រដ្ឋាភិបាលជ្រើសរើសគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៦ជាអាទិភាព ក្នុងនោះក៏មានគំរោងជីកព្រែកពីទន្លេបសាក់ ទៅកាន់ខេត្តកែប

0

ដោយៈ សុផារី

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុក ក្នុងការជំរុញការកសាង ហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ទាំងគម្រោងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។ ក្នុងនោះ គម្រោងធំៗចំនួន៦ត្រូវបានដាក់ជាអាទិភាពក្នុងការអភិវឌ្ឍនាពេលបច្ចប្បន្ន។

លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម ក្រសួ​ងសាធារណការ និងដឹកជញ្ជូន និងជាប្រធានឧត្ដមមន្ត្រីដឹកជញ្ជូនកម្ពុជា បានមានប្រសាសន៍ នៅក្នុងកិច្ចពិភាក្សាមួយដែលរៀបចំ ដោយក្រុមហ៊ុន CBRE កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ថា គម្រោងធំៗចំនួន៦ ត្រូវបានដាក់ចេញជាអាទិភាព នៅក្នុងផែនការមេនៃការអភិវឌ្ឍប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។

គម្រោងទី១ គឺ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត ដែលគ្រោងនឹងសាងសង់នៅពាក់កណ្តាល ឆ្នាំ២០២៣ខាងមុខនេះ។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាគម្រោងផ្លូវល្បឿនលឿនទី២របស់កម្ពុជា ជាផ្លូវថ្មីទាំង​ស្រុងប្រវែងសរុប១៣៨គីឡូម៉ែត្រ។ ផ្លូវមួយខ្សែនេះ នឹងចាប់ផ្ដើមចេញពីភ្នំពេញនៅចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្ត កណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាមតែម្ដង។

គម្រោងទី២ គឺ គម្រោងកែលម្អប្រព័ន្ធផ្លូវដែក ដែលមានស្រាប់នៅកម្ពុជា ឱ្យក្លាយជាផ្លូវដែកល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងទៅខេត្តព្រះសីហនុ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូននៅកម្ពុជា ស្របពេលកម្ពុជានិងប្រទេសថៃ កំពុងសិក្សាលើគម្រោងសាងសង់រចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន និងស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន ដើម្បីជួយសម្រួលដល់ការកកស្ទះ នៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត។

គម្រោងទី៣ គឺ គម្រោងសិក្សាជីកព្រែកតភ្ជាប់ផ្លូវទឹក ពីទន្លេបាសាក់ទៅសមុទ្រកែប មានចម្ងាយជាង១៦០គីឡូម៉ែត្រនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនទំនិញ និងទេសចរណ៍តាមផ្លូវទឹក ដោយមិនចាំបាច់ឆ្លងកាត់តាមប្រទេសវៀតណាម។

គម្រោងទី៤ គឺ គម្រោងវិនិយោគអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណង ដែលប្រើទុនវិនិយោគសរុបប្រមាណ១៥០០លានដុល្លារអាមេរិក ដែលមានតួនាទីក្នុងការលើកដាក់ ផ្ទេរ ទំនិញចេញ-ចូល ទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងនាំមកនូវភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ ដល់ពាណិជ្ជករ និងអ្នកវិនិយោគ នៅក្នុងការនាំចេញផលិតផលកសិ​កម្ម ឧស្សាហកម្ម និងនេសាទ ទៅលក់នៅទីផ្សារនៅក្នុងតំបន់ និងពិភពលោក។

គម្រោងទី៥ គឺ គម្រោងផ្លូវជាតិលេខ៥៤C តភ្ជាប់ខេត្តសៀមរាប ទៅកាន់ខេត្តបាត់ដំបង ដែលផ្លូវនេះនឹងជួយសម្រួល ការធ្វើដំណើរបានចំនួនប្រហែល៨០គីឡូម៉ែត្រ និងកាត់បន្ថយថ្លៃចំណាយឡូជីស្ទិក។

គម្រោងទី៦ គឺ គម្រោងផ្លូវជាតិលេខ៥០C តភ្ជាប់ខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ ដែលមានប្រវែង៥៣គីឡូម៉ែត ឆ្លងកាត់វាលទំនាបតំបន់បឹងទន្លេសាប ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦ នៃខេត្តកំពង់ធំ ទៅកាន់ទីរួមខេត្តកំពង់ឆ្នាំង ហើយជាផ្លូវប្រវត្តិសាស្ត្រ មិនធ្លាប់មានហើយឆ្លងកាត់កណ្តាលប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here