ភ្នំពេញៈ រយៈពេលថ្មីៗនេះ គេសង្កេតឃើញថាបុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំ និងឈានមុខគេមួយក្នុងប្រទេសកម្ពុជាបានចាប់ផ្ដើម សកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគម្រោងផ្ទាល់កាន់តែច្រើនឡើង ដូចជា ការសាងសង់ផ្លូវក្រាលកៅស៊ូ ចាក់បេទីម និងការដាំដើមឈើអមដងមហាវិថី និងសួនធំៗជាដើម។
ទន្ទឹមនឹងនេះដែរ ការរៀបចំប្រព័ន្ធបង្ហូរកាកសំណល់ ក៏ជារឿងដ៏សំខាន់ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។ ដូច្នេះក្រៅពីការអភិវឌ្ឍម៉ូដផ្ទះទាន់សម័យ និងសម្បូរបែបសម្រាប់អតិថិជន បុរី ប៉េង ហួត ក៏បានគិតគូ កាន់តែលម្អិតចំពោះការរៀបចំ និងគ្រប់គ្រងប្រព័ន្ធលូនៅគ្រប់គម្រោង។
លោក បឿន ចាន់រឹក អនុប្រធានផ្នែករចនាប្លង់ទឹកនៃក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍ថា “បុរី ប៉េង ហួត តែងតែប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រលើកកម្ពស់ផាសុកភាព និងភាពសុខដុមរមនាដល់អតិថិជន តាំងពីសំណង់ផ្ទះ ការរៀបចំសួនច្បារ កន្លែងកម្សាន្ត ជាពិសេសការរៀបចំប្រព័ន្ធទឹកនិងលូ ដោយយើងបានគោរពតាមស្តង់ដារបច្ចេកទេស ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីផ្ដល់ភាពងាយស្រួល ហើយធានាបាននូវនិរន្តរភាពក្នុងការរស់នៅរបស់អតិថិជន”។
លោកបានបញ្ជាក់ថា “ការរៀបចំ និងគ្រប់គ្រងប្រព័ន្ធបង្ហូរទឹក និងកាកសំណល់របស់យើងគឺមានការយកចិត្តទុកដាក់ និងមានបច្ចេកទេសខ្ពស់។ បានន័យថា យើងមិនមែនផ្ដោតតែលើទំហំនៃលូ ដែលបានដាក់ប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែការតភ្ជាប់លូមួយកង់ៗគឺធ្វើតាមបច្ចេកទេសស្តង់ដារត្រឹមត្រូវ ដើម្បីធានាបានថាមិនមានការលិចធ្លាយ ឬខូចគុណភាព”។
តាមការរៀបរាប់បន្ថែម លោក បឿន ចាន់រឹក បានលើកឡើងអំពីគុណសម្បត្តិនៃការរៀបចំប្រព័ន្ធលូ ដែលមានទំហំធំបែបនេះមានបីចំណុចដូចជា ទី1 គឺមានប្រព័ន្ធសុវត្ថិភាពមួយ ដើម្បីរំដោះទឹកដែលហូរចេញពីគេហដ្ឋានរបស់អតិថិជន ឬទឹកភ្លៀង ធានាបានថាក្នុងគម្រោងបុរី ប៉េង ហួត ទាំងមូល នឹងមិនជួបប្រទះបញ្ហាលិចទឹក។ ទី2 ងាយស្រួលក្នុងការថែទាំ និងជួសជុលនាពេលអនាគត និងទី3 គឺដើម្បីងាយស្រួល ក្នុងការតភ្ជាប់ប្រព័ន្ធបង្ហូរទឹកនិងកាកសំណល់ ក្នុងករណីមានការពង្រីកគម្រោងថ្មីៗបន្ថែមទៀត។
បុរី ប៉េង ហួត បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពថែរក្សាបរិស្ថានជាច្រើនរួចមកហើយ និងបានទទួលប័ណ្ណសរសើរមេត្រីភាពបរិស្ថាន ពីក្រសួងបរិស្ថានកាលពីពេលថ្មីៗនេះ។
ក្រៅពីនេះ ក្រុមហ៊ុនបានចូលរួម ក្នុងសកម្មភាពជាច្រើនទៀត ដូចជា ទិវាសម្អាតពិភពលោកនៅកម្ពុជា ទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក សហការជាមួយក្រសួងបរិស្ថាន ចុះផ្សព្វផ្សាយអំពីការបែងចែក និងរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ឧបត្ថម្ភរថយន្តបោសសំរាមដល់អាជ្ញាធរមូលដ្ឋានក្នុងការសម្អាតទីក្រុងភ្នំពេញ ចូលរួមកម្មវិធីប្រមូលសំណល់ប្លាស្ទិកនៅតាមបឹងទន្លេសាប នារដូវទឹកសម្រក ក៏ដូចជាបានចូលរួមរៀបចំកម្មវិធីដាំដើមឈើ។ល៕