ដោយៈ សុផារី
ភ្នំពេញៈ ការអភិវឌ្ឍបុរីតម្លៃមធ្យម និងទាប នៅក្នុងរាជធានីភ្នំពេញ និងតំបន់ជាយក្រុង ត្រូវបានមើលឃើញថា មានភាពពេញនិយម និងរឹងមាំជាងទីផ្សារបុរីប្រភេទផ្សេង។
ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផលប៉ះពាល់ផ្នែកជីវភាពបានធ្លាក់លើអ្នកមានជីវភាពមធ្យមចុះក្រោម ដែលបានធ្វើឱ្យមាននិន្នាការថ្មីមួយកើតមាននៅក្នុងទីផ្សារ។
នៅក្នុងទស្សនៈរបស់អ្នកអភិវឌ្ឍន៍ជោគជ័យ មួយរូបបានមើលឃើញថា ការលក់បុរីប្រណីតមានភាពងាយស្រួល ជាជាងការលក់បុរីតម្លៃមធ្យម នៅក្នុងកាលៈទេសៈ ដែលជីវភាពប្រជាជនមានចំណូលមធ្យម និងទាប ទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ និងវិបត្តិសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ។
លោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកាបុរីវិមានសំណាង ដែលជាបុរីប្រណីតមួយ មានទីតាំងនៅភាគខាងជើងនៃរាជធានីភ្នំពេញ បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយគេហទំព័រ Property Area Asiaកាលពីថ្ងៃទី១៩ កញ្ញាថា សម្រាប់បទពិសោធន៍ នៃការអនុវត្តទីផ្សារជាក់ស្តែង យើងបានសង្កេតឃើញថា ការលក់បុរីប្រណីតមានភាពងាយស្រួល ក្នុងការលក់ជាជាងបុរីតម្លៃមធ្យម និងទាប។
ក្រៅពីគម្រោងបុរីប្រណីត “បុរីវិមានសំណាង” មួយនេះ លោកជំទាវក៏មានគម្រោងអភិវឌ្ឍន៍បុរី សម្រាប់អ្នកដែលមានចំណូលទាប និងមធ្យមមួយទៀត គឺគម្រោងបុរី KS Residence មានទីតាំងនៅតំបន់កៀនស្វាយ ខេត្តកណ្តាលផងដែរ។
លោកជំទាវមានប្រសាសន៍ថា “បើប្រៀបធៀបនៅក្នុងពេលឥលូវ បុរីសម្រាប់អ្នកមាន (បុរីប្រណីត) គឺមានភាពងាយស្រួលក្នុងការលក់ជាង”។
ដោយសារផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ បានជះឥទ្ធិពលដល់សេដ្ឋកិច្ចប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមាន ចំណូលមធ្យមចុះក្រោមច្រើនជាងក្រុមអតិថិជន ដែលមានទ្រព្យសម្បត្តិច្រើន ជាហេតុធ្វើឱ្យអត្រាការលក់បុរីប្រណីតហាក់មានភាពងាយស្រួលជាង។
លោកជំទាវបញ្ជាក់ថា “ក្នុងសម័យកាលនេះ ការលក់បុរីវិមានសំណាងមានភាពងាយស្រួល ជាងការលក់បុរីសម្រាប់ជីវភាពមធ្យមចុះក្រោម។ តាមការសម្គាល់ ដោយសារបញ្ហាជីវភាពកន្លងមក សម្រាប់អ្នកមានមិនសូវប៉ះពាល់សេដ្ឋកិច្ចប៉ុន្មានទេ ដោយពួកគាត់នៅតែមានលទ្ធភាពទិញបាន”។
លោកជំទាវគង់ សំណាងបានបន្ថែមថា “សម្រាប់អ្នកមានជីវភាពមធ្យមចុះក្រោម មានការប៉ះពាល់ជីវភាពប្រចាំថ្ងៃ ការទិញមានភាពយឺតយ៉ាវជាងបុរីសម្រាប់អតិថិជនអ្នកមាន”៕