ដោយ: លាងហួរ
ប៉េកាំង: ខ្សែរថភ្លើងក្នុងទីក្រុងប៉េកាំងត្រូវបានគេរំពឹងថា នឹងសាងសង់ដល់ប្រវែងសរុប១៦២៥គីឡូម៉ែត្រ នៅឆ្នាំ២០២៥នេះ។នេះបើយោងតាមគណៈកម្មការផែនការ និងធនធានធម្មជាតិក្រុង។
គោលដៅត្រូវបានបង្ហាញ នៅក្នុងផែនការសម្រាប់បណ្តាញដឹកជញ្ជូនផ្លូវដែកសម្រាប់ឆ្នាំ២០២០ ដល់២០៣៥ដែលថ្មីៗនេះ ត្រូវបានអនុម័តដោយរដ្ឋាភិបាលក្រុង។
បណ្តាញដឹកជញ្ជូនផ្លូវដែក នៅទីក្រុងប៉េកាំងបច្ចុប្បន្ន មានចម្ងាយសរុប៧៨៣គីឡូម៉ែត្រ ហើយបណ្តាញដឹកជញ្ជូនផ្លូវដែក ជាយក្រុងរបស់វាមានប្រវែងសរុប៣៦៥គីឡូម៉ែត្រ។
ផែនការនេះក៏ស្នើផងដែរ ក្នុងការបង្កើនសមាមាត្រនៃការធ្វើដំណើរតាមផ្លូវដែក នៅក្នុងវិស័យដឹកជញ្ជូនសាធារណៈរបស់ទីក្រុងប៉េកាំង ដោយលើកកម្ពស់ការដឹកជញ្ជូនផ្លូវដែក ឱ្យស្មើនឹងជាង២៧ភាគរយ នៃការដឹកជញ្ជូនសាធារណៈ នៅក្នុងសង្កាត់កណ្តាលទីក្រុង និងអនុកណ្តាលរបស់ក្រុង។
ទីក្រុងប៉េកាំងចាត់ទុកបណ្តាញ ដឹកជញ្ជូនផ្លូវដែករបស់ខ្លួនថា ជាដំណោះស្រាយសុវត្ថិភាព ងាយស្រួល ប្រសិទ្ធភាព បៃតង និងសន្សំសំចៃ ដើម្បីកាត់បន្ថយការកកស្ទះនៅក្នុងទីក្រុង និងកាត់បន្ថយការបំភាយឧស្ម័ន៕