ដោយៈជេស៊ីកា
ភ្នំពេញៈ ក្រុមហ៊ុនOCICកំពុងពន្លឿនការសាងសង់ផ្លូវ នៅលើទីក្រុងកោះនរា ដើម្បីឈានទៅបើកដំណើរការស្ពាន តភ្ជាប់រវាងទីក្រុងកោះនរា ទៅកាន់ផ្លូវជាតិលេខ១នៅខែ កញ្ញា ឆ្នាំ២០២២ខាងមុខនេះ។
អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី២២ សីហានេះថា ផ្លូវដែលបាននិងកំពុងសាងសង់ចេញ ពីចំណុចស្ពាតតភ្ជាប់ផ្លូវជាតិលេខ១ មកកាន់ទីតាំងក្បាលកោះនរា កន្លែងដែលបាននិងកំពុងសាងសង់ ស្ពានតភ្ជាប់មកកាន់ទីក្រុងកោះពេជ្រ មានប្រវែងប្រមាណ២៥០០ម៉ែត្រ។
លោកបន្តថា “ក្រុមហ៊ុនបាន និងកំពុងពន្លឿនសាងសង់ផ្លូវនេះ ព្រោះស្ពានតភ្ជាប់ទីក្រុងកោះនរា ទៅកាន់ផ្លូវជាតិលេខ១ នឹងបើកដំណើរការនៅខែកញ្ញាតាមការគ្រោងទុក”។ លោកបន្តថា “ស្ពាននេះនឹងជួយសម្រួលចរាចរណ៍ និងការកកស្ទះចរាចរបានច្រើននៅពេលបើកដំណើរការ”។
ទីក្រុងកោះនរា បាននិងកំពុងសាងសង់ ហេដ្ឋារចនាសម្ព័ន្ឋចាំបាច់នានា ដើម្បីប្រែក្លាយទីក្រុងនេះជាSmart City ខណៈបច្ចុប្បន្នគំរោងរបស់អ្នកវិនិយោគជាតិ អន្តរជាតិមួយចំនួនបានចាប់ផ្តើមសាងសង់ នៅលើទីក្រុង ដែលមានផ្ទៃដីទំហំ១២៥ហិកតានេះ៕