ចំណូលនាំចេញថាមពលរបស់រុស្ស៊ីកើនឡើងរហូតដល់៣៣៧,៥ពាន់លានដុល្លារនៅឆ្នាំនេះ

0

ដោយៈ សុខុម

អន្តរជាតិ: ទំហំនាំចេញប្រេងកើនឡើងកាន់តែខ្ពស់ រួមជាមួយនឹងប្រេ​ងឥន្ធនៈហក់ឡើងថ្លៃ បានជំរុញឱ្យប្រាក់ចំណូលរបស់រុស្ស៊ី ពីការនាំចេញថាមពលឈានរហូត ដល់៣៣៧,៥ពាន់លានដុល្លារ នៅឆ្នាំនេះ។

ផ្អែកតាមឯកសារមួយរបស់ក្រសួងសេដ្ឋកិច្ច ដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបានបង្ហាញថា ប្រាក់ចំណូលនេះ បានកើនឡើង៣៨%បើធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមសារទព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃពុធ ទី១៧ ខែសីហា។

ការកើនឡើងប្រាក់ចំណូលនេះ នឹងជួយជំរុញសេដ្ឋកិច្ចរបស់រុស្ស៊ី ក្នុងគ្រាកំពុងប្រឈមនឹងទណ្ឌកម្មធ្ងន់ធ្ងរ ជាបន្តបន្ទាប់របស់លោកខាងលិច។

ចំណូលនេះបានធ្វើឱ្យប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទទួលបានសាច់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ការចំណាយលើយោធា ឬដំឡើងប្រាក់ឈ្នួល និងប្រាក់សោធននិវត្តន៍ក្នុងគ្រា ដែលសេដ្ឋកិច្ចបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ហើយអតិផរណាកំពុងបំផ្លាញជីវភាព រស់នៅរបស់ពលរដ្ឋ។

ទោះជាយ៉ាងណា ក្រុមអ្នកវិភាគលើកឡើងថា ការកើនឡើងនូវប្រាក់ចំណូលថាមពលនេះ អាចប៉ះប៉ូវបានត្រឹមតែមួយផ្នែកប៉ុណ្ណោះ នៃការខូចខាតពីការដាក់ទណ្ឌកម្ម មកលើសេដ្ឋកិច្ចរុស្ស៊ីទាំងមូល។

លោក Janis Kluge ដែលមកពីវិទ្យាស្ថានអាល្លឺម៉ង់ សម្រាប់កិច្ចការអន្តរជាតិ និងសន្តិសុខ (German Institute for International and Security Affairs) លើកឡើងថា “ផលប៉ះពាល់នៃទណ្ឌកម្មមកលើសេដ្ឋកិច្ចរបស់រុស្ស៊ី គឺមិនស្មើគ្នានោះទេ”។ លោកបន្តថា “ក្នុងវិស័យមួយចំនួន ផលប៉ះពាល់ជាមហន្តរាយ ដូចជា ឧស្សាហកម្មរថយន្តជាដើម។ ចំណែកឯវិស័យប្រេង គឺមិនទាន់ទទួលរងផលប៉ះពាល់ទេសម្រាប់ពេលនេះ”។

អ្នកជំនាញរូបនេះគូសបញ្ជាក់ថា ក្រៅពីឧស្សាហកម្មរថយន្ត វិស័យព័ត៌មានវិទ្យា (IT) និងហិរញ្ញវត្ថុ ស្ថិតក្នុងចំណោមជាវិស័យ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត។

លោកបានបន្ថែមទៀតថា “វិស័យទាំងនេះ មានទំនាក់ទំនងខ្លាំងបំផុតទៅនឹងលោកខាងលិច ហើយជាលទ្ធផលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត”៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here