ដោយៈ សុផារី
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុក ក្នុងការជំរុញការកសាង ហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ទាំងគម្រោងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។ ក្នុងនោះ គម្រោងធំៗចំនួន៦ត្រូវបានដាក់ជាអាទិភាពក្នុងការអភិវឌ្ឍនាពេលបច្ចប្បន្ន។
លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានឧត្ដមមន្ត្រីដឹកជញ្ជូនកម្ពុជា បានមានប្រសាសន៍ នៅក្នុងកិច្ចពិភាក្សាមួយដែលរៀបចំ ដោយក្រុមហ៊ុន CBRE កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ថា គម្រោងធំៗចំនួន៦ ត្រូវបានដាក់ចេញជាអាទិភាព នៅក្នុងផែនការមេនៃការអភិវឌ្ឍប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
គម្រោងទី១ គឺ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត ដែលគ្រោងនឹងសាងសង់នៅពាក់កណ្តាល ឆ្នាំ២០២៣ខាងមុខនេះ។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាគម្រោងផ្លូវល្បឿនលឿនទី២របស់កម្ពុជា ជាផ្លូវថ្មីទាំងស្រុងប្រវែងសរុប១៣៨គីឡូម៉ែត្រ។ ផ្លូវមួយខ្សែនេះ នឹងចាប់ផ្ដើមចេញពីភ្នំពេញនៅចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្ត កណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាមតែម្ដង។
គម្រោងទី២ គឺ គម្រោងកែលម្អប្រព័ន្ធផ្លូវដែក ដែលមានស្រាប់នៅកម្ពុជា ឱ្យក្លាយជាផ្លូវដែកល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងទៅខេត្តព្រះសីហនុ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូននៅកម្ពុជា ស្របពេលកម្ពុជានិងប្រទេសថៃ កំពុងសិក្សាលើគម្រោងសាងសង់រចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន និងស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន ដើម្បីជួយសម្រួលដល់ការកកស្ទះ នៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត។
គម្រោងទី៣ គឺ គម្រោងសិក្សាជីកព្រែកតភ្ជាប់ផ្លូវទឹក ពីទន្លេបាសាក់ទៅសមុទ្រកែប មានចម្ងាយជាង១៦០គីឡូម៉ែត្រនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនទំនិញ និងទេសចរណ៍តាមផ្លូវទឹក ដោយមិនចាំបាច់ឆ្លងកាត់តាមប្រទេសវៀតណាម។
គម្រោងទី៤ គឺ គម្រោងវិនិយោគអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណង ដែលប្រើទុនវិនិយោគសរុបប្រមាណ១៥០០លានដុល្លារអាមេរិក ដែលមានតួនាទីក្នុងការលើកដាក់ ផ្ទេរ ទំនិញចេញ-ចូល ទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងនាំមកនូវភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ ដល់ពាណិជ្ជករ និងអ្នកវិនិយោគ នៅក្នុងការនាំចេញផលិតផលកសិកម្ម ឧស្សាហកម្ម និងនេសាទ ទៅលក់នៅទីផ្សារនៅក្នុងតំបន់ និងពិភពលោក។
គម្រោងទី៥ គឺ គម្រោងផ្លូវជាតិលេខ៥៤C តភ្ជាប់ខេត្តសៀមរាប ទៅកាន់ខេត្តបាត់ដំបង ដែលផ្លូវនេះនឹងជួយសម្រួល ការធ្វើដំណើរបានចំនួនប្រហែល៨០គីឡូម៉ែត្រ និងកាត់បន្ថយថ្លៃចំណាយឡូជីស្ទិក។
គម្រោងទី៦ គឺ គម្រោងផ្លូវជាតិលេខ៥០C តភ្ជាប់ខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ ដែលមានប្រវែង៥៣គីឡូម៉ែត ឆ្លងកាត់វាលទំនាបតំបន់បឹងទន្លេសាប ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦ នៃខេត្តកំពង់ធំ ទៅកាន់ទីរួមខេត្តកំពង់ឆ្នាំង ហើយជាផ្លូវប្រវត្តិសាស្ត្រ មិនធ្លាប់មានហើយឆ្លងកាត់កណ្តាលប្រទេសកម្ពុជា៕