឹងបើកសម្ពោធនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ស្របពេលជាមួយគ្នាទៅនឹងការបើកសម្ពោធសាកល្បង នៃមណ្ឌលផ្សារទំនើបខ្នាតយក្សជីប ម៉ុង ២៧១ មេហ្គាម៉ល។
តាមរយៈរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយនៅក្នុងខែកក្កដា កន្លងមកបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២ ការផ្គត់ផ្គង់ទីផ្សារលក់រាយ មានផ្ទៃក្រឡាសរុបចំនួនត្រឹម១៧ម៉ឺនម៉ែត្រការ៉េ ហើយគិតត្រឹមដំណាច់ ឆ្នាំ២០២២ ផ្ទៃក្រឡាកន្លែងលក់រាយសរុបមានចំនួន១៩ម៉ឺនម៉ែត្រការ៉េ។
ក្នុងនោះគិតត្រឹមឆមាសទី១ ឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ មានស្លាកយីហោជាង៤៦ បានពង្រីកសាខារបស់ខ្លួនបន្ថែមទៀត ក្នុងនោះមានស្លាកយីហោបរទេសចំនួន៣០ និងស្លាកយីហោក្នុងស្រុកចំនួន១៦។
លោកស្រី លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា “កិច្ចសហការនេះ ក៏បង្ហាញពីគោលដៅរួម ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ និងការជំរុញឲ្យមានការបញ្ជាទិញក្នុងស្រុកកាន់តែច្រើន ព្រោះប្រជាជនកម្ពុជាពុំចាំបាច់ធ្វើដំណើរទៅក្រៅប្រទេស ដើម្បីទិញសម្លៀកបំពាក់ម៉ាក H&M ទៀតនោះទេ”។
ក្រុមហ៊ុន ជីប ម៉ុង រីថែល ជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគ ទឹកប្រាក់ប្រមាណ៥០០លានដុល្លារអាមេរិក ដើម្បីពង្រីកអាជីវកម្មក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា ដោយផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាគម្រោងវិនិយោគធំជាងគេបំផុតរបស់ក្រុមហ៊ុននេះ មានទីតាំងនៅតំបន់ពាណិជ្ជកម្ម ដ៏មមាញឹកមួយនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ៕