ទីផ្សារជួលទីតាំងអាជីវកម្មក្នុងក្រុងភ្នំពេញទទួលការពេញនិយមច្រើនពីសំណាក់ម៉ាកយីហោល្បីៗ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ខណៈផ្នែកផ្សេងៗនៃវិស័យអចលនទ្រព្យប្រឈមភាពមិនប្រកដប្រជា អ្នកជំនាញសង្គេតឃើញថា ទីផ្សារជួលហាក់បន្តមានភាពល្អប្រសើរ ដែលគាំទ្រដោយការងើបឡើងវិញ នៃសកម្មភាពអាជីវកម្ម និងការបន្តពង្រីកសាខាថ្មីៗនៃក្រុមហ៊ុនទាំងនោះ។

លោក ឌិត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Lucky Realty បានមានប្រសាសន៍ថា ទីផ្សារជួលទីតាំងអាជីវកម្មក្នុងក្រុងភ្នំពេញទទួលការពេញនិយមច្រើនពីសំណាក់ក្រុមអតិថិជនចំនួនពីរប្រភេទ គឺ ម៉ាកយីហោល្បីៗ និងធនាគារ។

លោកបានឱ្យដឹងថា ទីផ្សារជួលទទួលបានការគាំទ្រពីសំណាក់ការពង្រីកនៃហាងម៉ាកយីហោល្បីៗ ទាំងក្នុងស្រុក និងបរទេស។ ក្រុមអតិថិជនប្រភេទម៉ាកយីហោនេះភាគច្រើននិយមស្វែងរកទីតាំងណា ដែលជាប់នៅផ្លូវធំៗ ជាពិសេសទីតាំងកែងនឹងផ្លូវតែម្តង។

លោកបញ្ជាក់ថា “ការជួលនៅតែមានតម្រូវការ អតិថិជនដែលជួលនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ គឺហាងលក់ទំនិញប្រេនល្បីៗ ។ យើងឃើញថា ហាងប្រេនៗនៅតែពង្រីកសាខារបស់ខ្លួន។ ឱ្យតែទីតាំងល្អ នៅតំបន់ផ្លូវកែង កាត់ផ្លូវធំៗ ជាទីតាំងគោលដៅរបស់ពួកគាត់។ ម៉ាកយីហោចំណីអាហារ សម្លៀកបំពាក់ ហាងកាហ្វេ ហាងលក់ទំនិញធំៗ ឃើញមានសាខាច្រើន ហើយពង្រីកគ្រប់កន្លែង។ ឧទាហរណ៍ដូចជា ហាង Zando ហាង Papa John’s ហាង Pizza Hut ជាដើម”។

លោកបានបញ្ជាក់បន្តថា ក្រុមអតិថិជនទី២ គឺ ក្រុមធនាគារ ដែលពង្រីកច្រើនសាខាច្រើនគួរឱ្យកត់សម្គាល់។ លោកថា អ្នកវិនិយោគលើទីផ្សារនេះគួរពិនិត្យមើលទីតាំងជាក់លាក់ណាមួយ ដែលមានសក្តានុពលពិតប្រាកដមុននឹងបោះទុនវិនិយោគ សម្រាប់ដាក់ជួលឱ្យធនាគារ។

អ្នកនាង ជិន ដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា គម្រោងដែលត្រូវបានពង្រីកក្នុងត្រីមាសកន្លងមក ដែលក្រុមហ៊ុនបានសិក្សាភាគច្រើនជា ស្លាកយីហោអាហារ និងភេសជ្ជៈ សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិច និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ផ្សារទំនើបតូចៗ និងទាក់ទងនឹងគ្រឿងសំអាង ជាដើម។

យោងតាមរបាយការណ៍​របស់​ក្រុមហ៊ុន​អចលន​ទ្រព្យ CBRE Cambodia ដែល​ចេញ​ផ្សាយ​កាល​ពីពេលថ្មីៗនេះ ​បានឱ្យដឹង​ថា នៅក្នុង​ត្រីមាសទី៣ នៃឆ្នាំ​២០២២នេះ

របាយការណ៍ដដែលឱ្យដឹងថា គិត​ត្រឹម​ដំណាច់​ត្រីមាសទី៣ ឆ្នាំ​២០២២ ​ក្នុង​រាជធានី​ភ្នំពេញ មានស្លាកយីហោជាង៦២បានពង្រីកសាខារបស់ខ្លួនបន្ថែមទៀត ខណៈស្លាកយីហោចំនួន១០ថ្មីៗបានឈានជើងចូលមកកាន់ទីផ្សារកម្ពុជា ដូចជា Addidas Krispy Kreme H&M Starbuck The Pizza Company ជាដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here