ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៤ទៀត សរុបទុនវិនិយោគ១៧លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។
តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់រោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុន R.G. FOOTWEAR (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៣២៨កន្លែង។
ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- “Xing Gang Wood Industry (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមបង្គុំ និងសម្ភារៈតុបតែងលំអធ្វើពីឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ២៥០នាក់។
២- “Zhejiang Jeni Furniture Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតសាឡុង និងស្រោមសាឡុង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៤០០នាក់។
៣- “FF.LL (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៨៣០នាក់៕