ដោយ៖ សុផារី
ភ្នំពេញ៖ ក្នុងកាលៈទេសៈដែលមិនសូវមានភ្ញៀវបរទេសចូលមកកាន់ប្រទេសកម្ពុជា ទីផ្សារខុនដូនៅកម្ពុជានៅបន្តមានដំណើរការទិញលក់ ក្នុងចំណោមអតិថិជននៅក្នុងស្រុក ដែលបង្ហាញថា ប្រជាជនកម្ពុជាចាប់ផ្តើមមានទំនោរក្នុងការងាកមករស់នៅ និងវិនិយោគលើជម្រើសវិនិយោគថ្មីមួយនេះ។
យ៉ាងណាក្តី អ្នកជំនាញមើលឃើញថា ទីផ្សារខុនដូនៅមានភាពពេញនិយមតិចជាងច្រើន ក្នុងចំណោមអតិថិជនក្នុងស្រុក បើប្រៀបធៀបទៅនឹងជនជាតិបរទេស។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ ទីផ្សារខុនដូនៅកម្ពុជាបានស្រូបយកអតិថិជន ដែលជាប្រជាជនខ្មែរប្រមាណ២៥ភាគរយ ហើយ៧៥ភាគរយផ្សេងទៀត គឺជាជនបរទេស។
លោក ច្រឹក សុខនីម បានបញ្ជាក់ថា តាមការប៉ាន់ស្មាន២៥ភាគរយនៃជនជាតិខ្មែរ ដែលរស់នៅខុនដូ គឺជាយុវវ័យដែលទើបតែត្រឡប់មកពីសិក្សាបរទេស ឬអ្នកទើបតែរៀបការហើយថ្មីថ្មោង ដែលអាចសម្របខ្លួន បានទៅនឹងការរស់នៅបែបលក្ខណៈបរិបទថ្មី។
ពាក់ព័ន្ធនឹងមូលហេតុដែលអតិថិជនក្នុងស្រុកភាគច្រើនមិនសូវនិយមក្នុងការទិញខុនដូ ដោយសារតែពូកគាត់មានទម្លាប់ចាស់ ដែលមិយមក្នុងការរស់នៅក្នុងបុរី ឬផ្ទះល្វែងច្រើនជាង ជាពិសេសមនុស្សវ័យចាស់។
លោកបានបន្តថា “ការណ៍ដែលប្រជាជនខ្មែរ មិនទាន់រស់នៅខុនដូច្រើន មិនមែនមកពីគ្មានលទ្ធភាពនោះទេ គឺដោយសារតែពលរដ្ឋភាគច្រើនទម្លាប់រស់នៅបុរី ឬផ្ទះល្វែង ជាពិសេសមនុស្សវ័យចាស់ ពួកគាត់មិនទម្លាប់រស់នៅបែបសម័យទំនើប”៕