ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ការវិនិយោគដីធ្លី នៅតែជាការវិនិយោគមួយដ៏ល្អ និងមានឱកាសចំណេញខ្ពស់ ប៉ុន្តែតើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យដីឡើងថ្លៃ និងមូលហេតុរបស់វា ពិតជាសំខាន់ណាស់ ដែលសាធារណៈជនអាចសិក្សាស្វែងយល់បន្ថែម។
អគ្គនាយក Brainland Real Estate លោកសោម លីហ៊ានដែលបានធ្វើការសិក្សាលំអិតពីទីផ្សារដីធ្លី មូលហេតុ និងវិធីធ្វើឲ្យដីឡើងថ្លៃបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១០ វិច្ឆិកានេះថា ប្រធានបទនេះមានសារៈសំខាន់មែនខ្លាំង សម្រាប់ប្រជាពលរដ្ឋកម្ពុជាយើង “ដីឡើងថ្លៃ” តាមប្រធានបទនេះ ខ្ញុំបាទចង់រំលេចនូវគោលបំណងធំៗ២ ទី១ ចង់បង្ហាញអំពីហេតុផលដែលធ្វើឱ្យដីឡើងថ្លៃ និងទី២ ខ្ញុំចង់ឱ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នារួមចំណែក និងអាចក្លាយជាចំណែកដែលធ្វើឱ្យដីនៅតែបន្ដឡើងថ្លៃដដែល។
លោកបានបន្តថា យើងសូមបែងចែកហេតុផលចំនួន៥ធំៗ ដែលអាចធ្វើឱ្យដីធ្លី ឬផ្នែកដទៃទៀតនៃអចលនទ្រព្យ នៅក្នុងស្រុកខ្មែរយើងឡើងថ្លៃ ហើយនៅតែបន្ដឡើងថ្លៃទៅមុខទៀត រួមមានដូចជា….
ចំណុចទី១ សុខសន្តិភាព
នៅនិយាយពីសុខសន្តិភាព យើងនឹកឃើញទៅដល់គោលនយោបាយដ៏រ៉ឹងមាំរបស់រដ្ឋាភិបាល ដែលចង់បង្កើតសហគមន៍ សង្គមមួយដែលគ្មានជំលោះ គ្មានទំនាស់ក្នុងគ្រួសារ គ្មានទំនាស់ក្នុងសហគមន៍ គ្មានសង្គ្រាមស៊ីវិលក្នុងប្រទេស គ្មានសង្គ្រាមក្នុងតំបន់ គ្មានសង្គ្រាមពិភពលោក។ កត្តាទាំងនេះហើយ វាចាប់ផ្ដើមចេញពីយើងប្រជាពលរដ្ឋទាំងអស់គ្នា។ យើងចាប់ផ្ដើមលុបបំបាត់បណ្ដើរៗ ហើយនៅតែរក្សាសន្តិភាពឱ្យនៅមានជារៀងរហូត។ ចំណែកតម្លៃដីធ្លីវានៅតែបន្តឡើងថ្លៃ។ នេះជាចំណុចទី១សំខាន់។
ចំណុចទី២ ការអភិវឌ្ឍ
វាជាចំណុចមួយសំខាន់ផងដែរ ដូចជា ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល គោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងមូលដ្ឋានច្បាប់ បទដ្ឋានគិតយុត្តិសព្វបែបយ៉ាង ដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍរបស់វិនិយោគគិនខ្មែរយើង និងអ្នកវិនិយោគមកពីបរទេសមកអភិវឌ្ឍន៍ ក្នុងប្រទេសខ្មែរយើងទាំងមូល។
ជាក់ស្ដែង ដូចជា អ្នកធុរកិច្ចចិន កូរ៉េខាងត្បូង សិង្ហបុរី ហុងកុង វៀតណាម ថៃ ជប៉ុន ម៉ាឡេស៊ី ចិនតៃវ៉ាន់ បារាំង ឥណ្ឌា-ល។ ដែលអ្នកវិនិយោគមកពីប្រទេសទាំងអស់នេះ បាននិងកំពុងចូលមករកស៊ីនៅស្រុកខ្មែរយើងច្រើន មិនថាតែវិស័យអចលនទ្រព្យ ឧស្សាហកម្ម បច្ចេកវិទ្យា ធនាគារ និងវិស័យជាច្រើនទៀត។ ចំពោះវិនិយោគគិន នៅក្នុងស្រុកខ្មែរយើងវិញ គាត់បានសាងសង់បុរី ខុនដូ អាផាតម៉ិន ពុះដីឡូតិ៍លក់ សាងសង់បុរី សាងសង់រោងចក្រជាដើម។
ពួកគាត់បានចូលរួមចំណែកអភិវឌ្ឍន៍ ដូចជា ផ្នែកទី១ គឺហេដ្ឋារចនាសម្ព័ន្ធ “នេះជាសរសៃឈាម ជាបណ្ដាញសំខាន់ ចំពោះវិស័យអចលនទ្រព្យ” មានផ្លូវ ទឹក លូ ជារួមមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនដែលតភ្ជាប់គ្នាពីភូមិមួយទៅភូមិមួយ ពីស្រុកមួយទៅ ស្រុកមួយ ពីខេត្តមួយទៅខេត្ត ពីរាជធានីទៅបណ្ដាទាំង២៥រាជធានី ខេត្ត ហើយការអភិវឌ្ឍផ្លូវទាំងនោះ ជាពិសេសមានផ្លូវល្បឿនលឿនផ្សេងៗ ដែលរាជរដ្ឋាភិបាលសហការជាមួយនឹងក្រុមហ៊ុនឯកជនក្នុងស្រុកក្ដី ក្រៅស្រុកក្ដី គឺរដ្ឋាភិបាលធ្វើបានច្រើនទាក់ទងទៅហេដ្ឋារចនាសម្ព័ន្ធនេះ។ ក្រៅពីនេះយើងមានគម្រោងផ្លូវដែក ផ្លូវអាកាស ផ្លូវរដ្ឋភ្លើងល្បឿនលឿន មានគម្រោងជាច្រើន ដែលជាកត្តាធ្វើឱ្យតម្លៃអចលនទ្រព្យបន្ដឡើងថ្លៃផងដែរ។
ទាក់ទងនឹងការពង្រីកផ្លូវអាកាស រដ្ឋាភិបាលបានវិនិយោគព្រលានយន្តហោះថ្មីបន្ថែមទៀត ជាមួយនឹងព្រលានយន្ដហោះខ្នាតជាតិ ខ្នាតអន្ដរជាតិធំៗ ដែលជាកត្តាជំរុញឱ្យអ្នកវិនិយោគក្រៅស្រុកមកស្រុកខ្មែរ ងាយស្រួលក្នុងការធ្វើដំណើរប្រើរយៈពេលខ្លី។
កត្តាទាំងអស់នេះហើយ ដែលធ្វើឱ្យដីធ្លីបន្ដឡើងថ្លៃខ្ពស់ និងខ្ពស់បន្ថែមទៀតនាពេលអនាគត។
ផ្នែកទី២ គឺសេវាសាធារណៈ ដូចជា ផ្សារទំនើប ផ្សារសហគមន៍ សាលារៀន មន្ទីរពេទ្យ កន្លែងធ្វើការ ក្រុមហ៊ុន សហគ្រាស រោងចក្រ ការសាងសង់បុរី ខុនដូ ផ្ទះល្វែង ក្រសួង មន្ទីរស្ថាប័នរដ្ឋ-ឯកជន អង្គការក្នុង និងក្រៅរដ្ឋាភិបាល តំបន់ទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្ម ហាងរកស៊ីជាច្រើនដែលជាកត្តាជំរុញធ្វើឱ្យដីធ្លីឡើងថ្លៃ។
ចំណុចទី៣ កំណើនប្រជាជន និងតម្រូវការ
យោងតាមរបាយការណ៍វិទ្យាស្ថានជាតិស្ថិតិបានបង្ហាញថា កំណើនប្រជាជនខ្មែរយើងបានកើនឡើងរហូត ជាក់ស្ដែងក្នុងឆ្នាំ១៩៦២ មកមានជាង៥លាននាក់ ក្នុងឆ្នាំ១៩៩៤ មាន៩លាននាក់ ក្នុងឆ្នាំ១៩៩៦ មានជាង១០លាននាក់ ក្នុងឆ្នាំ១៩៩៨ មាន១១លាននាក់ ឆ្នាំ២០០៨ មាន១៣លាននាក់ ឆ្នាំ២០១៣ មាន១៤លាននាក់ ឆ្នាំ២០១៦ មាន១៥លាននាក់ ឆ្នាំ២០១៩ ជិត១៦លាននាក់។ ទាំងនេះជាតួលេខដែលបានពីវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ។
កំនើនប្រជាសាស្រ្តនេះ នឹងមានច្រើនជាងនេះទៀត តែនេះជាសោកនាកម្មនៃនយោបាយ ដែលបំផ្លាញសន្តិភាព ធ្វើឱ្យកំណើតប្រជាជនធ្លាក់ចុះដែលនេះជាបទពិសោធន៍ ដែលយើងគួរការពារទាំងអស់គ្នាកុំឱ្យកើតឡើងទៀត(របបប៉ុល ពត)។
កំណើនប្រជាជនចេះតែច្រើនទៅៗ ដូចជា នៅរាជធានីភ្នំពេញ ដែលទំហំផ្ទៃដីបច្ចុប្បន្ន បានរីករហូតដល់ជាង៧០០គីឡូម៉ែត្រការ៉េ។ នេះជាទំហំផ្ទៃដីរដ្ឋបាល របស់សាលារាជធានីភ្នំពេញ ខណៈពេលប្រជាជនសរុបតាមរបាយការណ៍ជំរឿនឆ្នាំ២០១៩ មានដល់ទៅ១,៩លាននាក់ ជាតួលេខផ្លូវការ ដោយយើងមិនទាន់រាប់បញ្ចូលសិស្សនិស្សិត អ្នកធ្វើការដែលគាត់មកបម្រើការងារ រកស៊ីពីតាមខេត្តមកភ្នំពេញបន្ថែមទេ។
អ្នកជំនាញខ្លះគាត់ថា បើបញ្ចូលគ្នាប្រជាជននៅរាជធានីភ្នំពេញទាំងអស់ គឺមានដល់ជិត៣លាននាក់ ដែលនេះជាកំណើនខ្ពស់ ធ្វើឲ្យកំណើន តម្រូវការក្នុងជីវភាពប្រចាំថ្ងៃ ដូចជាការហូបចុក ស្នាក់នៅ ការរកស៊ីធ្វើការ និងត្រូវការផ្ទៃដីសម្រាប់សាងសង់ផ្ទះ សម្រាប់រកស៊ី សម្រាប់ផលិតកសិកម្ម ស្បៀងអាហារ រោងចក្រផ្សេងៗ។
ចំណុចទី៤ កម្ពុជាគ្មានគ្រោះធម្មជាតិ និងជំងឺរាតត្បាតផ្សេងៗ
ចំណុចនេះ ក៏ជាចំណុចសម្លាប់រស់ផងដែរ សម្រាប់ប្រទេសកម្ពុជាយើងទាំងមូល ប៉ុន្តែវាជាសំណាងធំមួយសម្រាប់ខ្មែរយើង ដោយយើងមិនដែលមានគ្រោះរញ្ជួយដី គ្មានភ្នំភ្លើងផ្ទុះ ធ្វើឱ្យមានគ្រោះថ្នាក់មហន្ដរាយ ដល់ប្រជាជនយើង គ្មានរលកយក្សស៊ូណាមិនៅសមុទ្រផ្សេងៗ ដែលមិនបង្កផលប៉ះពាល់ខ្លាំងទេ។
លោកសោម លីហ៊ានបានបន្តថា “ចំណុចទាំងនេះនេះហើយ ដែលខ្ញុំគិតថាវាជាសំណាងធម្មជាតិមួយ គឺដូចទេវតាប្រទានឱ្យប្រជាពលរដ្ឋកម្ពុជាយើង មិនដែលជួបទុក្ខភ័យធ្ងន់ធ្ងរ”។ លោកបន្តថា “មួយទៀតជំងឺរាតត្បាតផ្សេងៗសុទ្ធជាកត្តាសំខាន់ ជាក់ស្ដែងដូចជំងឺកូវីដ-១៩ រាំងស្ទះគ្រប់វិស័យមិនត្រឹមតែវិស័យអចលនទ្រព្យមិនឡើងថ្លៃទេ វិស័យអ្វីក៏ប៉ះពាល់ផងដែរ”។
ក្រសួងសុខាភិបាលបានចេញវិធានការណ៍ ទប់ស្កាត់ ការការពារ ការដោះស្រាយជំងឺផ្សេងៗជាច្រើន ហើយយើងក៏បានចូលរួមការពារទាំងអស់គ្នា ដោយទទួលបានលទ្ធផលល្អដែរ។ ចំណុចនេះ ខ្ញុំគិតថាវាជាមោទនភាពមួយដែរ ជាក់ស្ដែងដូចជា ជំងឺកូវីដ-១៩ យើងបានអនុវត្តន៍យុទ្ឋសាស្រ្ត បីកុំ បីការពារ និងចាក់វ៉ាក់សាំង ដើម្បីទប់ទល់ស្ថានភាពបានល្អប្រសើរ។
ចំណុចទី៥ តម្លៃធៀប
ចំណុចនេះជាចំណុចស្នូលមួយ ដែលអាចធ្វើឱ្យដីធ្លីរបស់យើងនៅតែបន្ដឡើងថ្លៃ។ បើនិយាយឱ្យស្រួលយល់ ខ្ញុំសុំធ្វើការប្រៀបធៀបតម្លៃដី នៅក្នុងប្រទេសកម្ពុជាយើង គឺនៅទីក្រុងភ្នំពេញ ជាមួយនឹងតម្លៃដីនៅប្រទេសថៃ ក្នុងទីក្រុងបាងកកដូចគ្នា។
នៅភ្នំពេញតម្លៃដីបានលោតថ្លៃខ្ពស់បំផុត គឺចាប់ពី១០,០០០ដុល្លារក្នុងមួយម៉េត្រការ៉េ។ នេះតួលេខដែលក្រុមហ៊ុនធ្លាប់លក់បាន នៅក្នុងតំបន់ដែលមានជនបរទេសច្រើន នៅក្នុងខណ្ឌ៧មករា ឬខណ្ឌបឹងកេងកង។ បើយើងធៀបទៅទីក្រុងបាងកក នៅប្រទេសថៃវិញ តាមរបាយការណ៍ក្រុមហ៊ុន CBRE Thailand ចុះផ្សាយដោយព័ត៌មានThe Nation តម្លៃដីនៅឧទ្យានលំភិនី និងសង្កាត់សុខុមវិត ជាទីតាំងដែលមានតម្លៃខ្ពស់ជាងគេ នៅទីក្រុងបាងកក។ តម្លៃដីនៅតំបន់នោះ បានកើនឡើងដល់ជាង៣០,០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ហើយក្នុងតំបន់សុខុមវិត តម្លៃជាង២០,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ដូចនេះយើងអាចលើកជាសំណួរថា តើតម្លៃនៅស្រុកខ្មែរ នៅតែបន្តឡើងថ្លៃឬទេ សម្រាប់ខ្ញុំគិតថា “នៅតែឡើង” នៅពេលដែលនយោបាយសន្តិភាព និងផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញនិងលើកទឹកចិត្តដល់វិនិយោគគិនក្នុងស្រុក និងបរទេស។
បើគិតជារួមវិញ ការប្រៀបធៀបតម្លៃធៀបដីនៅស្រុកខ្មែរយើង គឺនៅមានកម្រិតទាបនៅឡើយ បើធៀបទៅនឹងប្រទេសជិតខាង។ នេះខ្ញុំប្រៀបធៀបត្រឹមប្រទេសថៃ ដែលមានភូមិផងរបងជាមួយគ្នាទេ។ យើងមិនទាន់គិតដល់ប្រទេសដទៃផង។
ចំណុចទាំងអស់នេះ ជាឱកាសមួយសម្រាប់ប្រទេសខ្មែរយើង នៅពេលយើងចូលរួមអភិវឌ្ឍន៍ ចូលរួមគោរពច្បាប់ទាំងអស់គ្នា តម្លៃដីវានឹងកើនឡើងដូចគ្នា។
ជាសំណូមពរដើម្បីឱ្យយើងទាំងអស់គ្នា ក្លាយជាចំណែកធ្វើឱ្យដីឡើងថ្លៃដដែល៖
- សូមឱ្យខ្លួនយើងក្លាយជាប្រភពនៃសន្តិភាព ចូលរួមកាត់បន្ថយ ឬលុបបំបាត់ចោលទាំងស្រុង នូវជម្លោះ ទំនាស់ផ្លូវចិត្តរបស់យើង ជម្លោះទំនាស់ក្នុងគ្រួសារ សហគមន៍ ក្នុងប្រទេសទាំងមូល ចេះអធ្យាស្រ័យគ្នា ចេះចចារគ្នា ប្រកបដោយភាព ឈ្នះ ឈ្នះទាំងអស់គ្នា កុំកេងប្រវ័ញ្ច កិបកេង ឈ្លានពាន ព្រំប្រទល់របស់អ្នកជិតខាង ក៏ដូចជាចូលរួមគោរពច្បាប់របស់រាជរដ្ឋាភិបាល។
- ជួយផ្សព្វផ្សាយរឿងល្អៗ នៅក្នុងស្រុកខ្មែរយើងឱ្យបានច្រើន កុំឱ្យគេស្គាល់តាមរយៈរបបប៉ុល ពត តាមរយៈទំនាស់ដីធ្លី ដែលវាប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសយើង៕