ដោយៈ សុផារី
មណ្ឌលគិរីៈ គម្រោងអភិវឌ្ឍព្រលានយន្តហោះ នៅខេត្តមណ្ឌលគិរី កំពុងស្ថិតក្នុងភាពជាប់គាំង បន្ទាប់ពីក្រុមហ៊ុនវិនិយោគសុំដកខ្លួន ដោយសារជួបវិបត្តិជំងឺកូវីដ១៩។
នេះបើតាមការបញ្ជាក់របស់លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល” ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន Power China International Group Ltd (PIG) ធ្វើការសិក្សា និងអភិវឌ្ឍសំណើសាងសង់ ព្រលានយន្តហោះមួយនេះ ក្រោមទុនវិនិយោគ៨០លានដុល្លារ។ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ ក្រុមហ៊ុនចិនមួយនេះទទួលខាតបង់យ៉ាងច្រើន ដែលធ្វើឱ្យមិនមានលទ្ធភាព ក្នុងការបន្តការវិនិយោគទៀត។
លោកស៊ិន ចាន់សេរីវត្ថា បានមានប្រសាសន៍ថា “ខេត្តមណ្ឌលគិរីមានគោលការណ៍អភិវឌ្ឍន៍ អាកាសយានដ្ឋានទៅជាអាកាសយានដ្ឋានតំបន់ ដោយមានការហោះហើរជាអន្តរជាតិ”។ លោកបន្តថា “យើងបានធ្វើការធ្វើការសិក្សារួចរាល់អស់ហើយ ហើយក៏បានជ្រើសរើសអ្នកដែលទទួលសិទ្ធិក្នុងការសាងសង់ផងដែរ”។
លោកបន្តថា ប៉ុន្តែជាអកុសល ដោយសារវិបត្តិកូវីដ១៩ បានធ្វើឱ្យមានផលប៉ះពាល់ក្រុមហ៊ុន ដែលទទួលបានសិទ្ធិនេះ គឺក្រុមហ៊ុនរបស់គាត់ទទួលខាតបង់យ៉ាងច្រើន ជាក្រុមហ៊ុនចិន នៅប្រទេសចិន។ គាត់ក៏បានជម្រាបមកកាន់យើងថា គាត់មិនមានលទ្ធភាព ក្នុងការបន្តការវិនិយោគនេះទៀត។
លោកស៊ិន ចាន់សិរូវុត្ថាបានបង្ហើបថា បច្ចុប្បន្ននេះ ក៏មានក្រុមហ៊ុនចំនួន២ ឬ៣មកចរចារដែរ តែបានស្ងប់ស្ងាត់ទៅវិញ ហើយរហូតមកដល់ពេលនេះ នៅមិនទាន់មានក្រុមហ៊ុនណាមួយ ទទួលបានសិទ្ធិក្នុងការសាងសង់ជាថ្មីនៅឡើយទេ។
លោកបានបញ្ជាក់ថា “រាជរដ្ឋាភិបាលកំពុងបន្តរកដៃគូវិនិយោគផ្សេងទៀត ដើម្បីបន្តដំណើរការសាងសង់ ខណៈមានក្រុមហ៊ុនមួយចំនួនបានមកធ្វើការចរចារួចហើយ តែមិនទាន់ផ្លូវការ”។
គម្រោងអភិវឌ្ឍព្រលានយន្តហោះខាងលើនេះ គ្រោងសាងសង់លើទំហំផ្ទៃដី៣០០ហិកតា ក្រោមទុនវិនិយោគ៨០លានដុល្លារអាមេរិក នៅខេត្តមណ្ឌលគិរី៕