ដោយៈ សុផារី
ភ្នំពេញៈ ខណៈផ្លូវក្រវាត់ក្រុងទី៤ មិនទាន់មានភាពច្បាស់លាស់នៅឡើយ តែងតែមានចំងល់ពីសាធារណជនសួរថា តើស្ថានភាពតម្លៃដីធ្លីនៅតាមបណ្តោយផ្លូវនេះនឹងទៅជាយ៉ាងណា?។
អ្នកជំនាញបានបញ្ជាក់ថា រហូតមកទល់ពេលនេះ សកម្មភាពអភិវឌ្ឍតំបន់ក្រវាត់ក្រុងទី៤ នៅមានកម្រិតនៅឡើយ ហើយកំពុងរង់ចាំការអភិវឌ្ឍពីសំណាក់អ្នកវិនិយោគ ដោយសារតែភាពមិនច្បាស់លាស់ នៃវិស័យសេដ្ឋកិច្ចទាំងមូល។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia កាលពីដើមសប្តាហ៍នេះថា ដោយសារស្ថានភាពអចលនទ្រព្យមិនសូវជាល្អប្រសើរខ្លាំង សព្វថ្ងៃនេះដីធ្លីនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៤នេះ នៅរង់ចាំតែការអភិវឌ្ឍតែប៉ុណ្ណោះ ដោយភាគច្រើនដីធ្លី ត្រូវបានទិញ លក់ច្រើនហើយពីអ្នកវិនិយោគក្នុងស្រុក។
លោកបន្តទៀតថា “ដោយសារផ្លូវក្រវាត់ក្រុងទី៤នេះ បម្រើឱ្យវិស័យឧស្សាហកម្មជាច្រើន ស្របពេលដែលស្ថានភាពឧស្សាហកម្ម មិនសូវល្អ ដែលនាំឱ្យមិនសូវជាមានការអភិវឌ្ឍ នៅតាមតំបន់ក្រវាត់ក្រុងទី៤នោះទេ”។ លោកបញ្ជាក់ថា “ស្ថានភាពការអភិវឌ្ឍនៅមានកម្រិត ដូច្នេះការរីកចម្រើនក៏នៅមានកម្រិតដែរ”។
អ្នកជំនាញរូបនេះលើកឡើងថា ក្នុងកំឡុងពេលនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់សំខាន់ លើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងត្រូវបានរៀបចំនៅក្នុងឆ្នាំ២០២៣ខាងមុខ និងការស្តារឡើងវិញនៃវិស័យទេសចរណ៍ និងការត្រលប់មកវិញនៃទេសចរបរទេស ក្រោយវិបត្តិជំងឺកូវីដ១៩។
ផ្លូវក្រវាត់ក្រុងទី៤ ត្រូវបានសិក្សាចប់សព្វគ្រប់ នៅក្នុងឆ្នាំ២០២០ បន្ទាប់ពីការសិក្សានេះ បានដំណើរអស់រយៈពេលប្រមាណ២ឆ្នាំ ពោលគឺបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៨មកម្ល៉េះ។ តាមការសិក្សាគម្រោងផ្លូវក្រវាត់ក្រុងទី៤ សាងសង់ឆ្លងកាត់ខេត្ដចំនួន៤ រួមមាន កំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុកផងដែរ។
ផ្លូវក្រវាត់ក្រុងទី៤នេះ ត្រូវបានមើលឃើញថា នឹងចូលរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត៕