វិនិយោគិនបរទេសសម្លឹងមើលទីផ្សារខុនដូនៅកម្ពុជាប្រៀបដូចកូនក្រមុំដ៏ស្រស់ស្អាត

0

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រៀបធៀបនឹងប្រទេសជិតខាង កម្ពុជាជាប្រទេសតូចតែមានសក្តានុពលធំលើការវិនិយោគ។ ជាក់ស្តែង អ្នកវិនិយោគបរទេស ដែលចូលមកវិនិយោគវិស័យអចលនទ្រព្យ ជាពិសេសទីផ្សារខុនដូ សម្លឹងប្រទេសកម្ពុជាប្រៀបបាននឹងកូនក្រមុំក៏ស្រស់ស្អាតមួយ។

លោក ខន គង្គា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ERA បានលើកឡើងថា លំហូរនៃជនបរទេសចូលមកកម្ពុជាក៏បានជំរុញឱ្យទីផ្សារខុនដូរីកចម្រើន ដោយអ្នកវិនិយោគទាំងនោះសម្លឹងកម្ពុជាប្រៀបបាននឹងកូនក្រមុំក៏ស្រស់ស្អាតមួយ ដែលមានសក្តានុពលល្អៗជាច្រើន។

លោកបានលើកឡើងថា “កម្ពុជាមានការបើកជើងហោះហើរមកពីបរទេសច្រើន មកពីថៃ មកពីសិង្ហបុរី និងបណ្តាប្រទេសនៅក្នុងតំបន់។ លំហូរនៃជនជាតិបរទេសក៏បានជំរុញឱ្យវិស័យអចលនទ្រព្យ ជាពិសេសទីផ្សារខុនដូ មានការរីកចម្រើនផងដែរ”។

លោកគង្គាបញ្ជាក់ឱ្យដឹងថា សម្រាប់ទស្សនៈវិនិយោគិនបរទេសមើលឃើញប្រទេសកម្ពុជាប្រៀបបានដូចជាកូនក្រមុំមួយក៏ស្រស់ស្អាត ដែលអំណោយផលទាំងតម្លៃដីធ្លី តម្លៃកម្លាំងពលកម្ម ប្រជាសាស្ត្ររបស់ប្រទេសយើងមានភាពទាក់ទាញខ្លាំង។

លោកបន្ថែមថា “នៅក្នុងតំបន់អាស៊ី ប្រាក់ខែបុគ្គលិកក៏សមរម្យ តម្លៃដីក៏នៅល្អមែនទែន បើប្រៀបធៀបនឹងប្រទេសថៃ វៀតណាម សិង្ហបុរី ជាដើម។ វាមានន័យថា នៅមានសក្តានុពលនៅរីកចម្រើនច្រើន”។

ជាមួយគ្នានេះ លោក ​ច្រឹក សុខនីម បានឱ្យដឹងថា ការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្នជាសញ្ញានៃភាពរីកចម្រើនមួយ ពោលគឺផលចំណូលពីការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាមានចំណូលខ្ពស់ បើប្រៀបធៀបទៅនឹងប្រទេសជិតខាងនៅក្នុងតំបន់។

ដោយឡែក សម្រាប់ប្រទេសកម្ពុជា លោក សុខនីម លើកឡើងថា កម្ពុជាក៏មានយន្តការគ្រប់គ្រប់ក្នុងការគាំទ្រ និងការពារផងដែរ ដូចជា ការផ្តល់សញ្ជាតិដល់វិនិយោគិនបរទេស ច្បាប់វិនិយោគថ្មី ដែលត្រូវបានបង្គើតមកពិសេសសម្រាប់ការទាក់ទាញជនជាតិបរទេស មក​វិនិយោគនៅក្នុងប្រទេសកម្ពុជា៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here