ដោយ: លាងហួរ
សឹង្ហបុរី: នាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា កំពង់ផែ Tuas នឹងក្លាយជាកំពង់ផែស្វ័យប្រវត្តិ ពេញលេញដ៏ធំបំផុតរបស់ពិភពលោក នៅពេលដែលវាត្រូវបានបញ្ចប់ទាំងស្រុងក្នុងរយៈពេលប្រហែល២០ឆ្នាំ។
ថ្លែងក្នុងឱកាសទិវាបុណ្យជាតិឆ្នាំនេះ លោកនាយករដ្ឋមន្ត្រីបានចែករំលែកព័ត៌មាន អំពីវឌ្ឍនភាពនៃកំពង់ផែ Tuas ក្នុងរយៈពេល១០ឆ្នាំបន្ទាប់ពីត្រូវបានប្រកាសជាលើកដំបូង។
លោក Lee បាននិយាយថា ដំណាក់កាលទី១នៃកំពង់ផែ Tuas ទើបតែត្រូវបានបញ្ចប់ ខណៈដំណាក់កាលទី២ ទី៣ និងទី៤នឹងត្រូវបន្ត។
លោកLeeបានបន្ថែមថា “នៅពេលកំពង់ផែនេះ ត្រូវបានសាងសង់បញ្ចប់ពេញលេញ រយៈពេលប្រហែល២០ឆ្នាំចាប់ពីពេលនេះ វានឹងអាចគ្រប់គ្រងស្ទើរតែទ្វេដង នៃបរិមាណដឹកទំនិញនាពេលបច្ចុប្បន្ននេះ”។
លោកLee បន្ថែមថា យើងនឹងមានកំពង់ផែស្វ័យប្រវត្តិពេញលេញដ៏ធំបំផុតរបស់ពិភពលោក ហើយនោះគួរតែធ្វើឱ្យយើងក្លាយ ជាប្រទេសឈានមុខគេនៅក្នុងលំហសមុទ្រ។
ក្រសួងដឹកជញ្ជូន (MOT)របស់សឹង្ហបុរីបានឱ្យដឹង នៅក្នុងឯកសារព័ត៌មានដាច់ដោយឡែកមួយកាលពីថ្ងៃអាទិត្យថា ការងារជួសជុលសម្រាប់ដំណាក់កាលទី១នៃកំពង់ផែ Tuas បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៥ហើយត្រូវបានបញ្ចប់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១។
ក្រសួងបាននិយាយថា ការងារជួសជុលសម្រាប់ដំណាក់កាលទី២បានចាប់ផ្តើម នៅក្នុងខែមីនា ឆ្នាំ២០១៨ ហើយអាជ្ញាធរដែនសមុទ្រ និងកំពង់ផែ (MPA) បានចាប់ផ្តើមផែនការសម្រាប់ដំណាក់កាលទី៣៕