អ្នកជំនាញជាតិ អន្តរជាតិលើកឡើងពីអ្វីខ្លះពីសក្តានុពលនៅតំបន់ភាគខាងត្បូងរាជធានី

0

  ដោយៈ គង់ សិរីជេស៊ីកា

       ភ្នំពេញៈ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ជាកត្តាដ៏ធំមួយនិងមិនអាចប្រកែកបាន ដែលបាននិងកំពុងធ្វើឲ្យតំបន់ភាគខាងត្បូង រាជធានីភ្នំពេញ បានទាក់ទាញការវិនិយោគច្រើននាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្រុមហ៊ុនCBRE Cambodia បានចេញផ្សាយរបាយការណ៍ស្រា​
វជ្រាវកាលពីពេលថ្មីៗនេះថា សក្តានុពលអចលនទ្រព្យ ភាគខាងត្បូងរាជធានីភ្នំពេញ និងឆ្ងាយពីនេះ សម្រាប់ការគិតគូរក្នុងភាពជាអ្នកដឹកនាំ ដោយស្វែករកនូវនិន្នាការអភិវឌ្ឍន៍ ក្នុងការកំណត់ឡើងវិញនូវសក្តានុពលថ្ងៃអនាគត នៃការអភិវឌ្ឍរាជធានីភ្នំពេញ។

ការចាប់អារម្មណ៍ ចំពោះតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ បានបន្តកើនឡើង ដោយសារតែការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និង តម្លៃដីសមរម្យ។ តំបន់នេះ បានក្លាយទៅជាទីតាំងអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ចាប់ពីលំនៅដ្ឋានស្នាក់នៅ រហូតដល់ជាតំបន់ឧស្សា​ហកម្ម។

លោកJame Hodge អគ្គនាយកគ្រប់គ្រងនៃភ្នាក់ងារវាយតម្លៃអច​លនទ្រព្យ CBRE បានលើកឡើងថា ដោយសារតែការអភិវឌ្ឍ ភូមិសាស្រ្តជុំវិញរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ភាគខាងត្បូង គឺជារឿងដែលមិនអាចជៀសផុតបាន ជាមួយនឹងគម្រោងអភិវឌ្ឍទ្រទ្រាយធំៗ ធ្វើអោយទីតាំងភាគខាងត្បូង គឺមេដែកឆក់សម្រាប់អ្នកវិនិយោគ។

គម្រោងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ មានដូចជាមហាវិថី ហ៊ុន សែន ព្រមទាំងការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិតេជោថ្មី បានធ្វើអោយមានសកម្មភាពបំប៉ោងតម្លៃដីធ្លី នៅតំបន់ភាគខាងត្បូងនេះ។

របាយការណ៍របស់ CBRE ក្រោមចំណងជើងថា អនាគតរាជធានីភ្នំពេញ តំបន់ភាគខាងត្បូង និងលើសពីនេះ បានទស្សន៍ទាយពីសក្តានុពលតំបន់នេះ ដែលអាចអភិវឌ្ឍគ្រប់ជ្រុងជ្រោយ សម្រាប់ប្រទេសជាតិទាំងមូល។

និន្នាការអភិវឌ្ឍ រូមបញ្ចូលការពង្រីកតំបន់ សួនឧស្សាហកម្ម ផលិតកម្ម តម្លៃដីសមរម្យ។

ជាមួយគ្នានេះ លោកLawrence lenonce អគ្គនាយកក្រុមសេវាកម្មវិជ្ជាជីវៈរបស់ភ្នាក់ងារអចលនទ្រព្យ CBRE បានបញ្ជាក់ថា មានការស៊ើបអង្កេតពីសក្តានុពលនៃឧស្សាហកម្ម និងភស្តុភារតំបន់ដែលអាចកើតឡើង ព្រមទាំងចង្វាក់ផលិតកម្ម ស្របពេលដែលការពង្រីកហេដ្ឋារចនាសម្ពន្ធឆ្ពោះទៅកាន់តំបន់នេះផងដែរ។

លោកបន្តថា “ជាងនេះទៀតនៅតំបន់នេះ តំបន់ទីក្រុងថ្មីដែលអាចអភិវឌ្ឍទៅជាតំបន់ស្នាក់នៅ និងតំបន់ពាណិជ្ជកម្មផងដែរ”។លោកបន្ថែមទៀតថា “ប្រសិនបើអ្នកអភិវឌ្ឍទទួលជោគជ័យ នៅតំបន់ភាគខាងត្បូងនេះ ពួកគេនឹងផ្លាស់ប្តូរទីក្រុងទាំងមូល ក្នុងទ្រង់ទ្រាយធំ”។

បើទោះបីជាផែនការមេ ត្រូវបានកំណត់ជាតំបន់អភិវឌ្ឍ និងហេដ្ឋារចនាសម្ពន្ធនានា ត្រូវឆ្លើយតបទៅនឹងបញ្ហាប្រឈមមុខនៃទីផ្សារ និងបរិស្ថានក៏ដោយ។

របាយការណ៍ស្រាវជ្រាវនេះ សម្រាប់អ្នកអភិវឌ្ឍនៅក្នុងស្រុក និងក្រៅស្រុក ដែលជាមគ្គុទេសន៍ ក្នុងការសម្រេចចិត្តដ៏ប្រសើរបំផុត សម្រាប់គម្រោ​ងពួកគេ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា តំបន់ផ្លូវ៦០ម៉ែត្រ កំពុងពង្រីកសក្តានុពលបណ្តើរៗហើយ ដោយ​មានគំរោងជាច្រើនបានបាញ់ឆ្ពោះ និងសម្រុកសាងសង់នៅតំបន់នេះ។ ភាពទាក់ទាញតំបន់់នេះ ដោយសារវាជាទីក្រុងថ្មី ដែលមានដីធំៗច្រើន ងាយស្រួលរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ពិសេសជាផ្លូវភ្ជាប់ជាមួយព្រលានយន្តហោះថ្មី ដែលកំពុងសាងសង់យ៉ាងសកម្ម។

លោកបន្តថា ការរីកចម្រើនតំបន់់នេះ បានធ្វើឲ្យតម្លៃដីធ្លីកើនឡើង ដែលតម្លៃដីមានចន្លោះពី១៨០០ ទៅ២៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ បើគិតពីចំណុចច្រមុះជ្រូកផ្លូវ២៧១ ដល់ស្តុបទី១ ដែលជាសាលពិព៌ណរបស់រថយន្តម៉ាសឺដេស និងចាប់ពីតំបន់ស្តុបទី១ ដល់ចំណុចផ្លូវ៥០ម៉ែត្រ ដីមានតម្លៃចន្លោះពី១៥០០ ដល់២៣០០ដុល្លារ និងចំណុចចុងក្រោយតភ្ជាប់ជាមួយផ្លូវជាតិលេខ២ ដីមានតម្លៃចន្លោះពី១៦០០ ទៅ១៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកច្រឹក សុខនីមបានបន្តថា បច្ចុប្បន្នគំរោងធំៗជាច្រើនឆ្ពោះទៅតំបន់នេះ ដែលវាបាននិងកំពុងជះឥទ្ឋិពល ដល់តំបន់ផ្លូវជាតិលេខ២ ដែលនឹងមានគំរោងជាច្រើន បានពង្រីកទៅដល់តំបន់នេះ នៅពេលការពង្រីកផ្លូវជាតិនេះបញ្ចប់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here