ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ អគារដែលធ្លាប់ជួលទៅជនជាតិចិន និងវៀតណាមសម្រាប់បើកជាកាស៊ីណូនៅក្នុងខេត្តព្រះសីហនុ ចាប់ផ្ដើមទំនេរ ក្រោយការចាកចេញរបស់ជនជាតិវៀតណាមនិងចិន បន្ទាប់ពីរាជរដ្ឋាភិបាលបញ្ជាឱ្យប ង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេស។
ការចាកចេញពីជនជាតិចិន និងវៀតណាម ពីខេត្តព្រះសីហនុនេះក៏បានធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ និងប្រយោលដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តនេះផងដែរ ដូចជាម្ចាស់អគារ បុគ្គលិកបម្រើការងារនៅក្នុងអគារ ក្រុមអ្នកផ្គត់ផ្គង់នៅក្នុងខេត្តនេះជាដើម ។
ប្រធានសន្តិសុខក្នុងអគារមួយក្នុងតំបន់ China Town ក្រុងព្រះសីហនុ បានប្រាប់ដោយមិនបញ្ចេញឈ្មោះឱ្យដឹងកាលពីចុងសប្តាហ៍មុនថា ជាការពិតណាស់ ក្រោយពីរដ្ឋាភិបាលបានប្រកាស បង្ក្រាបល្បែងស៊ីសង ឃើញកាស៊ីណូមួយចំនួន ដែលមិនមានអាជ្ញាបណ្ណ ឬអត់ច្បាប់ក៏បានបិទហើយបុគ្គលិក នៅក្នុងអគាររាប់រយនាក់ត្រូវបញ្ឈប់ និងត្រលប់ទៅស្រុកវិញ ធ្វើឱ្យអគារដែលជួលធ្វើអាជីវកម្មនោះត្រូវស្ងាត់ អត់មានអ្នកជួល ។
សន្តិសុខរូបនេះឱ្យដឹងថា កាលពីចិននិងវៀតណាម នៅជួលអគារធ្វើអាជីវកម្មឃើញថា មានសភាពអ៊ូរអរគ្រាន់បើហើយ អ្នកធ្វើការនៅក្នុងអគារជាមួយចិន និងវៀតណាម ក៏រកចំណូលតាមរយៈប្រាក់ខែ ហើយពេលបើកប្រាក់ខែម្ដងៗ ការចាយវាយរបស់បុគ្គលិកក៏ច្រើន ធ្វើឱ្យអាជីវករផ្គត់ផ្គង់នៅក្បែរៗក៏រកចំណូលបានច្រើនដែរ ។
ម្ចាស់ហាងកាហ្វេមួយកន្លែងនៅអូរត្រេះ លោកសំ ម៉ាប់ បាននិយាយថា មុននេះបន្តិច នៅកំពង់សោមអ៊ូរណាស់ តែបច្ចុប្បន្នរាងស្ងាត់ ក្រោយពីចិននិងវៀតណាមចេញទៅវិញ ហើយខ្លះទៀតចាកចេញទាំងបង្ខំ ព្រោះពួកគេជាជនបរទេសមិនស្របច្បាប់ ខ្លះចេញទៅទាំងយប់ ដើម្បីឡើងយន្តហោះ និងខ្លះទៀតទៅកាន់ព្រំដែនកម្ពុជាវៀតណាម រួចបន្តដំណើរទៅវៀតណាម ។
លោកបន្តថា ថ្វីត្បិតតែបច្ចុប្បន្ន មានភ្ញៀវទេសចរមកលេងកំពង់សោមក្រោយបើកដំណើរការផ្លូវល្បឿនលឿន ក៏ភ្ញៀវទេសចរមួយចំនួនបានយកអហារ និងមានរបរផ្ទាល់ខ្លួនមកជាមួយ ដើម្បីកាត់បន្ថយការចំណាយរបស់ពួកគេ ។ ម្យ៉ាងទៀតភ្ញៀវទេសចរ មកលេងកំពង់សោម ក៏លេងតែតំបន់ជុំវិញឆ្នេរ ដូច្នេះអាជីវកម្មឆ្ងាយពីឆ្នេររាងមិនសូវកាក់កប ។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោកតាំង សុចិត្រគ្រឹះស្នា បានឱ្យដឹងថា ផលប៉ះពាល់ពីការចាកចេញ របស់ជនជាតិចិន និងវៀតណាមវា មិនយូរអង្វែងទេ ហើយការចាកចេញនេះ គឺចេញតែក្រុមអ្នកលេងល្បែង ឬមិនស្របច្បាប់ តែនៅពេលបន្តិចទៀត ជនជាតិបរទេសដែលចូលមកកំពង់សោមវិញ ជាអ្នកវិនិយោគអ្នករកស៊ី ភ្ញៀវទេសចរ ដែលអាចបង្កើនចំណូលដល់អាជីវករ និងម្ចាស់អគារឡើងវិញបានហើយ៕