ដោយ៖ សុផារី
ភ្នំពេញ៖ ខណៈផ្នែកផ្សេងៗនៃវិស័យអចលនទ្រព្យប្រឈមភាពមិនប្រកដប្រជា អ្នកជំនាញសង្គេតឃើញថា ទីផ្សារជួលហាក់បន្តមានភាពល្អប្រសើរ ដែលគាំទ្រដោយការងើបឡើងវិញ នៃសកម្មភាពអាជីវកម្ម និងការបន្តពង្រីកសាខាថ្មីៗនៃក្រុមហ៊ុនទាំងនោះ។
លោក ឌិត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Lucky Realty បានមានប្រសាសន៍ថា ទីផ្សារជួលទីតាំងអាជីវកម្មក្នុងក្រុងភ្នំពេញទទួលការពេញនិយមច្រើនពីសំណាក់ក្រុមអតិថិជនចំនួនពីរប្រភេទ គឺ ម៉ាកយីហោល្បីៗ និងធនាគារ។
លោកបានឱ្យដឹងថា ទីផ្សារជួលទទួលបានការគាំទ្រពីសំណាក់ការពង្រីកនៃហាងម៉ាកយីហោល្បីៗ ទាំងក្នុងស្រុក និងបរទេស។ ក្រុមអតិថិជនប្រភេទម៉ាកយីហោនេះភាគច្រើននិយមស្វែងរកទីតាំងណា ដែលជាប់នៅផ្លូវធំៗ ជាពិសេសទីតាំងកែងនឹងផ្លូវតែម្តង។
លោកបញ្ជាក់ថា “ការជួលនៅតែមានតម្រូវការ អតិថិជនដែលជួលនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ គឺហាងលក់ទំនិញប្រេនល្បីៗ ។ យើងឃើញថា ហាងប្រេនៗនៅតែពង្រីកសាខារបស់ខ្លួន។ ឱ្យតែទីតាំងល្អ នៅតំបន់ផ្លូវកែង កាត់ផ្លូវធំៗ ជាទីតាំងគោលដៅរបស់ពួកគាត់។ ម៉ាកយីហោចំណីអាហារ សម្លៀកបំពាក់ ហាងកាហ្វេ ហាងលក់ទំនិញធំៗ ឃើញមានសាខាច្រើន ហើយពង្រីកគ្រប់កន្លែង។ ឧទាហរណ៍ដូចជា ហាង Zando ហាង Papa John’s ហាង Pizza Hut ជាដើម”។
លោកបានបញ្ជាក់បន្តថា ក្រុមអតិថិជនទី២ គឺ ក្រុមធនាគារ ដែលពង្រីកច្រើនសាខាច្រើនគួរឱ្យកត់សម្គាល់។ លោកថា អ្នកវិនិយោគលើទីផ្សារនេះគួរពិនិត្យមើលទីតាំងជាក់លាក់ណាមួយ ដែលមានសក្តានុពលពិតប្រាកដមុននឹងបោះទុនវិនិយោគ សម្រាប់ដាក់ជួលឱ្យធនាគារ។
អ្នកនាង ជិន ដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា គម្រោងដែលត្រូវបានពង្រីកក្នុងត្រីមាសកន្លងមក ដែលក្រុមហ៊ុនបានសិក្សាភាគច្រើនជា ស្លាកយីហោអាហារ និងភេសជ្ជៈ សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិច និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ផ្សារទំនើបតូចៗ និងទាក់ទងនឹងគ្រឿងសំអាង ជាដើម។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២នេះ
របាយការណ៍ដដែលឱ្យដឹងថា គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ មានស្លាកយីហោជាង៦២បានពង្រីកសាខារបស់ខ្លួនបន្ថែមទៀត ខណៈស្លាកយីហោចំនួន១០ថ្មីៗបានឈានជើងចូលមកកាន់ទីផ្សារកម្ពុជា ដូចជា Addidas Krispy Kreme H&M Starbuck The Pizza Company ជាដើម៕