ព្រំដែនរវាងថៃនិងខេត្តពីររបស់កម្ពុជាគ្រោងត្រូវបានអភិវឌ្ឍជាច្រកព្រំដែនអចិន្ត្រៃយ៍

0

ដោយ៖ សុផារី

កម្ពុជា-ថៃ៖ រដ្ឋាភិបាលថៃ និងកម្ពុជាបានកំពុងពិចារណាក្នុងការអភិវឌ្ឍច្រកព្រំដែនចំនួនពីរ រវាងខេត្តត្រាតរបស់ប្រទេសថៃ និងខេត្តចំនួនពីររបស់កម្ពុជា ទៅជាច្រកព្រំដែនអចិន្ត្រៃយ៍។

កាសែតបាងកកបុស្តិ៍បានចេញផ្សាយកាលពីពេលថ្មីៗនេះ ដោយស្រង់សម្តីរបស់អភិបាលខេត្តត្រាត លោក Chamnanwit Terat ថា អាជ្ញាធរមូលដ្ឋានក្នុងខេត្ត និងវិស័យឯកជនកំពុងជំរុញធ្វើឱ្យច្រកព្រំដែនចំនួនពីរទៅជាច្រកព្រំដែនអចិន្ត្រៃយ៍​។

ទី​១ គឺ​ច្រក​ព្រំដែនបានថាសែន (Ban Tha Sen) ​ ដើម្បី​ត​ភ្ជាប់​ខេត្ត​ជាមួយ​ខេត្ត​ពោធិ៍សាត់​របស់​កម្ពុជា។ ទី​២ គឺ​ច្រក​ព្រំដែន​បណ្តោះអាសន្នបានមឿង (Ban Muang) ​ ក្នុងស្រុកបូរ៉ៃ (Bo Rai) ​ដើម្បី​ប្រែក្លាយ​ច្រកនេះទៅជា​ច្រកព្រំដែនអចិន្ត្រៃយ៍​ ដែល​ត​ភ្ជាប់​ខេត្ត​ត្រាតរបស់ថៃ​ ជាមួយ​ខេត្តបាត់ដំបង​ក្នុង​ប្រទេស​កម្ពុជា។

ច្រកព្រំដែនអចិន្រ្តៃយ៍បានហាតឡេក (Ban Hat Lek) របស់ខេត្តត្រាត ដែលតភ្ជាប់ជាមួយខេត្តកោះកុង របស់កម្ពុជា ត្រូវបានគេរំពឹងថា នឹងឃើញទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃ៣២,៣៣ពាន់លានបាតនៅឆ្នាំនេះ កើនឡើងពី ៣១,២ពាន់លានបាត ប្រៀបធៀបកាលពីឆ្នាំមុន។ ក្នុងរយៈពេល៩ខែដំបូង ពាណិជ្ជកម្មទ្វេភាគីតាមច្រកនេះមានតម្លៃ២៨ពាន់លានបាត។

អភិបាលខេត្តត្រាត លោក Chamnanwit បានបន្តថា បន្ទាប់ពីខេត្តទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ១៩ និងកំណើនសេដ្ឋកិច្ចមានត្រឹមតែ១,៤ ភាគរយកាលពីឆ្នាំមុន ប៉ុន្តែឆ្នាំនេះរំពឹងថានឹងកើនឡើង៤,៤ភាគរយ។

សេដ្ឋកិច្ច​ខេត្ត​ជាប់ព្រំដែនកម្ពុជាមួយនេះ ​ពឹងផ្អែកលើវិស័យ​កសិកម្ម​ ដែល​មាន​៤៧​ភាគរយ វិស័យ​ទេសចរណ៍ ​​សេវាកម្ម​មាន​៤៤​ភាគរយ ​និង​វិស័យ​ឧស្សាហកម្ម​៦​ភាគរយ​ ហើយ​គ្រប់​វិស័យ​ទាំងអស់​បង្ហាញ​សញ្ញា​កើនឡើង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here