សម្តេចតេជោ៖ បេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជាមិនចាំបាច់ទៅសុំការគាំទ្រពីប្រទេសណាឡើយ

0

ដោយ : សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា មិនចាំបាច់ទៅសុំការគាំទ្រពីប្រទេសណាឡើយ ហើយប្រសិនបើលោក ហ៊ុន ម៉ាណែត គ្មានសមត្ថភាព និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជានាយករដ្ឋមន្រ្តីទេ នោះសម្តេចមិនឱ្យប្រទេសកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ត្រូវបំផ្លាញដោយលោក ហ៊ុន ម៉ាណែតឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី របស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ៣.០០០នាក់ នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ។

សម្តេចបានមានប្រសាសន៍ថា ប្រទេសកម្ពុជាមិនមានតម្រូវការ ទៅសុំការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី ពីប្រទេសណាទាំងអស់ ហើយបេក្ខភាពនាយករដ្ឋមន្ត្រីនៅកម្ពុជា ជាដំបូងត្រូវទទួលបានការគាំទ្រពីគណបក្សសាម៉ី និងបន្ទាប់មកត្រូវឆ្លងកាត់ការបោះឆ្នោត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា “ដំបូងត្រឹមតែចោទ ម៉ាណែត ទស្សនកិច្ចនៅវៀតណាម ទៅទទួលបញ្ជាពីវៀតណាម សុំការគាំទ្រពីវៀតណាម ខ្ញុំសូមជម្រាប កម្ពុជាអត់មានតម្រូវការទៅសុំការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី ពីប្រទេសណាទាំងអស់”។

សម្តេចតេជោសង្កត់ធ្ងន់ថា ”សម្រាប់កម្ពុជា ដំបូងឡើយត្រូវមានការគាំទ្រពីគណបក្សប្រជាជនកម្ពុជាខ្លួនឯង បន្ទាប់ពីហ្នឹងទៅត្រូវអី? ត្រូវធ្វើការបោះឆ្នោតៗ ដើម្បីឱ្យក្លាយទៅជាតំណាងរាស្រ្ដ ព្រោះរដ្ឋធម្មនុញ្ញកម្ពុជាបានកំណត់ថា នាយករដ្ឋមន្ត្រីត្រូវតែជាសមាជិកសភា ចឹងត្រូវឆ្លងកាត់ការបោះឆ្នោតដោយប្រជាជន ដើម្បីឱ្យក្លាយទៅជាតំណាងរាស្រ្ដ។ បានក្លាយទៅជាតំណាងរាស្រ្ដហើយ ត្រូវបានទទួលបានការតែងតាំងធ្វើជានាយករដ្ឋមន្ត្រី ដើម្បីរៀបចំរាជរដ្ឋាភិបាល រៀបចំរួចហើយ ត្រូវយកទៅសុំការអនុម័តពីសភា ដែលជាអំណាចពេញលេញរបស់សភា”។

 

LEAVE A REPLY

Please enter your comment!
Please enter your name here